កាលពីយប់អាធ្រាតម្សិលមិញ នៅពហុកីឡាដ្ឋាន Eden Arena របស់សាធារណរដ្ឋឆែក បានបើកទ្វារស្វាគមន៍ ការប្រកួតរវាង ក្រុមជើងឯកក្របខ័ណ្ឌ យូហ្វាឆែមពានលីក Bayern Munich របស់ប្រទេសអាឡឺម៉ង់ ប៉ះជាមួយនឹង ក្រុមជើងឯកក្របខ័ណ្ឌ យូហ្វាយូរូប៉ាលីក ក្រុមតោខៀវ Chelsea របស់ចក្រភពអង់គ្លេស ដើម្បីប្រកួតដណ្តើម ពានរង្វាន់កំពូលប្រចាំទ្វីបអឺរ៉ុប ពោលគឺ ពានរង្វាន់ យូហ្វា ស៊ុបភើខាប់ (Uefa Super Cup) ។

ការប្រកួតបានតែ ៨នាទីប៉ុណ្ណោះ កីឡាករខ្សែប្រយុទ្ធជម្រើសជាតិអេស៉្បាញ Fernando Torres បានស៊ុតបញ្ចូលទី ធ្វើឲ្យ ក្រុមតោខៀវ Chelsea នាំមុខ ក្រុម Bayern Munich ក្នុងលទ្ធផលបណ្តោះអាសន្ន ១ទល់នឹង០ ក្នុងតង់ទីមួយ។ ឈានចូលមកដល់ តង់ទីពីរមិនយូរប៉ុន្មានផង កីឡាករមុខចាស់អាយុក្មេង Frank Ribery របស់ Bayern បានស៊ុនបញ្ចូលទី ជួយឲ្យ ក្រុម Bayern Munich តាមស្មើបាន ក្នុងនាទី ទី៤៧។ ការប្រកួតដ៏ស្វិតស្វាញបានអូសបន្លាយ រហូតដល់ចប់ការប្រកួត ៩០នាទី ដោយក្រុមទាំងពីរ យកស្មើគ្នាក្នុងលទ្ធផល ១ទល់់នឹង១ ប៉ុន្តែ ក្រុម Chelsea បានបាត់បង់កីឡាករមួយរូប គឺ កីឡាករ Ramires ដោយសារតែ ទទួលបានកាតលឿងចំនួន២ដង ក្នុងនាទី ទី៨៥។

ឈានចូលមកការប្រកួតថែមម៉ោង ក្រុម Chelsea ក៏នាំមុខ ក្រុម Bayern Munich ជាថ្មីម្តងទៀត ដោយសារថ្វីជើង របស់ កីឡាករ ខ្សែបម្រើ ជម្រើសជាតិបែលស៊ិច Eden Hazard ក្នុងនាទី ទី៩៣។ លុះការប្រកួតថែមម៉ោងទាំងពីរតង់ ជិតនឹងបញ្ចប់ទៅហើយ ក្តីស្រមៃ របស់ ក្រុម Chelsea បានរលាយបាត់យ៉ាងគួរឲ្យសោកស្តាយ ដោយសារតែការស៊ុតបញ្ចូលទី របស់កីឡាករ Martinez ក្នុងនាទីបន្ថែម ១២០បូក១ ទៅហើយ ធ្វើឲ្យក្រុមទាំងពីរ បញ្ចប់ក្នុងលទ្ធផល ២ទល់នឹង២។

ដោយសារតែក្រុមទាំងពីរ ប្រកួតស្មើគ្នា ទាំង ៩០នាទី និងម៉ោងបន្ថែម ការប្រកួតត្រូវសម្រេចចាញ់ឈ្នះ ដោយការស៊ុតបាល់ពិន័យ ១១ម៉ែត្រ។ ក្នុងនោះ ការស៊ុតបាល់ពិន័យ ១១ម៉ែត្រ ទាំង ៤គ្រាប់ របស់ក្រុមទាំងពីរ គឺស៊ុតបញ្ចូលទីបានយ៉ាងល្អឥតខ្ចោះ ដោយអ្នកចាំទី របស់ក្រុមទាំងពីរ មិនអាចជួយសង្គ្រោះ បានមួយគ្រាប់សោះឡើយ។ លុះចូលមកដល់ ការស៊ុតបាល់ពិន័យ ១១ម៉ែត្រ គ្រាប់ទី៥ ក្រុម តោខៀវ Chelsea ត្រូវបរាជជ័យយ៉ាងអាម៉ាស់មុខ ក្រោមថ្វីជើងមិនអាចស៊ុតបញ្ចូលទី របស់កីឡាករខ្សែប្រយុទ្ធ ទើបតែដូរចូល Lukaku ធ្វើឲ្យ ក្រុម Bayern Munich របស់គ្រូបង្វឹកថ្មី លោក Pep Guardiola ឈ្នះ ពានរង្វាន់ យូហ្វាស៊ុបភើខាប់ ដំបូងបង្អស់របស់ខ្លួន។

គួរបញ្ជាក់ផងដែរថា នេះជាការប្រកួតសងសឹកបានសម្រេច របស់ក្រុម Bayern Munich ទៅលើ ក្រុម Chelsea ដោយសារតែ ក្រុម Bayern Munich ធ្លាប់ប្រកួតចាញ់ ក្រុម Chelsea ក្នុងការប្រកួតផ្តាច់ព្រ័ត្រ ពានរង្វាន់ យូហ្វាឆែមពានលីក រដូវកាល ២០១១ - ២០១២ ដោយលទ្ធផល ៤ទល់នឹង៣ កន្លងទៅនេះ។










តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះការប្រកួតនេះ? សូមកុំភ្លេចចូលរួមលេងល្បែង ស្តេចទាយបាល់ របស់ខ្មែរឡូតទាំងអស់គ្នា!

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]