រាជធានីភ្នំពេញ ៖ ស្ត្រីជាមេអណ្តើកម្នាក់ កាលពីល្ងាចថ្ងៃទី២០ សីហា បានត្រូវនគរបាលការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនរាជធានីភ្នំពេញ ឃាត់ខ្លួនយោងតាមពាក្យបណ្តឹង របស់នារីរងគ្រោះ ២នាក់ ដែលត្រូវគេនាំយកទៅធ្វើជាស្រី្តពេស្សា នៅប្រទេសថៃ ។ ស្ត្រីជាមេអណ្តើកដែលត្រូវឃាត់ខ្លួននេះ ឈ្មោះជ្រា លីនដា ហៅវីន អាយុ២៣ឆ្នាំ ជាអ្នករត់តុ នៅភោជនីយដ្ឋានជីកាហ្គោ ស្នាក់នៅផ្ទះជួលក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ចំពោះការឃាត់ខ្លួននាងមេអណ្តើកម្នាក់នេះ ត្រូវនគរបាលការិយាល័យប្រឆាំងការជួយដូរមនុស្ស និងការពារអនីតិជនឱ្យដឹងថា គឺយោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ២នាក់ដែលបានប្តឹងឱ្យ សមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ ។ តាមពាក្យបណ្តឹងរបស់ជនរងគ្រោះដែលជាអ្នករត់តុតាមហាង ដូចគ្នា បានបញ្ជាក់ថា កាលពីថ្ងៃទី១៧ សីហា ឈ្មោះជ្រា លីនដា ហៅវីន បានទៅជួលបន្ទប់ស្នាក់នៅក្បែរបន្ទប់របស់ពួកនាងដែលពេលនោះ ឈ្មោះវីន បាននិយាយថា មានបុរសម្នាក់បបួលដើរលេងក្នុង១យប់គេឱ្យ៣០០ដុល្លារ ហើយដោយសារចង់បានប្រាក់ពួកនាងក៏យល់ព្រមទៅតាម ។ ក្រោយពីស្ម័គ្រចិត្តហើយមាននារី២នាក់ទៀតទៅជាមួយដែរ ដោយបានណាត់ជួបគ្នានៅក្លិបកម្សាន្តស្កាយម្តុំផ្សារដីហុយ និងមានរថយន្តតាក់ស៊ីមួយគ្រឿងនៅចាំទទួល ។ នារីរងគ្រោះបានប្រាប់សមត្ថកិច្ចទៀតថា ពេលជួបជុំគ្នាហើយមេអណ្តើកបាននាំពួកនាងធ្វើដំណើរទៅកាន់ ខេត្តកោះកុង និងបានទៅឈប់នៅផ្សារមួយដែលពួកនាងមិនស្គាល់ បន្តិចក្រោយមកក៏មានមនុស្សស្រីម្នាក់ទៅជួប ហើយមនុស្សម្នាក់នោះក៏នាំដើរចេញពីផ្សារមួយក្នុងខេត្តកោះកុង ដោយឆ្លងកាត់បន្ទាយទាហាន ដោយឡើងភ្នំចុះភ្នំ អស់រយៈពេលជាង៣ម៉ោងទើបចូលដល់ដីថៃគឺស្រុកខ្លងស្រុ៊ន ដែលជាតំបន់ទេសចរណ៍ផ្លូវភេទ ។ ពេលទៅដល់ដីថៃ អ្នកជូនដំណើរបាននាំពួកនាងចូលផ្ទះបនមួយកន្លែង ពេលនោះស្ត្រីម្នាក់ទំនងជាថៅកែបន បានសួរថា តើព្រមធ្វើស្រីបនទេ ? ពួកនាងបានប្រកែក ទើបមេបននៅស្រុកខ្លងស្រ៊ុន ប្រទេសថៃ ដេញនាងឱ្យវិលមកវិញ ។ 

ជនរងគ្រោះបានប្រាប់នគរបាលទៀតថា ពេលពួកនាងទៅដល់ប្រទេសថៃបាន១ថ្ងៃ ក៏ត្រូវឈ្មោះជ្រា លីនដា បម្រុងលក់ឱ្យនៅបម្រើផ្លូវភេទ តែដោយនាងមិនព្រមក៏ត្រូវគេបញ្ជូនឱ្យមកស្រុក
ខ្មែរវិញ ។ ក្រោយពេលមកដល់ នាងបានស្វែងរកជួបមេអណ្តើកឈ្មោះវីន ក៏ឃើញនៅបន្ទប់ផ្ទះជួលខាងលើ ទើបទូរស័ព្ទទាក់ទងទៅសមត្ថកិច្ចឱ្យឃាត់ ខ្លួនតែម្តងទៅ ។ ក្រោយពីឃាត់ខ្លួន
មន្ត្រីនគរបាលការិយាល័យប្រឆាំងការជួញដូរ មនុស្សនិងការពារអនីតិជនរាជធានីភ្នំពេញ បានកសាងសំណុំរឿងបញ្ជូនមេអណ្តើករូបនេះទៅកាន់សាលាដំបូងរាជ ធានី ដោយចោទប្រកាន់ពីបទជួញដូរមនុស្សឆ្លងដែនខុសច្បាប់ ។ 

ទោះជាយ៉ាងណា ស្ត្រីជាប់ចោទបានបដិសេធថា ខ្លួនមិនបានដឹងទេ គឺធ្វើទៅតាមស្ត្រីម្នាក់ដែលមកទទួលពួកនាងទៅកោះកុងប៉ុណ្ណោះ ។ ទោះបីជាបានបដិសេធក្តី ក៏ស្ត្រីជាប់ចោទជាមេអណ្តើកនេះគឺជាជនអូសទាញដំបូងឱ្យពួកនាង ធ្លាក់ក្នុងបណ្តាញពួកជួញដូរមនុស្ស និងចាត់ទុកថាជាសំណាងហើយដោយសារផ្ទះបននៅថៃព្រមឱ្យវិល ត្រឡប់មកវិញដោយស្រួលនោះ ៕

ដោយ ៖លក្ខិណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]