ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់ ត្រូវកម្លាំងកងរាជអាវុធហត្ថ (អ.ហ) ឃាត់ខ្លួន កាលពីព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៣ វេលាម៉ោង៩ និង៣០នាទីព្រឹក បន្ទាប់ពីមានអ្នកលក់ខោអាវ នៅផ្សារអគ្គថ្មី ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ ប្តឹងថា ជននេះបានយកដៃស្ទាបគូទនាង ពេលដែលនាងកំពុងឱនរើសឥវ៉ាន់លក់។

លោក ហម ម៉ុត មេបញ្ជាការ អ.ហ ក្រុងប៉ោយប៉ែត បានឲ្យដឹងនៅថ្ងៃទី២២ ខែសីហា ឆ្នាំ ២០១៣នេះថា ជន សង្ស័យមានឈ្មោះ វិន គឿន ភេទប្រុស អាយុ ២៩ឆ្នាំ មានស្រុកកំណើតនៅស្រុក ថ្មគោល ខេត្តបាត់ដំបង សព្វថ្ងៃរស់នៅភូមិព្រៃគប់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ រីនាងក្រមុំរងគ្រោះ មានឈ្មោះ ឆ ប ល ភេទ ស្រី អាយុ ២៤ឆ្នាំ ជាអាជីវករលក់ខោអាវ នៅផ្សារអគ្គថ្មី ក្រុងប៉ោយប៉ែត។

លោក ហម ម៉ុត បានបន្តថា មុនឃាត់ខ្លួនជនសង្ស័យ វិន គឿន នេះ ត្រូវបាននារីលក់ខោអាវ ខាងលើចោទថា បានស្ទាបអង្អែលគូទ របស់នាង ខណៈដែលនាង រវល់ឱនរើសខោអាវដើម្បីលក់ ទើបធ្វើឲ្យនាងខឹង ក៏មានការ ផ្អើលឆោឡោ កម្លាំង អ.ហ របស់យើងចុះទៅដល់ ក៏ធ្វើការឃាត់ខ្លួន យកសួរនាំតែម្តង។

ពាក្យចាស់ពោលថា ( រពិលដៃផ្ទៃឆ្អែត) ផ្ទុយទៅវិញ លោក វិន គឿន បែរជារពិលដៃ ត្រូវប៉េអឹមឃាត់ខ្លួន ព្រោះ តែរឿងស្ទាបគូទ អ្នកលក់ខោអាវទៅវិញ។ បើទោះបីជាបែបណា នេះគឺជារឿងប្រុសប្រកែក ស្រីប្រកាន់ បច្ចុប្បន្ន សមត្ថកិច្ច កំពុងមានចំណាត់ការ លើករណីនេះ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]