ភ្នំពេញ៖ មុននេះបន្តិច តារាចម្រៀងរូបសង្ហាប្រចាំផលិតកម្ម សាន់ដេ លោក អាន គុណកូឡា ជាមួយដៃគូដ៏ស័ក្តិសម គឺ កញ្ញា យូរី ត្រូវបានមហាជន និងស្រទាប់យុវវ័យមួយចំនួន ដឹងយ៉ាងច្បាស់ថា តារាចម្រៀងប្រុសស្រីទាំងពីរដួងនេះ នឹងត្រូវដឹងដៃគ្នា ចេញទៅច្រៀងនៅប្រទេសកូរ៉េ ។ មិនតែប៉ុណ្ណោះ ក៏មានបណ្តាញសារព័ត៌មាន ក្នុងស្រុកមួយចំនួនចុះផ្សាយព្រោងព្រាត ស្តីពីដំណើរចេញទៅច្រៀងនៅខាងក្រៅប្រទេស របស់អ្នកទាំងពីរផងដែរ ។

ប៉ុន្តែដោយឡែក នៅពេលនេះគម្រោងចេញទៅច្រៀងនៅប្រទេសកូរ៉េ របស់លោក អាន គុណកូឡា និង យូរី ត្រូវបានលុបចោលវិញ យ៉ាងឆាប់រហ័ស ខណៈដំណឹងនេះ ត្រូវបានមហាជនទូទៅបានដឹងរួចទៅហើយនោះ ។

មូលហេតុដែលតារាចម្រៀងរួមដំបូលប្រុសស្រីទាំងពីរដួងនេះលុបចោលគម្រោងចេញទៅច្រៀងនៅប្រទេសកូរ៉េពេលនេះ គឺដោយសារ តែខាងផលិតកម្ម សាន់ដេ ជាប់រវល់ខ្លាំង ។

ជុំវិញនឹងការលុបចោលគម្រោង ចេញទៅច្រៀងនៅប្រទេសកូរ៉េ របស់តារាចម្រៀង សាន់ដេ លោក អាន គុណកូឡា និង យូរី ត្រូវបានស្រីស្រស់តូចច្រឡឹង យូរី ប្រាប់គេហទំព័រ LookingTODAY ឲ្យដឹងថា “ឥឡូវនេះគម្រោងចេញទៅច្រៀង នៅប្រទេសកូរ៉េរបស់ខ្ញុំ គឺបានលុបចោល(Cancel)ហើយបង…! ព្រោះតែខាងផលិតកម្ម សាន់ដេ សម្រុកថតខ្សែភាពយន្ត ហើយតារាចម្រៀង ដែលត្រូវចេញទៅច្រៀង នៅទីនោះ ក៏ត្រូវថតខ្សែភាពយន្តដែរ ។ ដូច្នេះពួកខ្ញុំ ក៏សម្រេចចិត្តលុបចោលគម្រោងនេះតែម្តង.." ។

យូរី បានបន្តថា តាមពិតទៅគម្រោង ដែលត្រូវចេញទៅច្រៀងនៅប្រទេសកូរ៉េ គឺតាំងពីថ្ងៃទី ២ សីហា មកម៉្លេះ ហើយនឹងត្រឡប់ មកវិញនៅថ្ងៃទី ៦ ខែ សីហា តែពេលនេះ គឺត្រូវបានលុបចោលទៅហើយ ដោយតារាចម្រៀងដែលត្រូវទៅច្រៀង ជាប់រវល់ថតខ្សែភាពយន្ត ។

គួរបញ្ជាក់ថា នារដូវធ្លាក់ភ្លៀងចូលមកដល់ តារាចម្រៀងប្រុសស្រី របស់ផលិតកម្ម សាន់ដេ ទាំងអស់មានការមមាញឹកយ៉ាងខ្លាំង ស្ទើរដកឃ្លាមិនរួច នេះព្រោះតែខាងផលិតកម្ម បានចាប់ផ្តើមសម្រុកថតខ្សែភាពយន្តថ្មី របស់ខ្លួនគឺរឿង “ព្រាយក្បាលប្រាំបី” ។ ចំណែកតួសម្តែងសំខាន់ៗទាំងអស់ គឺសុទ្ធតែជាតារាចម្រៀង នៅក្នុងផលិតកម្មនេះតែម្តង ៕







 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អាន គុណកូឡា