រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១ និង៣០នាទីព្រឹក ថ្ងៃទី២៣ សីហា ខណៈរថយន្តម៉ាកឡិចស៊ីសមួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខរដ្ឋសភា 2.028 បើកបរដោយបុរសម្នាក់ បានហោះឡើងលើរង្វង់មូលទៅបុកដើមពោធិ៍ ដែលស្ថិតនៅខាងកើតរមណីយដ្ឋាន វត្តភ្នំ ពេញទំហឹងនៅផ្លូវលេខ៩៤ កែងផ្លូវលេខ១៣ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។ ក្នុងហេតុការណ៍នេះមិនមានគ្រោះថ្នាក់ ដល់អាយុជីវិតមនុស្សណា ម្នាក់ទេ តែអ្នកបើកបរបានសន្លប់ក្នុងរថយន្ត ហើយរថយន្តរងការខូចខាត ផ្នែកខាងមុខយ៉ាងដំណំ ។

តាមសាក្សីឃើញហេតុការណ៍បាននិយាយថា រថយន្តមួយគ្រឿងនេះ បើកព័ទ្ធបរិវេណរមណីយដ្ឋានវត្តភ្នំ លុះដល់ផ្លូវលេខ៩៤ កែងផ្លូវលេខ១៩ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ បានបុកជាមួយរ៉ឺម៉កម៉ូតូមួយគ្រេឿង ពេលនោះរថយន្តមិនបានឈប់ដោះស្រាយទេ បែរជាបន្ថែមល្បឿនបើករត់ទៅមុខទៀតទំនងជាគេចពីការទទួលខុសត្រូវ ។ ពេលមកដល់ចំណុចខាងកើតវត្តភ្នំកែងផ្លូវលេខ១៣ រថយន្តនោះបានហោះឡើងទៅលើរង្វង់មូលទៅបុកដើមពោធិ៍ចំពីមុខពេញ ទំហឹងទើបអស់ល្បឿន ។

មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលវត្តភ្នំបានឱ្យ ដឹងថា អ្នកបើករថយន្តខាងលើជាកូនលោកតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាលមួយ រូប បានសន្លប់ក្នុងរថយន្ត ប្រជាពលរដ្ឋជួយលើកចេញមកខាងក្រៅរួចបញ្ជូនទៅមន្ទីរពេទ្យ ។ រថយន្តបានខូចខាតផ្នែកខាងមុខធ្ងន់ធ្ងរ បែកកញ្ចក់ កង់ទាំង៤ និងខូចខាតរង្វង់មូលផងដែរ ។ រថយន្តបង្កត្រូវសមត្ថកិច្ចស្ទូចយកទៅរក្សាទុកនៅការិយាល័យនគរ បាលចរាចរផ្លូវគោកដោះស្រាយតាមផ្លូវច្បាប់ ៕





បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]