ខេត្តកំពង់ឆ្នាំង ៖ លោកគ្រូបង្រៀនម្នាក់ បានសន្លប់ស្តូកស្តឹង របួសបែកខ្ទេចមេជើងខាងឆ្វេង ខណៈដែលស្រវឹងបើកម៉ូតូដូចហោះ ដួលបោកខ្លួនទៅនឹងផ្លូវកៅស៊ូពេញទំហឹង ។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៧ និង៤៥នាទីយប់ ថ្ងៃទី២១ សីហា នៅតាមផ្លូវកៅស៊ូចំណុចមុខវត្តអារញ្ញ ស្ថិតក្នុងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ។

ប៉ូលិសចរាចរក្រុងកំពង់ឆ្នាំងដែលចុះទៅពិនិត្យ កន្លែងកើតហេតុបាននិយាយថា បុរសរូបនោះឈ្មោះ សុខ ចាន់ថុល អាយុ២៦ឆ្នាំ ជាគ្រូបង្រៀននៅសាលាក្នុងឃុំទឹកហូត ស្រុករលាប្អៀរ មានលំនៅក្នុងភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង បើកម៉ូតូម៉ាកឌ្រីមសេ១២៥ ស៊េរី២០១០ ពាក់ស្លាកលេខកំពង់ឆ្នាំង 1C-2746 ក្នុងស្ថានភាពស្រវឹងជោកជាំពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុ ទប់ចង្កូតម៉ូតូលែងជាប់ ក៏ដួលបោកនឹងផ្លូវកៅស៊ូពេញទំហឹង បណ្តាលឱ្យសន្លប់ជិត១ម៉ោង និងរងរបួសបែកមេជើងខាងឆ្វេងខ្ទេចដល់ឆ្អឹង ។ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវសមត្ថកិច្ចហៅរថយន្តសាមុយដឹកបញ្ជូនទៅមន្ទីរ ពេទ្យបង្អែកខេត្តដើម្បីជួយសង្គ្រោះ ៕



បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]