ខេត្តតាកែវ ៖ នគរបាលស្រុកអង្គរបុរី បានឃាត់ខ្លួនជនម្នាក់ទៅតាមពាក្យបណ្តឹងរបស់ ឪពុកម្តាយនារីរងគ្រោះដែលចោទប្រកាន់ពី បទចាប់រំលោភកូនស្រីរបស់ពួកគាត់ ខណៈនាងដើរទៅលេងនៅលើ ទួលកប់ខ្មោចតែម្នាក់ឯង ។ ដោយសារឃើញឱកាសល្អ ជនជាប់ចោទក៏បានចាប់រំលោភរហូតបានសម្រេច រួចក៏ដើរត្រឡប់ទៅផ្ទះរបស់ខ្លួនវិញ ធ្វើដូចជាគ្មានរឿងអ្វីកើតឡើង តែត្រូវនារីរងគ្រោះនិយាយពីសកម្មភាព ជនជាប់ចោទចាប់រំលោភប្រាប់ឪពុកម្តាយ ទើបពួកគាត់ដឹកដៃនាងទៅចង្អុល មុខជនសង្ស័យ រួចប្តឹងនគរបាលឱ្យចាប់ខ្លួនតែម្តង ។

ការចាប់ខ្លួននេះបានធ្វើឡើងកាលពីថ្ងៃទី២១ សីហា វេលាម៉ោង១១ និង៣០នាទីព្រឹក នៅក្នុងឃុំព្រៃផ្គាំ ស្រុកអង្គរបុរី ។ លោក មួល ហួន អធិការនគរបាលស្រុកអង្គរបុរី ឱ្យដឹងថា ជនជាប់ចោទដែលនគរបាលចាប់ ខ្លួនតាមពាក្យបណ្តឹងនេះឈ្មោះ ផាន់ ផល្លា អាយុ២៤ឆ្នាំ មានប្រពន្ធ តែមិនទាន់មានកូនទេ ចំណែកនារីរងគ្រោះអាយុ១៧ឆ្នាំ ជាមនុស្សមានសតិមិនសូវល្អ ។ មុនពេលកើតហេតុ នារីរងគ្រោះបានដើរទៅលេងលើទួលកប់ខ្មោច នៅខាងកើតភូមិចម្ងាយប្រហែល ២០០ម៉ែត្រតែម្នាក់ឯង ខណៈនោះដែរ ជនជាប់ចោទបានទៅទួលនោះដើម្បីបត់ជើងក៏ជួបនាងនៅតែម្នាក់ឯង ហើយដោយឃើញឱកាសស្ងាត់ល្អ គេក៏ចាប់រំលោភតែម្តងរហូតបានសម្រេច ។

នៅចំពោះមុខមន្ត្រីនគរបាល ជនជាប់ចោទសារភាពថា រូបគេពិតជាបានចាប់រំលោភនាងមែន ដោយសារមានចំណង់ផ្លូវភេទ ហើយឃើញឱកាសល្អ ។ លោកវរសេនីយ៍ទោ សែម សុជាតិ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត ឱ្យដឹងថា ជនជាប់ចោទត្រូវបានកសាង សំណុំរឿងគ្រប់គ្រាន់ហើយ ហើយនៅព្រឹកថ្ងៃទី២៣ សីហា និងបញ្ជូនទៅសាលាដំបូងខេត្ត ៕ 



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]