កំពតៈ មន្រ្តីកងរាជ អាវុធហត្ថម្នាក់ បានស្លាប់ រីឯមិត្តភ័ក្តិរបស់គេ ២នាក់ទៀត រងរបួសធ្ងន់ បន្ទាប់ពីពួកគេ បានជិះម៉ូតូ មួយគ្រឿងចេញពី ហាងខារ៉ាអូខេ ម្លប់មៀន ក្នុងស្ថានភាពស្រវឹងជោគ ទៅបុករថយន្តមួយគ្រឿង នៅលើផ្លូវជាតិលេខ៣ ក្នុងភូមិស្វាយធំ ឃុំក្រាំងអំពិល ក្រុងកំពត ខេត្តកំពត កាលពីវេលាម៉ោង៩ និង៤៥នាទី យប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៣ ។

ប្រភពព័ត៌មានពី នគរបាល ចរាចរ ដែលចុះត្រួតពិនិត្យ កន្លែងកើតហេតុ បានឱ្យដឹងថា ជនរងគ្រោះ ដែលបាន បាត់បង់ ជីវិតខាងលើ មានឈ្មោះ អង្គ វិជាក់ អាយុ២៤ឆ្នាំ ជាមន្រ្តីអាវុធហត្ថ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តកំពត ដែលមានទីលំនៅ ក្នុងភូមិ ត្រពាំងកញ្ឆែត ឃុំកំពង់សំរោង ស្រុកទឹកឈូ ខេត្តកំពត (ជាអ្នកឌុប)។ រីឯ២ នាក់ទៀតដែលរងរបួសធ្ងន់ រួមមានទី១ ឈ្មោះ អ៊ុង ជន់ ភេទប្រុស អាយុ២៤ឆ្នាំ (នៅភូមិជាមួយ អង្គ វិជាក់) និង ម្នាក់ទៀត ឈ្មោះ អេង ហៃ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ។

ប្រភពព័ត៌មាន ពីប្រជាពលរដ្ឋ បានឱ្យដឹងថា ជនរងគ្រោះទាំង៣នាក់ បានចេញពីខារ៉ាអូខេ ម្លប់មៀន ក្នុងស្ថានភាព ស្រវឹងជោគ រួចជិះម៉ូតូតាម ផ្លូវជាតិលេខ៣ បានតែប្រមាណ៤០០ម៉ែត្រ ប៉ុណ្ណោះ ក៏ជ្រុលផុតផ្លូវអាទិភាព បុកជាមួយរថយន្ត តួរីស ដែលបើក បញ្ជ្រាសទិសគ្នា តែម្តង ។ ភ្លាមៗនោះ ម្ចាស់រថយន្ត តួរីស ដែលគេមិនស្គាល់ អត្តសញ្ញាណ បានបើកទ្វាររត់គេចខ្លួនបាត់ ។ ដោយឡែកជនរងគ្រោះ ឈ្មោះ  អង្គ វិជាក់ នៅសល់តែដង្ហើមចង្រិត ក៏ត្រូវបានគេដឹកបញ្ជូន ដើម្បីទៅសង្រ្គោះនៅមន្ទីរពេទ្យភ្នំពេញ តែអកុសល បានស្លាប់ នៅពាក់កណ្តាល ផ្លូវតែម្តង។

យ៉ាងណាក៏ដោយ ទាំងម៉ូតូ ទាំងរថយន្តពាក់ព័ន្ធ ត្រូវបានសមត្ថកិច្ច ដឹកយកទៅរក្សាទុក នៅអធិការដ្ឋាន នគរបាលក្រុងកំពត ដើម្បីរង់ចាំការដោះស្រាយ ។

គួរបញ្ជាក់ថា នៅលើកំណាត់ផ្លូវជាតិលេខ៣នេះដែរ នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៣ ក៏មានករណីរថយន្ត កូរ៉េ បុកជាមួយម៉ុតូ បណ្តាលឱ្យអ្នកបើកបរម៉ូតូ របួសធ្ងន់ បាក់ជើង ខាងឆ្វេងផងដែរ ។ ជនរងគ្រោះ ឈ្មោះ ផា ប៊ុនធឿន ភេទប្រុស អាយុ២៣ឆ្នាំ ត្រូវបានគេដឹកទៅសង្រ្គោះជាបន្ទាន់ នៅមន្ទីរពេទ្យខេត្តកំពត ។ ដោយឡែកម្ចាស់រថយន្តកូរ៉េ ពណ៌ស ទ្រុងខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2A-3602 បានរត់គេចខ្លួនបាត់ស្រមោល។

យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋ ដែលមានទីលំនៅសងខាង ផ្លូវជាតិលេខ៣ បានសម្តែង ការព្រួយបារម្ភ ចំពោះគ្រោះថ្នាក់ចរាចរ ដែលតែងកើតឡើងជាញឹកញយ នៅលើផ្លូវមួយនេះ ដោយករណី ភាគច្រើន បង្កឡើង ដោយការបើកបរហួសល្បឿនកំណត់ បើកបរក្នុងស្ថានភាពស្រវឹង និងមិនមាន ការយោគយល់គ្នាជាដើម ។ ហើយពេលដែលកើតហេតុទៀតសោត ជនបង្កពុំហ៊ាន ចេញមុខទទួលខុសត្រូវ ចំពោះទង្វើរបស់ខ្លួនឡើយ ច្រើនតែដាក់មេប្រូចរហូត៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]