ពេលវេលាដែលប្រិយមិត្ត និមយគាំទ្រវិស័យកីឡា បាល់ទាត់ បានមកដល់មកហើយ ក្រុមជើងខ្លាំងទាំង ៣២ក្រុម មកពី គ្រប់តំបន់នៅទ្វីបអឺរ៉ុប ត្រូវបានធ្វើការបែងចែកគ្នា តាមពូលចំនួន ៨ រួចមកហើយ កាលពីពាក់កណ្តាលយប់ម្សិលមិញ ក្នុងព្រឹត្តិការណ៍បាល់ទាត់ លំដាប់កំពូលរបស់ទ្វីបអឺរ៉ុប គឺ ក្របខ័ណ្ឌ យូហ្វា ឆែមពានលីក។

ក្រោយការផ្សងសំណាង បែងចែកពូលគ្នា ប្រមាណជាជិត ៣ម៉ោងនោះ ក្រុមជើងខ្លាំងទាំង ៣២ក្រុម មកពីបណ្តាប្រទេស នាទ្វីបអឺរ៉ុប បានឈរនៅក្នុង ពូលរបស់ខ្លួនរៀងខ្លួន ដោយ ក្នុងមួយពូល ត្រូវមានក្រុមបាល់ទាត់ ចម្រុះប្រទេស ពោលគឺមិនអាចមានក្រុមដែលមកពី ប្រទេសតែមួយបានទេ។

គួរបញ្ជាក់ផងដែរថា ក្នុងពូលនិមួយៗដែលមាន ៤ក្រុមជាសមាជិកនោះ ត្រូវប្រកួត ដោះដូរទឹកដីគ្នាទៅវិញទៅមក សរុប ៦ប្រកួត ដើម្បីជម្រុះយក តែ ២ក្រុមប៉ុណ្ណោះ ដើម្បីឆ្លងចូលវគ្គបន្ទាប់។ ដូចនេះ ខ្មែរឡូត នឹងសង្ខេប តារាងពូលទាំង ៨ ជូនប្រិយមិត្តនិមយគាំទ្រវិស័យកីឡាបាល់ទាត់ ដូចខាងក្រោម៖




ពូល A


ក្នុងពូលនេះ ជើងឯក ពានរង្វាន់៣សម័យកាល មែនឆេស្ទ័រ យូណាយធីត ត្រូវបានអ្នកវិភាគគិតថា អាចឆ្លងកាត់ វគ្គ ជម្រុះក្នុងពូលនេះ បានដោយងាយ ដោយសារតែ ក្លឹបនេះ មានបទពិសោធន៍ច្រើន ក្នុងក្របខ័ណ្ឌនេះ និងជាជើងឯក ពានរង្វាន់ English Premier League រដូវ២០១២ - ២០១៣ ក្នុងប្រទេសអង់គ្លេស ទៀតផង។

ពូល B


ក្នុងពូលនេះ មានក្រុមចំនួន ២ ដែលទទួលបានការចាប់អារម្មណ៍ជាងគេ ដូចជា ក្រុមយក្សស Real Madrid ជើងឯករង La Liga BBVA របស់ប្រទេសអេស៉្បាញ និង ក្រុមសេះបង្កង Juventus ជើងឯកពានរង្វាន់ Seria A របស់ប្រទេស អ៊ីតាលី។

ពូល C


ក្រុមទាំងបួននេះ សុទ្ធតែមានសុទិដ្ឋិនិយមថា ក្រុមរបស់ខ្លួនអាចឆ្លងកាត់ ការប្រកួតជម្រុះក្នុងពូលនេះ រៀងៗខ្លួន ប៉ុន្តែក្លឹបអ្នកចាយលុយ Paris Saint-Germain ទំនងជាអាចឆ្លងទៅវគ្គបន្ទាប់បានដោយងាយ ព្រោះក្លឹបខ្លួនសម្បូរធនធាន សម្រាប់ចំនាយទៅលើ ការបំពាក់បំប៉ន់ និងទិញយកកីឡាករ ដែលមានសមត្ថភាពជាច្រើន។

