-ប្រើកូនស្រីទី២ បញ្ឆោតទាក់ទាញ កូនអ្នកស្រុក រួចហើយចោទថា ចាប់រំលោភ ប្ដឹងយកលុយ
កំពង់ស្ពឺ ៖ រឿងរ៉ាវមួយ ដែលស្ដាប់ទៅ នឹកស្មានមិនដល់ និងហួសចិត្ដជាទីបំផុត នៅពេលដែល ពីរនាក់ ប្ដី-ប្រពន្ធ បានប្រើប្រាស់ កូនស្រីរបស់ខ្លួន ដែលមិនទាន់គ្រប់អាយុ ទៅបោកបញ្ឆោត អ្នកនៅក្នុងភូមិ ក្នុងគោល បំណង ចង់បានដីរបស់គេ រហូតដល់ថ្នាក់សុំ ភ្ជាប់ជាសាច់សាលោហិត តាមរយៈការ សុំធ្វើជាដន្លង ដោយឱ្យ ខាងប្រុសជាអ្នកចេញដី រីឯខ្លួនឯងជាអ្នកចេញលុយធ្វើផ្ទះ រហូតដល់រៀបចំអាពាហ៍ពិពាហ៍ រវាងកូន ប្រុសស្រី ទាំងពីរនាក់ ប៉ុន្ដែរៀបការចប់ភ្លាម បានយកកូនស្រីត្រឡប់ទៅវិញ ហើយធ្វើជាលែងលះជាមួយគ្នា ទីបំផុត ដីក៏បាត់ រីឯការចំណាយសព្វបែបយ៉ាង លើថ្លៃទឹកដោះក៏អស់ទៀត ។

ដំណើររឿង ដែលពីរនាក់ប្ដី-ប្រពន្ធបាន ប្រើប្រាស់ កូនក្រមុំរបស់ខ្លួនជានុយមិនទាន់ គ្រប់អាយុខាងលើនេះ បានកើតឡើង អស់រយៈពេលជាង ១ឆ្នាំមកហើយ ស្ថិតនៅភូមិ២ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ ហើយរឿងរ៉ាវ ដំណើរដើមទងបោកបញ្ឆោតយកដី ទំហំ១០គុណ១៤៨ម៉ែត្រ ខាងលើនេះ បានបន្ដធ្លាក់ រហូត ដល់ដៃតុលាការ និងចុងក្រោយត្រូវបានចៅក្រមអម សាលាដំបូង ខេត្ដកំពង់ស្ពឺ ចេញដីការក្សា ការពារ ប៉ុន្ដែ ភាគីដែលបោកប្រាស់ នេះនៅ តែមិនព្រមរុះរើផ្ទះចេញ ប្រគល់ដីឱ្យម្ចាស់ ដីវិញនោះឡើយ ។

លោក ស៊ា ចាន់នី អាយុ ៥១ឆ្នាំ និង ភរិយាឈ្មោះ ឡុង ម៉ុយឡេង អាយុ ៤៨ឆ្នាំ មុខរបរ ជាកសិកររស់នៅ ក្នុងភូមិឃុំកើត ហេតុខាងលើនេះ ហើយត្រូវភាគីម្ខាងបោក បញ្ឆោតយកដី តាមរយៈសុំធ្វើជាដន្លងបាន រៀបរាប់ ពីដំណើររឿង ដល់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលឱ្យដឹងថា កាលពីអំឡុង ឆ្នាំ ២០១២ ប្ដី-ប្រពន្ធ ពីរនាក់ ដែលប្ដីមាន ឈ្មោះ ខៀវ រិទ្ធី និងប្រពន្ធឈ្មោះ សុខ សម្បត្ដិ រស់នៅភូមិទី៥ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ បានសុំរូបគាត់ធ្វើ ដន្លងជាមួយគ្នា ដោយសារតែពួកគេមាន កូនស្រីឈ្មោះ ខៀវ វ៉ែនអ៊ី អាយុ ១៧ឆ្នាំ ជាមួយ នឹងកូនប្រុសរបស់គាត់ ឈ្មោះ នី រិទ្ធា អាយុ ១៩ឆ្នាំ ។

