ខេត្តកែប ៖ ខណៈពេលដែលក្មេងស្រី ២នាក់ នៅក្នុងភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ បានស្លាប់យ៉ាងទាន់ហន់បំផុត ជាបន្តបន្ទាប់គ្នា កាលពីដើមខែសីហានេះ ធ្វើឱ្យអ្នកស្រុកភ្ញាក់ផ្អើល នាំគ្នាដាក់រូបទីងមោងនៅមុខផ្ទះ រៀងៗខ្លួនបណ្ដេញខ្មោច ព្រាយបិសាចមិនឱ្យចូល ក្នុងលំនៅឋានព្រោះតែមានជំនឿថា អាចការពារអាយុជីវិតកូនចៅ របស់ពួកគាត់មិនឱ្យខ្មោច ព្រាយបិសាចមកយាយីបាន ។ នេះជាវិធីការពារ ដែលធ្លាប់តែកើតមានតាំងពីបុរាណមក ។

យុវជនម្នាក់ឈ្មោះពេជ្រ សុវត្ថិ  អាយុ២៧ឆ្នាំ នៅភូមិលាវ និយាយថា ផ្ទះខ្លួនក៏បានដាក់រូបទីងមោងដែរ ហើយផ្ទះអ្នកភូមិជាច្រើនសុទ្ធតែបានដាក់ទីងមោងនៅ មុខផ្ទះដូច គ្នា ។ យុវជនរូបនេះនិយាយថា ការដាក់ទីងមោងនៅមុខផ្ទះនេះកើតមាន ពេលកូនអ្នកភូមិ២នាក់ទើបស្លាប់ ហើយម្យ៉ាងទៀត មានតាចាស់ម្នាក់បានយល់សប្ដិឃើញមានរថយន្តយោធា ដើរប្រមូលក្មេងៗនៅភូមិភ្នំលាវឱ្យទៅធ្វើការនៅស្រុកកំពង់ ត្រាច ដែលធ្វើឱ្យអ្នកភូមិកើតមានជំនឿថា ក្មេងៗជាច្រើននាក់ទៀតនឹងស្លាប់ដោយសារខ្មោចព្រាយបិសាចមក ចាប់យកទៅ ។ អ្នកភូមិមានការភិតភ័យថា សុបិនអាក្រក់អីុចឹងប្រហែលជាខ្មោចព្រាយដើរហៅព្រលឹង ក្មេងៗហើយ ទើបនាំគ្នាដាក់រូបទីងមោងបណ្ដេញខ្មោចព្រាយដើម្បីសុវត្ថិភាព កូនចៅ ។ ស្ត្រីម្នាក់ជាអ្នកលក់ដូរនៅភូមិភ្នំលាវ ក៏បានដាក់ទីងមោងនៅមុខផ្ទះដែរ ។ ស្ត្រីរូបនេះមិនបានប្រាប់ឈ្មោះទេ តែគាត់និយាយថា ដោយឃើញគេដាក់ទីងមោងគ្រប់ផ្ទះ គាត់ក៏ឱ្យប្ដីធ្វើទីងមោងដាក់ដូចគេដែរទៅ ព្រោះឮគេនិយាយតៗគ្នាថា ខ្មោចដើរហៅព្រលឹងក្មេងៗ។ ឯស្ត្រីចំណាស់ម្នាក់ទៀតឈ្មោះអ៊ុង សារឿន អាយុ៥៦ឆ្នាំ នៅភូមិភ្នំលាវដែរនិយាយថា ផ្ទះគាត់ក៏មានដាក់ទីងមោងដែរ ព្រោះឮគេនិយាយថា ខ្មោចព្រាយដើរហៅព្រលឹងក្មេងៗនៅពេលយប់ ហើយក៏ស្របពេលគ្នាដែលកាលពីប៉ុន្មានថ្ងៃមុនមានក្មេង ស្រីអាយុ១០ឆ្នាំ ម្នាក់ និងអាយុ១២ឆ្នាំ ម្នាក់បានស្លាប់បន្តបន្ទាប់គ្នានៅក្នុងភូមិរកមូលហេតុ ច្បាស់លាស់មិនឃើញ ។ ម្យ៉ាងវិញទៀតក៏មានអ្នកភូមិម្នាក់សុបិនឃើញថា មានរថយន្តយោធាហៅក្មេងៗឱ្យជិះទៅទិសខាងកើត ទើបនាំគ្នាធ្វើទីងមោងដាក់តាមផ្ទះបន្លាចខ្មោចខ្លាច ដើម្បីឱ្យអ្នកភូមិរស់នៅបានសុខសប្បាយ ។

