ភ្នំពេញ ៖ រឿងរ៉ាវស្តីពីជនឆបោក ពីរនាក់ប្តីប្រពន្ធ ស្ទើរតែជារឿងប្រវត្តិសាស្ត្រ ឆបោកមួយនៅស្រុកខ្មែរនោះ គឺការជួលរថយន្តយក ទៅបញ្ចាំស៊ីដាច់ បាននឹងកំពុងប្រព្រឹត្តទៅយ៉ាងក្តៅគគុក រហូតមកដល់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៣ នេះ ខណៈដែលរថយន្តជាច្រើនគ្រឿង ត្រូវបានរកឃើញជាបន្តបន្ទាប់ នៅតាមកន្លែង បញ្ចាំនានា ក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល ក្រោយពីជន ឆបោកទាំងពីរនាក់ប្តីប្រពន្ធ ដែលកំពុងរត់ គេចខ្លួននោះ បានយករថយន្ត ដែលជួលពីគេទៅបញ្ចាំ។

ជាក់ស្តែងនៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៣នេះ កម្លាំងនគរបាលការិយាល័យ កណ្តាលយុត្តិធម៌ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដឹកនាំបញ្ជាផ្ទាល់ពីសំណាក់ លោកឧត្តមសេនីយ៍ ជួន ណារិន្ទ ស្នងការរងនគរបាល និងមានការឯកភាពពីសំណាក់ ព្រះរាជអាជ្ញារង រាជធានីភ្នំពេញ មាស ច័ន្ទពិសិដ្ឋ បានចុះទៅឆែកឆេរ និងរឹបអូសយករថយន្តទាំងនេះ នៅពីរទីតាំង ទី១ ស្ថិតនៅក្នុងផ្សារស្តង់បុរីកីឡាថ្មី និងទីតាំងមួយកន្លែងទៀត ស្ថិតនៅផ្លូវលេខ ១១២ ក្រុមទី១៣ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។

លោកឧត្តមសេនីយ៍ ជួន ណារិន្ទ បានថ្លែងឲ្យដឹងថា ប្រតិបត្តិការចុះឆែកឆេរ និងរឹបអូសយករថយន្តនៅតាម ទីតាំងខាងលើនេះ បានធ្វើឡើងក្រោយពីមានការបញ្ជាពីប្រធានតុលាការរាជធានីភ្នំពេញ លោក ជីវ កេង និងស្នងការនគរបាល រាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ជួន សុវណ្ណ ក្រោយពីមានម្ចាស់រថយន្ត ជាច្រើន នាក់ មកដាក់ពាក្យបណ្តឹងនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្តីពីការឆបោក រថយន្តរបស់ប្តីប្រពន្ធ ទាំងពីរនាក់នោះ ។

បើតាមស្នងការរងនគរបាលរូបនេះ រថយន្តជិត ២០គ្រឿង ត្រូវបានរឹបអូសពីទីតាំងមួយចំនួន រួចហើយយក ទៅរក្សាទុកនៅស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ហើយនៅក្នុងស្តង់ផ្សារបុរីកីឡាថ្មី រកឃើញរថយន្ត ប្រភេទសាំយ៉ុង និងទួរីស ជិត ២០គ្រឿង ខណៈដែលទីតាំងនៅភូមិទួលសង្កែ មានរថយន្តជាច្រើនគ្រឿង ផងដែរ។

យ៉ាងណាក៏ដោយ កម្លាំងនគរបាល ដែលដឹកនាំដោយតំណាងអយ្យការនេះ បាននឹងកំពុងបន្តប្រតិបត្តិការ របស់ខ្លួន នៅតាមទីតាំងខាងលើ។ គួរបញ្ជាក់ថា ពីរនាក់ប្តីប្រពន្ធ ប្តីឈ្មោះ អ៊ុយ សុឃុន អាយុ ៣៣ឆ្នាំ និងប្រពន្ធ កែវ ស្រីនិត អាយុ ២៥ឆ្នាំ រស់នៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ បានប្រើល្បិច ជួលរថយន្តគេជាច្រើន រយគ្រឿងយកទៅបញ្ចាំ ហើយក្រោយពីផ្ទុះ និងបែកធ្លាយរឿងឆបោកដ៏ធំមួយនេះ ទើបពួកគេទាំងពីរនាក់ បានរត់គេចខ្លួនអស់ ដែលតាមព័ត៌មានខ្លះប្រាប់ថា ពួកគេបានចាកចេញទៅក្រៅ ប្រទេសបាត់ហើយ ។

ប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា ប្រជាពលរដ្ឋខ្លះតែម្នាក់ឯង ត្រូវអស់រថយន្តពីរបីគ្រឿង ខ្លះស៊េរី ទំនើប ដូចជារថយន្តកាមរីឆ្លាម កាមរីបាឡែន និងលុច្សស៊ីសជាដើម ដែលយកទៅជួលឲ្យពីរនាក់ប្តីប្រពន្ធនេះ ដើម្បីយក ប្រាក់ប្រចាំខែ ប៉ុន្តែត្រូវបានជនឆបោកខាងលើ យករថយន្តពួកគេទៅបញ្ចាំ ដោយសារតែមានកាតគ្រីរថយន្ត រួចជាស្រេចទៅហើយនោះ ។ បើតាមសមត្ថកិច្ច មានប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ជាង ១០០នាក់ ដែលរងការចាញ់បោក បានដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ច ជួយរកយុត្តិធម៌នៅក្នុងរឿង មួយនេះ៕

































ដោយៈ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]