លោក ស៊ា ចាន់នី បានបន្ដថា នៅពេលនោះ លោក ខៀវ រិទ្ធី ដែលជាមន្ដ្រីអាវុធហត្ថ ប្រចាំការនៅ ប៉ុស្ដិ៍ត្រែងត្រយឹងនោះ បានប្រាប់លោកពីការ ជាប់សាច់ជាប់ឈាម ធ្វើដន្លងជាមួយគ្នា ដោយបុគ្គលរូបនេះប្រាប់ ឱ្យលោកចេញដី រីឯពួកគេចេញលុយថ្លៃធ្វើផ្ទះ ដើម្បីប្រគល់ឱ្យកូនប្រុស-ស្រីទាំង ២នាក់ នៅពេលដែល រៀបការរួចរាល់នោះ។

ក្រោយពីបានទទួលការលួងលោម និងយល់ឃើញថា ២នាក់ប្ដី-ប្រពន្ធ នេះមានមុខ មាន មាត់ និងធ្វើជាសមត្ថកិច្ចផងនោះ ហើយម្យ៉ាងទៀត គ្រួសាររបស់គាត់ជាកសិករក៏ សុខចិត្ដយល់ព្រម ធ្វើដន្លង ជាមួយគ្នា ហើយ ភាគីទាំង២ ក៏បានគិតគូរថ្ងៃរៀបការដោយ ឱ្យខាងប្រុសបង់ថ្លៃទឹកដោះចំនួន ៣ពាន់ដុល្លារ រួចហើយខាងស្រី សន្យាថា នឹងផ្ដល់ លុយថ្លៃចងដៃចំនួន ១០តុ ព្រមទាំងផ្ដល់លុយទាំងអស់ ជូនកូន ប្រុស ស្រីទាំង ២នាក់ សម្រាប់រកស៊ីនៅពេលរៀបការហើយ ហើយបានអួតទៀតថា នឹងទិញរថយន្ដឱ្យ កូនរកស៊ីទៀតផង ។

លោក ស៊ា ចាន់នី បានរៀបរាប់ទៀតថា នៅពេលដែលឯកភាពគ្នាភ្លាម ភាគីខាងស្រី បានរៀបចំចាត់ចែង យកឈើមកធ្វើផ្ទះនៅ លើដីរបស់គាត់ និងបានរៀបចំអាពាហ៍ ពិពាហ៍ រវាងកូនទាំងពីរនាក់ នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០១២ ហើយពេលរៀបការនោះ មានភ្ញៀវជិតឆ្ងាយបានមកចូលរួម យ៉ាងច្រើន ។ ប៉ុន្ដែ អ្វីៗបានប្រែប្រួលមួយ ពព្រិចភ្នែក បន្ទាប់ពីពួកគេបានរៀបការឱ្យ កូនទាំងពីរនាក់រួចហើយនោះ ស្រាប់តែនៅ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១២ ពីរនាក់ ប្ដី- ប្រពន្ធនេះ បានយកកូនស្រីរបស់ខ្លួនត្រឡប់ ទៅវិញ មិនឱ្យរួមដំណេកជាមួយកូនប្រុស របស់គាត់នោះទេ ដោយឡែកកូនស្រីរបស់ពួកគេ ក៏បានប្រាប់មកកូនប្រុសគាត់ថា តាមពិតទៅ រូបនាង គ្មានអារម្មណ៍បន្ដិច សោះជាមួយកូនប្រុសគាត់ ពីព្រោះការយល់ព្រមរៀបការនេះ ដោយសារតែឪពុក ម្ដាយបង្ខំ ឱ្យធ្វើតាមពួកគាត់ប៉ុណ្ណោះ ។

