ខេត្តសៀមរាប ៖ ស្ត្រីម្នាក់ត្រូវសន្តិសុខផ្សារលើធំថ្មីចាប់ខ្លួន ប្រគល់ឱ្យប៉ូលិស បន្ទាប់ពីឆក់ខ្សែ.កក្មេងស្រីអាយុ ទើបតែ ២ឆ្នាំម្នាក់ ដែលម្តាយយកមកជាមួយ កាលពីវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី២៣ សីហា នៅជិតបន្ទប់ទឹកក្នុងផ្សារលើធំថ្មី ស្ថិតនៅក្នុងភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប ។

តាមប្រភពពីស្ត្រីចំណាស់ម្នាក់ឈ្មោះ តាប់ ពីង អាយុ៥០ឆ្នាំ រស់នៅភូមិត្រពាំងរ៉ុន សង្កាត់អំពិល ក្រុងសៀមរាប បានឱ្យដឹងថា មុនដំបូងគាត់បានឃើញស្ត្រីម្នាក់នេះឆក់យកខ្សែ.កពីចៅស្រី នោះ ហើយគាត់ក៏ចាប់ដៃជាប់ រួចហៅសន្តិសុខដែលនៅជិតនោះឱ្យមកនាំយកស្ត្រីនេះទៅ ប្រគល់ឱ្យសមត្ថកិច្ចនគរបាលសណ្តាប់ធ្នាប់ដែលប្រចាំការនៅមុខ ផ្សារលើធំថ្មី ។

មន្ត្រីនគរបាលបានឱ្យដឹងថា ស្ត្រីជាប់ចោទឈ្មោះ សៀង សុភាព អាយុ៤៨ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប ។ រីឯក្មេងស្រីតូចរងគ្រោះឈ្មោះ លី ធារី មានអាយុ២ឆ្នាំ បានមកផ្សារជាមួយម្តាយ ឈ្មោះ ហន ប៉ន អាយុ២៨ឆ្នាំ រស់នៅភូមិត្រពាំងរ៉ុន សង្កាត់អំពិល ក្រុងសៀមរាប ។សមត្ថកិច្ចនគរបាលសណ្តាប់ធ្នាប់ប្រចាំការនៅផ្សារលើធំ ថ្មីបានប្រាប់ថា ស្ត្រីដែលជាជនសង្ស័យឈ្មោះ សៀង សុភាព នេះ មានគ្នា២ទៅ៣នាក់ ហើយជាមុខសញ្ញាចាស់ ។

ចំណែកឯខ្សែ.កដែលឆក់បានសម្រេចនេះ គឺស្ត្រីជនសង្ស័យក៏បានប្រគល់ទៅឱ្យគ្នាគេ រួចគេចខ្លួនបាត់ ។ ពេលនេះសមត្ថកិច្ចបានបញ្ជូនស្ត្រីរូបនេះទៅកាន់អធិការ ដ្ឋានក្រុងជាបន្ត ដើម្បីចាត់ការតាម  នីតិវិធីបន្តនិងស្វែងរកចាប់ខ្លួនបក្ខពួក ៕

បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]