រាជធានីភ្នំពេញ ៖ កន្លងមកយើងធ្លាប់ឃើញតែ រថយន្តទេក្រឡាប់ផ្ងារពោះ ប៉ុន្តែករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូលើកនេះម៉ូតូជាអ្នកក្រឡាប់បះកង់ ទ្រមេឃនៅមុខរថយន្ត ឯម្ចាស់ម៉ូតូផ្លោងបោកកញ្ចក់រថយន្តរងរបួសធ្ងន់ ។ គ្រោះថ្នាក់នេះកើតឡើងកាលពីវេលា ម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២២ សីហា នៅចំណុចផ្លូវលេខ៥៦៦ កែងផ្លូវលេខ២៩៨ មុខសាលាបឋមសិក្សាទួលគោក ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុឱ្យដឹងថា  រថយន្តកូរ៉ូឡា ពណ៌ស្លែ បើកបរដោយបុរសម្នាក់ តាមផ្លូវលេខ២៩៨ ពីលិចទៅកើត ចំណែកម៉ូតូសេ១២៥ ស៊េរីឆ្នាំ២០០៨ ពណ៌ខ្មៅ ជិះម្នាក់ឯងពីកើតទៅលិច ខណៈមកដល់ចំណុចខាងលើ រថយន្ត និងម៉ូតូបុកគ្នាចំពីមុខពេញទំហឹង បណ្តាលអ្នកបើកម៉ូតូផ្លោងបោកនឹងកញ្ចក់រថយន្តរងរបួសធ្ងន់ ចំណែកម៉ូតូខូចខាតផ្នែកខាងមុខក្រឡាប់ បះកង់ទ្រមេឃនៅពីមុខរថយន្ត ។ ក្រោយពេលកើតហេតុ អ្នករងរបួសធ្ងន់ត្រូវរថយន្ត សង្គ្រោះដឹកទៅព្យាបាលនៅគ្លីនិកឯកជន ចំណែករថយន្ត និងម៉ូតូ សមត្ថកិច្ចវាស់វែងរួចយកទៅ រក្សាទុកនៅអធិការដ្ឋានខណ្ឌទួលគោក៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]