ដំណើររឿង បានអូសបន្លាយរហូតដល់ ភាគីទាំងពីរ សម្រេចផ្ដាច់ទំនាក់ទំនងគ្នា និងឱ្យកូនប្រុសស្រីទាំង ២នាក់ លែងលះគ្នា នៅឃុំត្រែងត្រយឹង នៅអំឡុងខែមេសា ឆ្នាំ ២០១២ ប៉ុន្ដែ ក្រោយពីរៀបការរួច និងលែងលះគ្នារួចមក ភាគីខាងកូនក្រមុំ ដែលមានឪពុក-ម្ដាយជាមេគំនិតនោះ មិនបានរើផ្ទះចេញពីដីរបស់គាត់នោះឡើយ ថែមទាំងបន្ដនៅកាន់កាប់រហូតមកដល់ ពេលនេះ ថែមទាំងចិញ្ចឹមជ្រូក ចិញ្ចឹមមាន់ ទៀតផង ពោល ធ្វើជាម្ចាស់កម្មសិទ្ធិដាច់ថ្លៃ តែម្ដង មិនព្រមចុះចេញឡើយ ។

បន្ទាប់ពីដឹងថា ឈ្មោះ ខៀវ រិទ្ធី និង ប្រពន្ធ សុខ សម្បត្ដិ ធ្វើល្បិច និងប្រើនុយ កូនស្រី មកបោកយកដីទទេៗ ព្រមទាំងថ្លៃ ទឹកដោះទៀតផងនោះ លោករួមជាមួយ ក្រុមគ្រួសារបានស្វះស្វែងរកអន្ដរាគមន៍ ពីអាជ្ញាធរ មូលដ្ឋាន ប៉ុន្ដែ នៅតែគ្មានលទ្ធផលរហូត ដល់ដាក់ពាក្យបណ្ដឹងទៅកាន់ តុលាការ បើទោះបីពុំមានលុយដូចភាគី ខាងស្រីដែលមានមុខមានមាត់ និងអំណាច ព្រមទាំងលុយកាក់ សម្រាប់ឈ្នះក្ដីក៏ដោយនោះ។

ក្រោយពីលោកបានដាក់ពាក្យបណ្ដឹង ទៅកាន់តុលាការខេត្ដកំពង់ស្ពឺរួចមក ហើយក្រោយពីការសួរនាំ និង ធ្វើការស្រាវជ្រាវ ចៅក្រមសាលាដំបូង ខេត្ដកំពង់ស្ពឺ លោក ម៉ែន រត្ថា កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ ២០១២ ក៏បានចេញដីកាសម្រេចរក្សាការពារដីនេះ មិនឱ្យភាគីលោក ខៀវ រិទ្ធី លក់ ជួល បញ្ចាំ ផ្ទេរសិទ្ធិ សាងសង់ ធ្វើអំណោយ ផ្ទេរមរតក រុះរើឥវ៉ាន់ និងឈប់រស់នៅលើ ដីកម្មសិទ្ធិខាងលើនេះ ។

បើតាមលោក ស៊ា ចាន់នី បើទោះបី តុលាការ ខេត្ដកំពង់ស្ពឺ បានចេញដីការក្សា ការពារ ឱ្យលោកឈ្នះក្ដី ក៏ដោយក៏ភាគី លោក ខៀវ រិទ្ធី មិនបានអនុវត្ដតាមការ សម្រេចរបស់តុលាការនោះទេ ថែមទាំង បន្ដដាក់ពាក្យ បណ្ដឹងលើលោកវិញ ទៅ សាលាឧទ្ធរណ៍ទៀតផង ប៉ុន្ដែលោកមិនដឹងថា តើបុគ្គលរូបនេះដាក់ពាក្យបណ្ដឹងប្ដឹង លោកពីបទអ្វីនោះឡើយ ។

