រតនគិរីៈ រថយន្តធុន ធំ១គ្រឿង ដែលគេដឹងថា ជារបស់ក្រុមហ៊ុន វៀតណាមមួយ ឈ្មោះ ហ័ងអាញ់យ៉ាដាវ ត្រូវបាន សមត្ថកិច្ច ចម្រុះ ខេត្តរតនគិរី ឃាត់បានភ្លាមៗ បន្ទាប់ពីរថយន្តនេះ ដឹកដីចូលទៅចាក់ នៅក្នុងតំបន់ដី សម្បទានសេដ្ឋកិច្ច ហើយលួចបន្លំ ដឹកគល់ឈើប្រណីត និង គ្រឿងសង្ហារឹម ត្រឡប់មកវិញ ។

រថយន្តខាងលើ ដែលមានស្លាកលេខ 81M-2472 បានចូលមកដឹកឈើ នៅក្នុងតំបន់ដី សម្បទានសេដ្ឋកិច្ច ក្នុងស្រុកអូរយ៉ាដាវ កាលពីព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៣ ហើយត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះ នៃគណៈបញ្ជាការឯកភាព ខេត្តរតនគិរី ឃាត់បាននៅ វេលាម៉ោង ១០ និ៥០នាទី (ព្រឹកថ្ងៃដដែល) នៅចំណុច ភូមិប៉កញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។ លុះប្រមាណ ម៉ោង ៥ទាបភ្លឺ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៣ ក៏ត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញរថយន្តនេះ ម្តងទៀត នៅច្រកទ្វារ អន្តរជាតិ អូរយ៉ាដាវ ប៉ុន្តែពុំបានឃើញ ផ្ទុកឈើប្រណីត និងគ្រឿងសង្ហារឹម ក្នុងរថយន្តនោះទៀត ឡើយ ។

ប្រភពព័ត៌មានពីពលរដ្ឋមួយចំនួន នៅស្រុកអូរយ៉ាដាវ បានអះអាងប្រាប់ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលថា គល់ឈើប្រណីត និង គ្រឿងសង្ហារឹមទាំងនោះ ត្រូវបានគេដឹកចេញ ពីទីតាំងលក់គ្រឿងសង្ហារិមដ៏ធំមួយកន្លែង ក្នុងទីរួមក្រុងបានលុង ដែលមានម្ចាស់ឈ្មោះ ស៊ិន ថុន ។

ក្នុងករណីនេះ បុរសម្នាក់ ដែលចេញមុខ អះអាងថា ខ្លួនជាម្ចាស់រថយន្តខាងលើ បានបញ្ជាក់ថា ឈើក្នុងរថយន្ត ទាំងនោះ មិនមែនជារបស់គាត់នោះទេ ។ ការដឹក ជញ្ជូន នៃឈើទាំងនេះ គឺជារឿងរបស់អ្នកបើកបរប៉ុណ្ណោះ ដែលចង់រកលុយក្រៅ ។ លោកក៏បានលោះរថយន្តនេះ ចេញពីខណ្ឌរដ្ឋបាលព្រៃឈើ ហើយ ផងដែរ ។

លោក វង សុក្រសិរី នាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តរតនគិរី ពុំបានបរិយាយច្រើនទេ ចំពោះករណីនេះ ដោយបញ្ជាក់ប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល តាមទូរស័ព្ទ នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៣ ថា ពុំមានឈើប្រណីត នៅក្នុងរថយន្តនោះទេ ។ បន្ថែមពីលើនេះ លោកមានប្រសាសន៍ថា “អ្នកកាសែត ចូលចិត្តបង្កើតរឿង ឱ្យធំទៅៗ” ។ លោកថា តាមបញ្ជា របស់លោកអភិបាលខេត្ត បើសិនជាពិនិត្យឃើញ គ្រឿងសង្ហារឹមហើយ ត្រូវឱ្យដោះលែងវិញ ៕







 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]