ពូល D


ពូលនេះអាចចាត់ទុកជា ពូលស៊ីសាច់ហុចឈាម រវាង ក្រុមមេឃខៀវ Manchester City របស់ប្រទេសអង់គ្លេស នឹង ក្រុមជើងឯក Bundesliga របស់អាឡឺម៉ង់ គឺក្លឹប Bayern Munich ដែលក្រុមទាំងពីរនេះ ជួបគ្នាដំបូង ក្នុងប្រវត្ថិសាស្ត្រ បាល់ទាត់ ក្របខ័ណ្ឌ យូហ្វាឆែមពានលីកនេះ។

ពូល E


ក្រុមតោខៀវ Chelsea ជើងឯកពានរង្វាន់ ក្របខ័ណ្ឌ យូហ្វាឆែមពានលីកកាលពី រដូវកាល ២ឆ្នាំមុន អាចឆ្លងកាត់វគ្គជម្រុះក្នុងពូលនេះ បានដោយងាយ ដោយសារតែ ក្រុមទាំងបីនេះ សុទ្ធតែមិនមែនជាដៃគូ របស់ក្រុម តោខៀវ Chelsea របស់ គ្រូបង្វឹកថ្មី លោក Jose Mourinho ឡើយ។

ពូល F


ក្រុមកាំភ្លើងធំ Arsenal របស់ចក្រភពអង់គ្លេស ក្រុម Dortmund របស់អាឡឺម៉ង់ និងក្រុម Napoli របស់អ៊ីតាលី នឹងត្រូវប្រកួតគ្នាយ៉ាងស្វិតស្វាញ ក្នុងពូល F នេះ ដោយក្រុម Dortmund និង Napoli សុទ្ធតែជាក្រុមខ្លាំង ដែលមានប្រវត្ថិផ្តួលដៃគូ ខ្លាំងៗឯទៀត ធ្វើឲ្យ ក្រុម Arsenal របស់ លោក Arsene Wenger នៅមិនសុខបក់មិនល្ហើយ ដោយសារ ក្លឹបរបស់ខ្លួន មិនបានដោះដូរកីឡាណាម្នាក់ ដើម្បីពង្រឹងក្លឹបសោះ ក្នុង ព្រឹត្តិការណ៍ដោះដូរកីឡាករ បច្ចុប្បន្ននេះ។

ពូល G


ពូលនេះ ជាពូលដែលសោះកក្រក់ជាងគេ ដោយសារតែ ក្រុមទាំងបួននេះ មិនដែលធ្លាប់ឈ្នះពានរង្វាន់ ក្របខ័ណ្ឌនេះ ជាយូរលង់ណាស់មកហើយ ប៉ុន្តែ ក្រុម Porto របស់ព័រទុយហ្កាល់ ប្រហែលជាឆ្លងផុតវគ្គជម្រុះនេះ បានយ៉ាងងាយ ដោយសារក្លឹបខ្លួន មានប្រវត្ថិចំណាស់ជាងគេ ក្នុងក្របខ័ណ្ឌនេះ។

ពូល H


ក្លឹបជើងឯក La Liga របស់អេស៉្បាញ Barcelona និង ក្លឹប AC Milan របស់អ៊ីតាលី បានកក់កៅអី របស់ខ្លួនម្នាក់មួយរួចជាស្រេច ប៉ុន្តែ គូសត្រូវ ២ក្រុមទៀតគឺមិនអាចមើលងាយបានឡើយ ដោយសារតែ ក្រុម Ajax ជាក្រុមជើងឯករង របស់ប្រទេស ហូឡង់ ឯ ក្រុម Celtic ធ្លាប់មានប្រវត្ថិឆ្លងផុតវគ្គជម្រុះ ក្នុងពូលនេះ កាលពីរដូវកាលមុន។

 

តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះរឿងនេះ? សូមកុំភ្លេចចូលរួមលេងល្បែង ស្តេចទាយបាល់ របស់ខ្មែរឡូតទាំងអស់គ្នា!

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]