ខេត្ដបាត់ដំបង ៖ រថយន្ដ២គ្រឿងបុកគ្នាទាំងកំរោល កាលពីវេលារំលងអធ្រាត្រឈាន ចូលថ្ងៃទី២១ សីហា លើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចផ្លូវបំបែកជា៤ក្បែរមន្ទីរ ពហុព្យាបាលវិសាលសុខ ក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ដែលភាគីទាំង២សង្ស័យថា ស្ថិតក្នុងស្ថានភាពស្រវឹងធ្លាក់ភ្នែកដូចគ្នា បណ្ដាលឱ្យមនុស្ស២នាក់រងរបួស ។

មន្ដ្រីចរាចរនិយាយថា គ្រោះថ្នាក់នេះបង្កឡើងដោយរថយន្ដ ២គ្រឿងបុកគ្នាទាំងកំរោល ពេលធ្វើដំណើរឆ្លងកាត់ផ្លូវខ្វែងក្នុងល្បឿនលឿន ។ រថយន្ដម៉ាកកាមរីឆ្លាម ពណ៌ស គ្មានស្លាកលេខ បើកបរដោយឈ្មោះ ព្រឿន ចន្ថា ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ បើកពីលិចទៅកើតលើផ្លូវជាតិលេខ៥ ចំនែកមួយគ្រឿងទៀតម៉ាកកូរ៉ូឡា ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ2C-7108 អ្នកបើកបរឈ្មោះ ង៉ែត ស៊ីថា ភេទប្រុស អាយុ២៩ឆ្នាំ ជាគ្រូបង្រៀនភាសានៅសង្កាត់ចំការសំរោង ក្រុងបាត់ដំបង បើកឆ្លងកាត់ផ្លូវជាតិពីជើងទៅត្បូង ។

ប្រភពបន្ដថា រថយន្ដកាមរីបានបុកចំពាក់ កណ្ដាលរថយន្ដកូរ៉ូឡា គ្រាដែលរថយន្ដនេះបើកលឿន ពេលឆ្លងកាត់ផ្លូវជាតិ ខណៈអ្នកបើកបរស្រវឹងបណ្ដាលឱ្យមនុស្ស ២នាក់ក្នុងចំណោម៥នាក់ជិះក្នុងរថយន្ដកូរ៉ូឡារងរបួសស្រាល ។ អ្នកបើកបររថយន្ដកូរ៉ូឡានិយាយថា ពួកខ្លួនទាំង៥នាក់ចេញពីផឹកស៊ីក្នុងហាងមួយយីហោ «ម្លប់បៃតង» ក្នុងសង្កាត់ចំការសំរោង លុះទៅដល់ផ្លូវបំបែកជា៤ ពេលខ្លួនបើកដល់ទ្រូងផ្លូវក៏ត្រូវរថយន្ដកាមរី ដែលបើកមកពីលិចបុកចំពាក់កណ្ដាលរថយន្ដពេញទំហឹង ។

មន្ដ្រីជំនាញនិយាយថា ភាគីទាំង២ទំនងជាស្រវឹង ហើយបើកបរក្នុងល្បឿនលឿនដូចគ្នា ។ រថយន្ដកាមរីបានបុករថយន្ដកូរ៉ូឡាខ្ទាតទៅ បោកផ្ទប់នឹងបង្គោលភ្លើងលើចិញ្ចើមផ្លូវ បណ្ដាលឱ្យខូចខាតចំហៀងខាងស្ដាំ និងខាងក្រោយធ្ងន់ធ្ងរ ។ ជុំវិញករណីនេះ យោងលើការពិនិត្យទីតាំងកន្លែងកើតហេតុ មន្ដ្រីចរាចរនិយាយថា កំហុសអាចមានទាំងសងខាង ដែលកើតចេញពីខ្វះការប្រុងប្រយ័ត្នពេលបើកបរ ។

ប៉ុន្ដែភាគីរថយន្ដកូរ៉ូឡាមានកំហុសច្រើនជាង ដោយសារតែអ្នកបើកបរស្រវឹង ហើយបើកឆ្លងកាត់ផ្លូវខ្វែងមិនមើលឆ្វេងស្ដាំ ទើបបង្កឱ្យគ្រោះថ្នាក់បែបនេះ ។ ទោះជាយ៉ាងណា រថយន្ដទាំង២គ្រឿងត្រូវសមត្ថកិច្ចចរាចរ យកទៅរក្សាទុកនៅការិយាល័យ នគរបាលចរាចរដើម្បីដោះស្រាយតាមច្បាប់ ៕









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]