ក្រចេះ ៖ រថយន្តបែនដឹកដី១គ្រឿង អត់ហ្រ្វាំងបើកបុកជាមួយ រថយន្តហាយឡែនឌ័រពេញទំហឹង នាំឲ្យកក ស្ទះចរាចរណ៍ជាងមួយម៉ោង នៅចំណុចលើស្ពានព្រែកទេ ស្ថិតនៅក្នុងភូមិរកាកណ្តាល សង្កាត់រកា កណ្តាល ក្រុងក្រចេះ កាលពីសៀលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៣ ។

ប្រភពព័ត៌មាន ពីកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តម៉ាកហាយឡែនឌ័រ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2U-7711 បើកបរដោយលោក ម៉ុក ពន្លក នាយរងខណ្ឌរដ្ឋបាលជលផលក្រចេះ បើកបរពីត្បូង ទៅជើង ។ លុះដល់ជាងពាក់កណ្តាលស្ពាន មានរថយន្តបែនចំណុះ២តោនកន្លះ បើកបរបញ្ច្រាសទិសគ្នា បានជ្រុលទៅបុករថយន្ត ហាយឡែនឌ័រចំពីមុខពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ រីឯ មនុស្សរងរបួសស្រាល ។

នេះបើតាមប្រភពខាងភាគី រថយន្តបែនបានឲ្យដឹងថា មូលហេតុនៃការបង្កគ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលមកពីរថយន្តដាច់ហ្រ្វាំង ទើបជ្រុលទៅបុកនឹងរថយន្តហាយឡែនឌ័រ ចំពីមុខបែក ពោងសុវត្ថិភាព និងផ្ទុះធុងទឹក ។

បច្ចុប្បន្ន រថយន្តទាំងពីរគ្រឿង ត្រូវបានសមត្ថកិច្ច នាំយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តក្រចេះ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាតាមច្បាប់ ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]