បាត់ដំបងៈ ផ្ទះបនស្រី រកស៊ីផ្លូវភេទលួចលាក់ នៅចំណុចក្រោយសួនយុវ័ន កំពុងរកស៊ីបម្រើផ្លូវភេទ យ៉ាងកាក់កបបន្តទៀត ហើយតែគ្មានសមត្ថកិច្ចណា ចេញមុខទៅ បង្រ្កាបទេ

តាមប្រភពច្បាស់ការមួយ បានឲ្យដឹងថា នារីរកស៊ីផ្លូវភេទ នៅក្នុងផ្ទះបននោះ មានចំនួនជិត ១០នាក់ ដោយពួកគេរកស៊ី តែនៅពេលយប់ទេ ពេលថ្ងៃពួកនាង នាំគ្នាសម្រាន្ត អស់ហើយ។

ប្រភពបានបន្តថា បុរស់ណាដែលបានចូលទៅដើម្បីសប្បាយរួមភេទនោះគឺត្រូវបង់លុយមុនចំនួន២ម៉ឺនរៀល ទើបអនុញ្ញាតឲ្យចូលបាន។ គេសង្កេតឃើញមាន អតិថិជន ជាបុរស់ចេញចូលទៅរួមភេទ បន្តកន្ទុយគ្នា ចាប់ផ្តើមពីក្បាលព្រលប់ រហូតអស់ភ្ញៀវ ទើបឈប់និងបិទទ្វារ។ ផ្ទះបនមួយកន្លែងនេះ មានទីតាំងក្រោយ ភោជនីយដ្ឋាន សួនយុវ័ន ស្ថិតក្នុងភូមិ.សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង។

 មតិមហាជនខ្លះ បាននិយាយថា រាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ជាដៃគូមួយចំនួន តែងតែខិតខំផ្សព្វផ្សាយ និងទប់ស្កាត់ការរីករាលដាលឆ្លងជំងឺអេដស៍ មួយឆ្នាំៗអស់លុយរាប់សិបម៉ឺនដុល្លារ ហើយច្បាប់ក៏បានហាមឃាត់ផងដែរ អំពីការជួញដូរមនុស្ស និងការជួញដូរផ្លូវភេទ ព្រោះជាអំពើខុសច្បាប់ ដែលរដ្ឋបាន ហាមឃាត់។ តែទោះជាការខិតខំផ្សព្វផ្សាយ យ៉ាងណាក៏ដោយ ជនខិលខូចមួយចំនួន នៅតែឆ្លៀតឱកាស លួចលាក់បើកកន្លែងរកស៊ីផ្លូវភេទ ដដែល។ការបើក កន្លែងរកស៊ីផ្លូវទាំងនេះ មិនមែនសមត្ថកិច្ចមិនដឹងរឿងសោះនោះទេ ឬក៏ធ្វើមិនដឹងបិទភ្នែក ចាំយកកម្រៃខ្លះប្រចាំខែទេដឹង..?។

កន្លែងរកស៊ីផ្លូវភេទ នៅក្នុងក្រុងបាត់ដំបង មិនមែនមានតែមួយកន្លែងនោះទេ គឺនៅមានកន្លែងផ្សេងទៀត និងនៅតាមជាយស្រុកផ្សេងទៀត ក៏មានដែរ។

គួររំលឹកផងដែរថា កន្លែងផ្ទះបនមួយនេះ កាលពីចុងឆ្នាំមុន សមត្ថកិច្ចទើបតែចុះបង្រ្កាបថ្មីៗដែរ តែបែជាម្ចាស់ផ្ទះបននេះ នៅតែបន្តបើករកស៊ីទៀត ដោយមិនខ្លាចសមត្ថកិច្ចណាបន្តិចសោះ ឬក៏មានភ្លើងខៀវ ពីសមត្ថកិច្ចឲ្យលួចបើក ទើបគាត់ហ៊ានដូច្នេះ..?

ពាក់ព័ន្ធនិងករណីខាងលើនេះ អ្នកយកព័ត៌មាន ដើមអម្ពិល បានទំនាក់ទំនងតាមទូរស័ព្ទ សុំការបំភ្លឺពីលោកវរសេនីយ៍ទោ កុយ ហៀង នាយការិយាល័យ ប្រឆាំងការ ជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ហើយលោកបានមានប្រសាសន៍ថា ករណីរបើកផ្ទះបនស្រីរកស៊ីផ្លូវភេទ រយៈកាលកន្លង មក កម្លាំងយើងតែងតែ ចុះបង្រ្កាបជាញឹកញាប់ផងដែរ ដោយទទួលបានលទ្ធផលល្អ។

ដោយឡែកសមត្ថកិច្ចពេលថ្មីៗនេះ លោកស្នងការនគរបាលខេត្ត បានប្រជុំដាក់បញ្ជា និងប្រគល់សិទ្ធិឲ្យទៅសមត្ថកិច្ចមូលដ្ឋាន ដូចជាអធិការដ្ឋានស្រុក ឬអធិការក្រុង និងមេប៉ុស្តិ៍ ដែលគ្រប់គ្រងមូលដ្ឋានរបស់ខ្លួនឃ្លាំមើល បើកន្លែងណា មានករណីអីចឹងមែន គឺសមត្ថកិច្ចមូលដ្ឋានខ្លួន ជាទទួលខុសត្រូវទាំងស្រុង មិនមែនការិយាល័យ ទទួលខុសត្រូវទាំងអស់នោះទេ តែយើងត្រូវតែសហការគ្នា ដើម្បីអនុវត្តច្បាប់ទាំងអស់គ្នាផងដែរ៕

ដោយៈ ជាយក្រុង

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]