រាជធានីភ្នំពេញ ៖ អ្នកដើរកម្សាន្តក៏ដូចជាភ្ញៀវ ទេសចរបរទេស បានសម្តែងការព្រួយបារម្ភ ជាខ្លាំងពីសុវត្ថិភាព របស់ពួកគេក្នុងការដើរកម្សាន្ត នៅផ្សាររាត្រីនាពេលយប់ ជាពិសេសនៅពេលដើរឆ្លងកាត់ សួនច្បារផ្សារចាស់ម្តងៗ ពីព្រោះនៅទីនោះក្រុមស្ទាវហិតកាវតែងនាំគ្នាឡោមព័ទ្ធ វាយប្លន់យកទ្រព្យសម្បត្តិជាប់ខ្លួន របស់ពួកគេជាញឹកញាប់។

ម្ចាស់ហាងកាហ្វេមួយកន្លែង ស្ថិតនៅខាងលិចផ្សារចាស់ តាមបណ្តោយផ្លូវលេខ១០៨ ស្ថិតនៅក្នុងភូមិ៥ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញបាននិយាយឱ្យកោះសន្តិភាពដឹងថា ចាប់ពីម៉ោង៧យប់រហូតដល់វេលាទៀបភ្លឺ តែងតែមានក្រុមស្ទាវដែលមានអាយុចាប់ពីជាង១០ឆ្នាំ ឡើងទៅបានប្រមូលផ្តុំគ្នានៅលើសួនច្បារខាង លិចផ្សារចាស់ផ្លូវលេខ១០៨ ស្ថិតក្នុងសង្កាត់វត្តភ្នំ មានប្រុសមានស្រីប្រហែលជិត២០នាក់ ពពាក់ពពូននាំគ្នាឈរហិតកាវ យា៉ងអនាធិបតេយ្យ ហើយអ្នកខ្លះនាំគ្នាអង្គុយផឹកស្រាស្រែកឡូឡាហាក់ ដូចជាមិនញញើតសមត្ថកិច្ចមូលដ្ឋានឡើយ ។ ក្រុមស្ទាវទាំងនោះបានកើតមានឡើង តាំងពីមុនបោះឆ្នោតមកម៉្លេះ ប៉ុន្តែមិនឃើញអាជ្ញាធរមកលុបបំបាត់ទេ ចេះតែបណ្តែតបណ្តោយរហូតមក ។ ជាមួយគ្នានេះក៏មានស្ត្រីចាស់ៗនាំគ្នាដេកក្ រោមដើមត្របែកព្រៃនៅពេលថ្ងៃរហូត ដល់យប់ទៀតផង ជាទីតាំងអាក្រក់មើលបំផុត និងគួរឱ្យខ្លាច ។ ម្ចាស់ហាងកាហ្វេដដែលនោះបន្តថា នៅពេលយប់ពួកគេបានចែកផ្លូវគ្ នាដើររកស៊ីរៀងៗខ្លួន ខ្លះឈរនៅតាមមាត់ទន្លេ ហើយខ្លះទៀតឈរនៅលើសួនច្បារផ្សារចាស់ រង់ចាំឱ្យតែមានជនបរទេសក៏ដូច ជាអ្នកដើរកម្សាន្តនាពេលយប់ដើរឆ្លងកាត់ទីនោះ ក្រុមស្ទាវទាំងនោះនឹងប្រើល្បិចសុំលុយ ឬដើរតាមធ្វើជាសុំបារី ។ ឆ្លៀតឱកាសនោះពួកគេក៏យកកាំបិតភ្ជង់ ប្លន់យកកាបូបលុយ ទូរស័ព្ទដៃ និងសម្ភារផ្សេងៗទៀត ដែលអាចលក់យកលុយបាន ។

