ភ្នំពេញ ៖ យុវជនចំនួន ២នាក់ ត្រូវស្លាប់បាត់បង់ជីវិត យ៉ាងអាណោចអាធ័ម នៅក្នុងថ្លុកឈាម លើស្ពាន ៧មករា តាមបណ្តោយផ្លូវជាតិលេខ ៣ ក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ខណៈពួកគេជិះម៉ូតូ ១គ្រឿង ហើយត្រូវរថយន្ត ហ៊ីយ៉ានដាយបើកបរ ក្នុងទិសដៅច្រាសគ្នា ជ្រុលបុក យ៉ាងពេញ ទំហឹងកាលពីវេលាម៉ោង ១៧ ល្ងាច ថ្ងៃទី២២ ខែសីហា ឆ្នាំ ២០១៣ ។

សមត្ថកិច្ចបានឲ្យដឹងថា សាកសព យុវជន ២នាក់ខាងលើទី ១ឈ្មោះ អ៊ុង សំអាត ភេទប្រុសអាយុ ២៤ ឆ្នាំមុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិចំបកគុយ ឃុំចំលង ស្រុកស្វាយជ្រុំ ខេត្តព្រៃវែង នឹងទី២ ឈ្មោះ ម៉ាក យុទ្ធ ភេទប្រុស អាយុ ២៤ ឆ្នាំ ស្នាក់នៅភូមិត្នោតជុំ ឃុំសំបូរ ស្រុកទ្រាំង ខេត្តតាកែវ ហើយពួកគេបានជិះម៉ូតូ ១គ្រឿងម៉ាក វ៉េវ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1A-8794 ជិះធ្វើដំណើរតាម បណ្តោយផ្លូវជាតិលេខ ៣ ដោយ ជិះទិសដៅពីជើងទៅត្បូង ល្បឿនយ៉ាងលឿន ខណៈជិះដល់ចំណុចកើត ហេតលើស្ពាន ៧មករា ក៏ស្រាប់ តែមានរថយន្តហ៊ីយ៉ានដាយ ១គ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3C 0220 ដែលបើកបរដោយ បុរស ម្នាក់កំពុង ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ បញ្រ្ចាសទិសគ្នាជាមួយម៉ូតូ ហើយក៏ រេចង្កូត រថយន្ត បុកម៉ូតូវ៉េវ ទាំងកំរោលតែម្តង បណ្តាលឲ្យយុវជន ២នាក់ដែលជិះម៉ូតូវ៉េវ ត្រូវបោកក្បាលស្លាប់ យ៉ាង អាណោចអាធ័ម នៅក្នុងថ្លុកឈាមនឹងកន្លែងកើតហេតុ តែម្តង នឹងរថយន្តបង្កហេតុ បានព្យាយាម បើករត់បានប្រហែលជាង ៣០០ម៉ែត្រ ក៏ត្រូវប្រជាពលរដ្ឋនឹងសមត្ថកិច្ចដេញឃាត់រថយន្តជាប់ ប៉ុន្តែអ្នកបើកបររថយន្តបង្កហេតុបានរត់គេចខ្លួន បាត់ស្រមោលភ្លាមៗ។

គ្រោះថ្នាក់នេះបណ្តាលឲ្យរថយន្តបង្កហេតុ នឹងម៉ូតូវ៉េវ ត្រូវរងការខូចខាតត្រូវបានសមត្ថកិច្ចមូលដ្ឋាន សហការជាមួយ នគរបាលជំនាញចុះវាស់វែង អូសយកទៅរក្សាទុកទៅការិយាល័យ ចរាចរ ជើងគោក រាជធានីភ្នំពេញ រង់ចាំដោះស្រាយនាពេលក្រោយ  ហើយសាកសពយុវជន ២ នាក់ខាងលើត្រូវប្រគល់ឲ្យ ក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត។ ហេតុការណ៍ ដ៏រន្ធត់ខាងលើបង្កឡើងដោយសាររថយន្តបង្កហេតុ បើកលឿនវ៉ាជាមួយនឹងម៉ូតូ ផ្សេងទៀតទើបបណ្តាល ឲ្យរេចង្កូតបុករះម៉ូតូវ៉េវយ៉ាងពេញទំហឹងតែម្តងទៅ៕  











បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]