ចំណែកលោកតាព្រាប ឌី  អាយុ៧៤ឆ្នាំ ជាអាចារ្យនៅវត្តភ្នំខ្វាវ ឃុំពងទឹក ដែលជាម្ចាស់សុបិនធ្វើឱ្យអ្នកស្រុកនាំគ្នាផ្អើលធ្វើទីងមោង ដាក់តាមផ្ទះបែបនេះនិយាយថា ក្មេងស្រី២នាក់បានស្លាប់ភ្លាមៗបន្តបន្ទាប់គ្នាគួរឱ្យ ភ្ញាក់ផ្អើល ។ ក្រោយពីធ្វើបុណ្យសពហើយ គាត់ក៏សុបិននៅយប់មួយនោះឃើញគេប្រមូលក្មេងៗនៅក្នុងភូមិ ដាក់រថយន្តដឹកទៅទិសខាងកើត ។ លោកតាអាចារ្យក៏បានប្រាប់ទៀតថា  ដោយសារសុបិនឃើញហេតុដ៏អាក្រក់បែបនេះគាត់ក៏ប្រាប់ អ្នកភូមិឱ្យធ្វើពិធីបួងសួងមួួយ រៀបចំនៅផ្លូវជាតិដើម្បីបញ្ចៀសគ្រោះមហន្តរាយផ្សេងៗ ដល់អ្នកភូមិ ។ ចំណែករឿងដាក់ទីងមោងនៅមុខផ្ទះ គាត់មិនបានប្រាប់ឱ្យដាក់ទេ គឺគេដាក់ខ្លួនគេព្រោះវាជាទម្លាប់មានតាំងពីដើមមក ។ មន្ត្រីនគរបាលស្រុកដំណាក់ចង្អើរមួយរូបនិយាយថា គាត់ពិតជាបានឃើញពលរដ្ឋជាច្រើនដាក់ទីងមោងមុខផ្ទះ តាមដងផ្លូវមែន និងនិយាយតៗគ្នាថា ដាក់ទីងមោងនេះសម្រាប់បង្ការការពារកុំឱ្យខ្មោចបិសាច ដើររាតត្បាតហៅព្រលឹងមនុស្ស ។ ទោះជាបែបនេះក្ដីខាង អាជ្ញាធរស្រុកមិនបានចាប់អារម្មណ៍ឡើយ ព្រោះជារឿងរបស់អ្នកភូមិ និងមិនប៉ះពាល់អ្វីដល់សង្គមនោះទេ ។

គេបាននិយាយថា កាលពីប៉ុន្មានឆ្នាំមុននៅខេត្តកែបនេះក៏មានដាក់រូបទីងមោង ស្ទើរតែគ្រប់ផ្ទះ ហើយកាលណោះសូម្បីតែនៅមុខផ្ទះលោកអភិបាលខេត្តក៏មានដាក់ ទីងមោងដែរ ។ ចំណែកមន្ទីរសុខាភិបាលខេត្តដូចជាមិនទាន់ឃើញមានការចាប់ អារម្មណ៍រឿងមានក្មេងស្រីស្លាប់ដោយគ្មានមូលហេតុនេះដែរ ។ សង្ស័យមានជំងឺអ្វីមួយរាតត្បាតហើយមើលទៅ ៕



ដោយ ៖លក្ខិណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]