ក្រុមស្ទាវហិតកាវទាំងនោះតែងតែធ្វើ សកម្មភាពនៅពេលយប់ ចាប់ពីម៉ោង១១យប់ឡើងទៅ ។ ជាក់ស្តែង កាលពីយប់ថ្ងៃទី១០ សីហា កន្លងមកនេះ ជនបរទេសពីរនាក់ប្តីប្រពន្ធត្រូវ បានក្រុមស្ទាវមានគ្នា៥នាក់ បានចោមរោមពីមុខពីក្រោយ គំរាមប្លន់យកកាបូបស្ពាយ និងទូរស័ព្ទ ។ ដោយមានការភ័យខ្លាចខ្លាំងពេក ជនបរទេសទាំងពីរនោះក៏បាននាំគ្នារត់ឆ្ពោះទៅផ្សាររាត្រី តែមិនបានដាក់ពាក្យបណ្តឹងទៅនគរបាលនោះទេ ។ ម្ចាស់ហាងកាហ្វេដដែលបានបញ្ជាក់ថា ទាំងអ្នករកស៊ីក៏ដូចជាប្រជាពលរដ្ឋ នៅខាងលិចផ្សារចាស់ឱ្យតែយប់ជ្រៅបន្តិច មិនហា៊នដើរកាត់លើសួនច្បារផ្សារចាស់តាមបណ្តោយផ្លូវលេខ១០៨នេះទេ ពីព្រោះខ្លាចក្រុមស្ទាវវាយប្លន់យកទ្រព្យសម្បត្តិ ។ ក្នុងមួយខែៗយា៉ងតិចណាស់ក៏កើតអំពើ ប្លន់នៅចំណុចខាងលើមិនក្រោមពី១០លើកទេ ហើយកម្រឃើញអាជ្ញាធរមូលដ្ឋានចុះ អន្តរាគមន៍ទាន់ពេលវេលាណាស់ មិនដឹងទៅណាអស់ ។

លោក ណាង ហេង មន្ត្រីនគរបាល ក្រសួងមហាផ្ទៃបាននិយាយថា តាមលោកសង្កេតឃើញមានក្មេងអនាថា ក្មេងសុំទាន ក្មេងរើសអេតចាយ និងយុវជនស្ទាវប្រុសស្រីបាននាំគ្នាហិតកាវ ផឹកស្រារាល់ថ្ងៃ ទាំងព្រឹក ទាំងយប់ នៅលើសួនច្បារខាង លិចផ្សារចាស់តាមផ្លូវលេខ១០៨ ស្ថិតក្នុងសង្កាត់វត្តភ្នំ គឺហាក់បីដូចជាទីនោះជាមជ្ឈមណ្ឌលជក់ថ្នាំ និងហិតកាវទៅហើយ ។ នៅពេលយប់ជនទាំងនោះធ្វើសកម្មភាពប្លន់ ដោយមិនរើសមុខ ។ លោកបន្តថា នៅពេលយប់មានភ្ញៀវទេសចរអន្តរជាតិ និងប្រជាពលរដ្ឋជាច្រើនដែលដើរឆ្លងកាត់ទៅផ្សាររាត្រី ត្រូវប្រឈមមុខនឹងបញ្ហានេះ ដែលធ្វើឱ្យប៉ះពាល់យា៉ងធ្ងន់ធ្ងរ លើវិស័យទេសចរណ៍ទៀតផង ។ កន្លងមកអំពើប្លន់អ្នកដំណើរដើរកម្សាន្ត នៅមាត់ទន្លេផ្សារចាស់ ដោយស្នាដៃក្រុមស្ទាវហិតកាវវាយប្លន់កើតមានជារឿយៗ មិនដែលឃើញសមត្ថកិច្ចមូលដ្ឋានបង្ក្រាបបានដោយខ្លួនឯងណាស់ បើបង្ក្រាបបានគឺដោយសារ អ្នករងគ្រោះដែលក្លាហានចាប់ឱ្យតែប៉ុណ្ណោះ ។ តើឯណាទៅភូមិ-សង្កាត់មានសុវត្ថិភាព របស់អាណាចក្រខណ្ឌដូនពេញ ?

ជាមួយនឹងបញ្ហាអសកម្មនេះ ប្រជាពលរដ្ឋក៏ដូចជាមន្ត្រីរាជការ ដែលមានលំនៅឋានក្បែរសួនច្បារខាង លិចផ្សារចាស់សំណូមពរសុំឱ្យលោកឧត្តម សេនីយ៍ស្នងការនគរបាលរាជធានីភ្នំពេញ មេត្តាជួយឆ្កឹះនាយនគរបាលប៉ុស្តិ៍រដ្ឋបាលវត្តភ្នំ និងអាជ្ញាធរសង្កាត់ឬក៏លោក អធិការខណ្ឌឱ្យលុបបំបាត់ភាព អនាធិបតេយ្យនៅចំណុចសួនច្បារផ្សារ ចាស់ផ្លូវលេខ១០៨ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញនេះផង ។ អ្នករស់នៅក្បែរនោះឃើញទិដ្ឋភាពអាក្រក់នេះ មានការភ័យខ្លាចខ្លាំងណាស់ ឱ្យតែពេលយប់គឺនាំគ្នាមិនហា៊នចេញពីក្នុងផ្ទះឡើយ ។ បើលោកអធិការខណ្ឌដូនពេញមិនជឿទេ យប់ណាមួយលោកតឺនុយហំបន្តិច ហើយដើរម្នាក់ឯងសាកមើល បើមិនរត់បាតជើងសព្រាតទេ ហា៊នភ្នាល់ ៕




-

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]