ខេត្ដស្ទឹងត្រែង ៖ បុរសម្នាក់រងរបួសធ្ងន់ដោយសារ រថយន្ដបុកពេញទំហឹង ខណៈជិះម៉ូតូបញ្ច្រាសទិសគ្នា ។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៨និង១៥នាទីយប់ថ្ងៃទី២០ សីហា នៅចំណុចនិមិត្ដសញ្ញាកងចក្រ ស្ថិតក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ។

សាក្សីនិយាយថា មុនពេលកើតហេតុរថយន្ដទីកូ បើកបរក្នុងល្បឿនលឿនពីត្បូងទៅជើង ស្រាប់តែរេចង្កូតមកបុកម៉ូតូម៉ាកហុងដា ស៊េរី២០០៦ ពណ៌ក្រហម ពាក់ស្លាកលេខ ស្ទឹងត្រែង1A-0719 ក្នុងទិសដៅពីជើងទៅត្បូងពេញទំហឹង បណ្ដាលឱ្យបុរសម្នាក់រងរបួសធ្ងន់ធ្ងររហូតដួលសន្លប់ ។ ចំណែករថយន្ដបានបើករត់បាត់ស្រមោល ។

លោក ខែក សារី នាយរងផ្នែកបច្ចេកទេស និងដោះស្រាយគ្រោះថ្នាក់ចរាចរណ៍នៃ ស្នងការដ្ឋាននគរបាលខេត្ដបានបញ្ជាក់ថា ហេតុការណ៍គ្រោះថ្នាក់ខាងលើ បង្កឡើងដោយរថយន្ដទីកូ ពណ៌ទឹកមាស បើកទៅបុកម៉ូតូហុងដា ពណ៌ក្រហម ជាកម្មសិទ្ធិរបស់ឈ្មោះ សោម ភ័ក្ដ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិលើ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ។

លោកនាយរងផ្នែកបន្ដថា បន្ទាប់ពីបុកម៉ូតូរថយន្ដបានរត់គេចបាត់ តែជំនាញបានស្គាល់អត្ដសញ្ញាណជនបង្កហើយ និងកំពុងតាមឃាត់ខ្លួនយកមកស្នងការដ្ឋាននគរបាល ខេត្ដដោះស្រាយតាមច្បាប់ ។ ក្រោយកើតហេតុ មន្ដ្រីជំនាញចរាចរណ៍បានដឹកជន រងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ដ ចំណែកម៉ូតូយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរ ៕ 







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]