ភ្នំពេញៈ កន្លងមកធ្លាប់មាន ព័ត៌មានលេចឮបន្តគ្នា ពីមាត់មួយទៅមាត់មួយថា តារាសម្តែង លោក ឡុង ប៊ុនហេង មានទំនាក់ទំនង ស្នេហាក្រៅឆាក ជាមួយតារាសម្តែងស្រី ព្រះកាយច័ន្ទ ស្ងាត់ៗ ដោយព័ត៌មាននេះ មិនទាន់មានអ្នកណាម្នាក់ ក្នុងចំណោម ពួកគេទាំងពីរនាក់ ចេញមុខមកបកស្រាយ ពាក់ព័ន្ធរឿងនេះឡើយ ។

ក្នុងជំនួបដោយផ្ទាល់ ក្នុងកម្មវិធី “តារាក្នុងដួងចិត្តខ្ញុំ” របស់ស្ថានីយវិទ្យុដើមអម្ពិល FM 93.75 មេហ្គាហឺតជាមួយ លោក ឡុង ប៊ុនហេង នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៣នេះ លោកបាននិយាយទទួលស្គាល់ថា កន្លងមកលោកធ្លាប់ មានពាក្យចចាមអារ៉ាម ស្នេហា ក្រៅឆាកជាមួយ កញ្ញា ព្រះកាយច័ន្ទ ដោយសារតែលោក និងនាងមានភាពសិ្នទ្ធស្នាល ឧស្សាហ៍ទៅ ណាមកណាជាមួយគ្នា ដូច្នេះហើយ បានជាធ្វើឲ្យគេ មានការសង្ស័យបែបនេះ ។

តារាសម្តែងល្បីឈ្មោះគួរសម មាឌធំរូបសង្ហារូបនេះ បានប្រាប់ឲ្យដឹងទៀតថា "កន្លងមកធ្លាប់មាន សារព័ត៌មានក្នុង ស្រុកចុះផ្សាយថាខ្ញុំ និង ព្រះកាយច័ន្ទ មានស្នេហាក្រៅឆាកជាមួយគ្នា ខ្ញុំមិនប្រកែកទេថា ខ្ញុំមិនមានទំនាក់ទំនងស្ នេហាក្រៅឆាក ជាមួយគ្នានោះ តាមពិតទៅ ខ្ញុំមានស្នេហា លួចលាក់ជាមួយគ្នាមែន តែមិនមែនជារឿងពិតទេ គ្រាន់តែជា សាច់រឿងសម្តែង ក្នុងរឿង“ទុកក្រមុំឲ្យម៉ែមើល” តែប៉ុណ្ណោះ..."។

តារាម៉ូដែលប្រចាំក្រុម បង្ហាញម៉ូដ Pop Model មានស្រុកកំណើត នៅខេត្តស្ទឹងត្រែង រូបនេះ ក៏បានអួតសរសើពី ព្រះកាយច័ន្ទ ថែមទៀតផងថា នាងគឺជាមនុស្សស្រីស្លូតបូត សុភាពរាបសារ គួរឲ្យស្រឡាញ់ មិនដូចអត្តចរិកក្នុងការសម្តែង ខ្សែភាពយន្តទេ "ខ្ញុំស្រឡាញ់ចូលចិត្តនាង ដូចប្អូនស្រី ទើបពួកខ្ញុំឧស្សាហ៍ ទៅណាមកណាជាមួយគ្នា។ មួយទៀត ពួកខ្ញុំភាគច្រើន ថតរឿងជាមួយគ្នា ទើបត្រូវធ្វើដំណើររួមគ្នា ធ្វើឲ្យគេយល់ច្រឡំថា ខ្ញុំទាំងពីរនាក់ស្រឡាញ់គ្នាតែម្តងទៅ"។

លោក ឡុង ប៊ុនហេង បានប្រាប់បន្ថែមទៀតថា "ខ្ញុំសង្ឃឹមថា ក្រោយពីខ្ញុំបកស្រាយ រឿងនេះតាមរយៈវិទ្យុដើមអម្ពិល ហើយនិងធ្វើ ឲ្យទស្សនិកជន លែងយល់ច្រឡំ រវាងទំនាក់ទំនងពួកខ្ញុំ ទាំងពីរនាក់ទៀតហើយ..."។

សូមជម្រាបផងដែរ តារាសម្តែងលោក ឡុង ប៊ុនហេង បានចូលប្រឡូក ក្នុងវិស័យសិល្បៈ រយៈពេលជិត២ឆ្នាំ ដោយលោក មានឱកាស បានថតរឿង ជាច្រើនដូចជារឿង “សង្សារខ្ញុំអាប, កំលោះឡឺកឺ ,ភ្លើងព្យាបាទ ,ពេជ្រក្នុងបេះដូង ,លងម៉ាឆ្ងាញ់ ,ទុកក្រមុំឲ្យម៉ែមើល” និងថតកាយវិការខារ៉ាអូខេ ជាច្រើនឲ្យផលិតកម្ម  ល្បីឈ្មោះជាច្រើនដូចជា រស្មីហង្សមាស ផលិតកម្មសាន់ដេ និង ផលិតកម្ម Big Man ជាដើម៕






ដោយៈLookingTODAY

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ព្រះកាយច័ន្ទ