ភ្នំពេញ៖  តារាសម្តែង និងជាពិធីករចង្កាព្រែក លោក ញ៉ែម សុគន្ធ ត្រូវ បានទទួលរង ការរិះគន់យ៉ាងចាស់ដៃ ពីសំណាក់ ទស្សនិកជនថា មានអត្តចរិកឈ្លើយ បញ្ចេញអាការៈ មិនសមរម្យ ក្រោយពីបានបើករថយន្ត ទៅបុករថយន្តរបស់គេ ហើយថែមទាំង ប្រើពាក្យសម្តី ប្រមាថមើលងាយ ដល់ភាគីជនរងគ្រោះ រួចហើយបើករថយន្ត ចេញទៅបាត់ ដោយមិនបានទទួល ខុសត្រូវ ចំពោះទង្វើ របស់ខ្លួនឡើយ។

បើយោងតាម ប្រភពពីប្រជាពលរដ្ឋ បានឱ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ ដែលបង្កឡើង ដោយសម្ដែង ល្បីឈ្មោះ លោក ញ៉ែម សុគន្ធ នេះ បានកើតឡើង នៅវេលាម៉ោង១២ និង ៤០នាទី រំលងអធ្រាត្រ ឈានចូល ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៣ ស្ថិតនៅម្តុំអូឡាំពិក ត្រង់ចំណុច ផ្លូវលេខ១៥៧ កែង២៧៨ សង្កាត់អូឡាំពិក ខណ្ឌចំការមន ។

ប្រភពខាងលើ បាននិយាយថា មុនពេលកើតហេតុ គេឃើញរថយន្តឡិចស៊ីស RX330 ពណ៌ស្ករមួយគ្រឿង បើកបរដោយ បុរសម្នាក់ដែល ត្រូវបានគេស្គាល់ថា ជាតារាសម្តែង ប្រុសរូបសង្ហា គឺលោក ញ៉ែម សុគន្ធ ក្នុងទិសដៅពីត្បូង ទៅជើងតាមបណ្តោយ ផ្លូវលេខ១៥៧ ។ ខណៈមកដល់ត្រង់ចំណុចខាងលើ ក៏ស្រាប់តែជ្រុល ចង្កូតទៅបុកជាមួយ រថយន្តកាម៉ារី បាឡែនពណ៌ស មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2C-1923 បើកក្នុងទិសដៅ ពីកើតទៅលិច តាមផ្លូវលេខ ២៧៨ បណ្ដាលឲ្យ រងការខូចខាត ពីមុខផ្នែកខាងស្ដាំ ។

ប្រភពខាងលើ បានបន្តទៀតថា ក្រោយបង្កគ្រោះថ្នាក់ គេបានឃើញបុរសម្នាក់ ដែលគេស្គាល់ ថាជា លោក ញ៉ែម សុគន្ធ បានបើកទ្វាចុះ ពីលើរថយន្តមកក្រៅ ដោយបញ្ចេញឭកពារខឹងសម្បារ ហើយក៏បានប្រើ ពាក្យសម្តី ដៀលជេប្រមាថ ខាងភាគីរថយន្តបាឡែន រួចហើយក៏ឡើងជិះរថយន្តទៅបាត់ ដោយមិនព្រម ទទួលខុសត្រូវ និង ដោះស្រាយចំពោះ ទង្វើដែលខ្លួន ខុសនោះឡើយ។

ប្រជាពលរដ្ឋមួយចំនួន បានសម្តែងនូវ ការខកចិត្ត និងធ្វើការរិះគន់ផងដែរ ទៅលើទង្វើដែលបង្កឡើង ពីសំណាក់តារា សម្តែងល្បីឈ្មោះ លោក ញ៉ែម សុគន្ធ ។ ដោយហេតុថា លោក ញ៉ែម សុគន្ធ គឺជាតារាសម្តែង ដែលមានឈ្មោះល្បី ប៉ុន្តែហេតុអ្វីបានជា ធ្វើចរិកមិនសម នឹងកេរ្តិ៍ឈ្មោះ បែបនេះទៅវិញ។
នៅថ្ងៃនេះ Looking TODAY បានទូរស័ព្ទ ទៅពិធីករ ចង្កាព្រែកលោក ញ៉ែម សុគន្ធ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៣នេះ ដោយតារាសម្តែងរូបនេះ បានលើកទូរស័ព្ទ ហើយលោក និយាយយ៉ាងខ្លីថា “សុំទោសច្រឡំលេខ ហើយរួចក៏ បិទទូរស័ព្ទតែម្តង ទាំងដែល សំឡេងនោះ គេស្គាល់យ៉ាងច្បាស់ថា ជាសំឡេងរបស់ លោក ញ៉ែម សុគន្ធ ហើយ ” ។

ជុំវិញការ វាយឫកខ្ពស់ហាក់ មានការរើសអើង ទៅលើអ្នកសារព័ត៌មាន និងបញ្ចេញ ចរិកមិនសមរម្យ លើទស្សនិកជននោះបានធ្វើឲ្យ ប្រជាពលរដ្ឋមួយចំនួន បានសម្តែងនូវ ការខកចិត្ត និងធ្វើការរិះគន់ មិនសំចៃមាត់សម្តែង ការមិនពេញចិត្ត ចំពោះអត្តចរិក របស់សុភាពបុរស តែក្នុងកញ្ចក់ទូរទស្សន៍រូបនេះផងដែរ ទៅលើទង្វើ ដែលបង្កឡើង ពីសំណាក់តារា សម្តែងល្បីឈ្មោះ លោក ញ៉ែម សុគន្ធ ។ ដោយហេតុថា លោកជាតារាសម្តែង ដែលមានឈ្មោះល្បី ប៉ុន្តែហេតុអ្វីបានជា ធ្វើចរិកមិនសម នឹងកេរ្តិ៍ឈ្មោះ បែបនេះទៅវិញ៕









ដោយ៖ Looking TODAY

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]