អ្នកស្រី ឡុង ម៉ុយឡេង បានសុំអំពាវ នាវ ឱ្យអាជ្ញាធរមានសមត្ថកិច្ច ក៏ដូចជា ស្ថាប័នតុលាការ បន្ដចាត់ការតាម ផ្លូវច្បាប់ ចំពោះបុគ្គលរូបនេះ ដែលបានប្រើរូបភាព តាមរយៈកូនស្រីរបស់ខ្លួន មកបោកបញ្ឆោត យកដីពីក្រុម គ្រួសាររបស់អ្នកស្រី ដែលកំពុង តែមានជីវភាពក្រីក្រ ដោយពួកគេបានប្រើ អំណាច ដោយសារតែជាសមត្ថកិច្ច ដូច្នេះពុំ មាននរណាម្នាក់ នៅតំបន់ត្រែងត្រយឹងនេះ ហ៊ានជាមួយរូបគេនោះឡើយ ។

ប្រភពព័ត៌មាន ពីប្រជាពលរដ្ឋខ្លះដែល រស់នៅក្នុងឃុំត្រែងត្រយឹង ក៏បានលួចបង្ហើប ឱ្យដឹងថា គ្រួសារឈ្មោះ ខៀវ រិទ្ធី នេះ តែង តែបង្កព្យុះភ្លៀង និងដើរបោកគេឯងនៅ ក្នុងតំបន់ត្រែងត្រយឹង ដោយសារតែរូបគេ អាងខ្លួន ឯងជាមន្ដ្រីអាវុធហត្ថ និងបានប្រើ កូនស្រីជានុយបោកបញ្ឆោតយកដី និង ទ្រព្យសម្បត្ដិរបស់គេ ។

ប្រជាពលរដ្ឋខាង លើនេះ បានបន្ដទៀតថា ខៀវ រិទ្ធី នេះ បានប្រើល្បិចឱ្យកូនស្រីទី២ របស់ខ្លួនម្នាក់ទៀត ទាក់ ទង កូនប្រុសអ្នកមានមុខមាន មាត់ម្នាក់ នៅឃុំត្រែងត្រយឹង ដោយដំបូងឡើយឱ្យ ទាក់ទងជាមួយ លុះពេលក្មេងៗ ទាំងពីរនាក់ ទាក់ទងជាមួយគ្នា រហូតដល់មានភាពជិតស្និទ្ធនោះ ស្រាប់តែពួកគេទាំងពីរនាក់ ប្ដី-ប្រពន្ធ ចោទថា គេចាប់រំលោភកូនស្រី រហូតដល់ប្រើសមត្ថកិច្ចទៅចាប់ចង និង បញ្ជូនទៅតុលាការ ដាក់គុក ដាក់ច្រវ៉ាក់ ទៀតផង ។ ប៉ុន្ដែ ដោយសារគ្រួសារខាង លើ មានជីវភាពធូរធា ក៏បានរត់ការ និង ដោះលែងកូនប្រុសរបស់ខ្លួន ចេញពីគុក វិញ ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឱ្យ ដឹងទៀតថា មិនត្រឹមតែប្រើកូនស្រីរបស់ ខ្លួនធ្វើនុយ បោកប្រាស់គេនោះទេ ប៉ុន្ដែ ឈ្មោះ ខៀវ រិទ្ធី នេះ ជំពាក់លុយថ្លៃចិញ្ចឹម ជ្រូក និងរបស់របរគេជាច្រើនផ្សេងទៀត រាប់ពាន់ដុល្លារ ហើយ មិនព្រមសង ប៉ុន្ដែ គ្មាននរណាម្នាក់ ហ៊ានជាមួយរូបគេឡើយ។

ជុំវិញការចោទប្រកាន់ ទាំងអម្បាល ម៉ានខាងលើ មជ្ឈមណ្ឌលព័ត៌មានដើម អម្ពិល មិនទាន់ អាចស្វែងរកការ បកស្រាយ ណាមួយ ពីឈ្មោះ ខៀវ រិទ្ធី និងភរិយាបាន នៅឡើយទេ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ ២០១៣ ប៉ុន្ដែ ដើមអម្ពិល នឹងរង់ចាំការ ចេញមុខមកបកស្រាយ របស់ពួកគេទាំង២ នាក់ គ្រប់ពេលវេលា ៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]