ភ្នំពេញៈ បុរសជាកម្មករ សំណង់ម្នាក់ ដេកស្លាប់នៅក្នុង បន្ទប់ជួលរបស់ខ្លួន ក្រុមគ្រួសារអះអាងថា មានជំងឺខ្សោយបេះដូង រីឯសមត្ថកិច្ចដែលចុះធ្វើ កោសល្យវិច័យ សន្និដ្ឋានថា គាំងបេះដូង ហេតុការភ្ញាក់ផ្អើលនេះកើតឡើង កាលពីវេលាម៉ោង ៣ទៀបភ្លឺថ្ងៃទី២៤ ខែសីហាឆ្នាំ២០១៣ស្ថិតនៅក្នុងបន្ទប់ជួល ក្រុមទី៦ ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។

នគរបាលមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឃឿន ឃី ភេទប្រុសអាយុ៣៣ឆ្នាំមានមុខរបរជាកម្មករសំណង់ស្នាក់នៅក្នុងភូមិ សង្កាត់កើតហេតុ មានស្រុកកំណើតនៅភូមិកំពោធ ឃុំទ្រព្យ ស្រុកបាធាយ ខេត្តកំពង់ចាម មានប្រពន្ធឈ្មោះ ហៀង សូត្រ អាយុ២២ឆ្នាំមានមុខរបរជាកម្មការិនីស្នាក់នៅជាមួយគ្នា មានកូនពីរនាក់ប្រុស១ស្រី១ ។

ក្រុមគ្រួសារបានឲ្យដឹងថា កាលពីល្ងាចជនរងគ្រោះ ចេញមកពីធ្វើការសំណង់ មានលក្ខណៈធម្មតានោះ ទេ លុះចូលដេកជុំកូនប្រពន្ធ រហូតដល់វេលាម៉ោង៣ទៀប ទើបដឹងថា ជនរងគ្រោះស្លាប់ក្នុងស្ថានភាព រ៉ឹងទៅហើយ មិនដឹងតាំងពីពេលណាមកនោះទេ ហើយក៏មានការភ្ញាក់ផ្អើលតែម្តងទៅ ។ ក្រុមគ្រួសារ បានបន្តថា ជនរងគ្រោះមានជំងឺខ្សោយបេះដូងជាច្រើនឆ្នាំមកហើយ ប៉ុន្តែពេលដែលមិនស្រួលខ្លួនពិសាថ្នាំបន្តិចបន្តួចធូរស្រានឡើងវិញទៅ។

ភ្លាមៗនោះសមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យសាកសពរួចសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារ ជំងឺគាំងបេះដូង រួចហើយក៏ប្រគល់សាកសពទៅឲ្យក្រុមគ្រួសារដឹកយកទៅកាន់ស្រុកកំណើតដើម្បីធ្វើបុណ្យទៅតាមប្រពៃណី៕





ដោយៈ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]