រាជធានីភ្នំពេញ ៖  ផ្ទះឈើ២ខ្នងបានរងការ ខូចខាតបាក់សសរ ដោយសាររថយន្ដកាម៉ាស់ សណ្ដោងដឹកអីវ៉ាន់ ពណ៌សលាយទឹកសមុទ្រ មួយគ្រឿងអ្នកបើកបរស្ថិតក្នុងសភាពស្រវឹងជោកជាំ បានបើកធ្លាក់ផ្លូវក្រឡាប់ចូលក្រោមផ្ទះ កាលពីវេលាម៉ោង ១២និង២៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២២ សីហា តាមបណ្ដោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិក្រួស សង្កាត់សំរោង ខណ្ឌពោធិ៍សែនជ័យ ធ្វើឱ្យម្ចាស់ផ្ទះដែលកំពុងលង់លក់ ក្នុងដំណេកភ័យលស់ព្រលឹង បើកទ្វារចេញមកក្រៅទាំងមមីមមើ ។ បុរសបើករថយន្ដកាម៉ាស់ខាងលើឈ្មោះ ឡាយ ស៊ុយ អាយុ៤៥ឆ្នាំ មានស្រុកកំណើតនៅភូមិឫស្សីកោង ឃុំឫស្សីកោង ស្រុកមង្គលបូរី ខេត្ដបន្ទាយមានជ័យ។

លោក ស៊ិន សុវណ្ណ នាយរងផ្នែកសណ្ដាប់ធ្នាប់ចរាចរជើង គោកខណ្ឌសែនសុខឱ្យដឹងថា មុនពេលកើតហេតុ រថយន្ដកាម៉ាស់សណ្ដោងដឹកអីវ៉ាន់ ពណ៌សលាយទឹកសមុទ្រ ពាក់ស្លាកលេខ ភ្នំពេញ3A-5738 បើកបរដោយបុរសស្រវឹងស្រាជោកជាំ រួមដំណើរដោយព្រូម្នាក់ស្រវឹងដូចគ្នា ក្នុងល្បឿនលឿនតាមបណ្ដោយ ផ្លូវជាតិលេខ៥ពីត្បូងទៅជើង ។ ពេលទៅដល់ចំណុចកើតហេតុ បានបើកវ៉ារថយន្ដមួយគ្រឿងនៅពីមុខក៏ជ្រុលចង្កូត ធ្លាក់ផ្លូវក្រឡាប់ចូលក្រោមផ្ទះឈើ២ខ្នងរបស់ ប្រជាពលរដ្ឋដែលសង់ក្បែរចិញ្ចើមផ្លូវ បណ្ដាលឱ្យបាក់សសរកៀប រថយន្ដជាប់ពីក្រោម សំណាងល្អមិនបណ្ដាលឱ្យមានអ្នកស្លាប់ ឬរងរបួសទេ តែធ្វើឱ្យម្ចាស់ផ្ទះភ័យព្រលឹងចុងសក់ នាំគ្នារត់ប្រសាចចេញមកក្រៅ ។

ប្រភពបន្ដថា រថយន្ដកាម៉ាស់សណ្ដោងដឹកអីវ៉ាន់ ចេញពីរាជធានីភ្នំពេញឆ្ពោះទៅក្រុងប៉ោយប៉ែត ។ តែមិនទាន់ចេញផុតពីរាជធានីផង ក៏ជួបគ្រោះថ្នាក់ទៅហើយ ។ ម្ចាស់ផ្ទះលោក សេង រីណា អាយុ៤៥ឆ្នាំ និងលោក សេង រ៉ាវី អាយុ៧២ឆ្នាំ ជាឪពុកនិងកូនបាននិយាយទាំងទឹកមុខស្លេកស្លាំងថា ពួកគាត់រួមទាំងគ្រួសារសឹងតែមិនជឿថាអាចមានជីវិតរស់នៅតទៅទៀតទេ ព្រោះពេលគាត់កំពុងលង់លក់ក្នុងដំណេក ស្រាប់តែឮសំឡេងដូចរន្ទះបុក ចូលក្រោមផ្ទះរបស់គាត់ ធ្វើឱ្យពួកគាត់ភ័យស្ទើរស្លាប់ សំណាងបន្ដិចដែរ ដែលរថយន្ដមិនរមៀលចូលក្នុងផ្ទះកុំអី ប្រហែលជារងទុកធំជាងនេះ ។

ក្រោយពេលកើតហេតុ ប៉ូលិសចរាចរមានបំណងស្ទូចរថយន្ដ យកទៅដោះស្រាយនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ប៉ុន្ដែម្ចាស់ផ្ទះសំណូមពរមិនឱ្យស្ទូចទេ ព្រោះខ្លាចបាក់រលំផ្ទះរបស់គាត់ទាំងកណ្ដាលយប់ រង់ចាំព្រឹកឡើងរកវិធីស្ទូចរថយន្ដចេញ ៕ 







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]