ភ្នំពេញ ៖ ជនសង្ស័យ ចំនួនពីរនាក់ ក្នុង ចំណោមបក្ខពួក ទាំង៤នាក់ ត្រូវបានកម្លាំង នគរបាលប៉ុស្ដិ៍ស្ទឹងមានជ័យ ខណ្ឌមានជ័យ ពេលកំពុងចុះល្បាត បានធ្វើការ ឃាត់ខ្លួន ដោយរឹបអូស ម៉ូតូមួយគ្រឿង និងកាំភ្លើងខ្លី មួយដើម បន្ទាប់ពីពួកគេទាំង៤នាក់ បានធ្វើ សកម្មភាពប្លន់ពីនារីពីរនាក់ កាលពីវេលា ម៉ោងប្រមាណ១១ និង៣០នាទី យប់ថ្ងៃទី ២០ ខែសីហា ឆ្នាំ២០១៣ ស្ថិតនៅចំណុច ផ្លូវលេខ៣៣៦ ក្រុមទី១៣ សង្កាត់បឹងសា ឡាង ខណ្ឌទួលគោក បណ្ដាលឱ្យនារីម្ចាស់ ម៉ូតូរងរបួស បែកក្បាល ព្រោះតែក្រុមចោរ ទាំងនេះ បានវាយនិងស្នាប់កាំភ្លើងមុនពេល ពួកវាបានបាញ់ឡើងមួយគ្រាប់ជាគំរាម ។

ការចាប់ខ្លួនក្រុមចោរប្រដាប់ទាំងពីរនាក់ ខាងលើនេះ បានឡើងកាលពីវេលាម៉ោង ប្រមាណ១២និង៣០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៣ ស្ថិតតាមផ្លូវបេតុង ក្នុងភូមិមានជ័យ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដោយរឹបអូស ម៉ូតូម៉ាកស្កុបពី ស៊េរីឆ្នាំ២០១៣មួយគ្រឿង និងកាំភ្លើងខ្លីមួយដើម ម៉ាកកា៥៩ ។

គួរបញ្ជាក់ថា នៅវេលាម៉ោង១១និង៣០ នាទីយប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៣ ជន សង្ស័យចំនួន៤នាក់ ជិះម៉ូតូស៊េរីទំនើប២ គ្រឿង ប្រដាប់ដោយអាវុធខ្លីមួយដើម បាន ភ្ជង់ប្លន់ម៉ូតូពីនារីពីរនាក់ កំពុងជិះម៉ូតូម៉ាក ស៊ុយស៊ូគីនិក ពណ៌ខ្មៅលាយក្រហម ពាក់ស្លាក លេខ ភ្នំពេញ 1BY-0620 ដោយឌុបគ្នាចេញ ពីហូប បង្អែមនៅម្ដុំផ្សារដើមគ ។

យោងតាម សេចក្ដីរាយការណ៍ពីកន្លែង កើតហេតុបានឱ្យដឹងថា ខណៈដែលនារីរង គ្រោះទាំងពីរនាក់ កំពុងជិះម៉ូតូតាមបណ្ដោយ ផ្លូវលេខ៣៣៦ ឆ្ពោះទៅផ្ទះរបស់ខ្លួន លុះមក ដល់ចំណុចកើតហេតុ ក៏ត្រូវក្រុម ចោរប្លន់ទាំង ៤នាក់ជិះមកក្បែរ ហើយដកកាំភ្លើងភ្ជង់ប៉ង ប្លន់យកម៉ូតូ ប៉ុន្ដែដោយសារតែស្ដាយទ្រព្យ សម្បត្ដិរបស់ខ្លួន នារីរងគ្រោះមិនព្រមឱ្យ ហើយប្រតាយប្រតប់ជាមួយក្រុមចោរ ។

សេចក្ដីរាយការណ៍បានបន្ដទៀតថា ដោយ ឃើញស្ថានភាពបែបនេះ និងខ្លាចមានការ ភ្ញាក់ផ្អើលដល់ ប្រជា ពលរដ្ឋ នៅក្បែរខាង ក៏ដូចជាសមត្ថកិច្ចនោះ ជនសង្ស័យម្នាក់ បាន ដកកាំភ្លើងវាយក្បាល នារីរង គ្រោះ បណ្ដាល ឱ្យរងរបួសធ្ងន់ធ្ងរ រួចក៏យកម៉ូតូនារី រងគ្រោះ ជិះគេចខ្លួនតែម្ដងទៅ ប៉ុន្ដែពេលនោះ ក្រុម ចោរបាញ់ចំនួនមួយគ្រាប់ ដើម្បីគំរាម។ ក្រោយពីមានករណីប្លន់ប្រដាប់អាវុធខាងលើនេះកើតឡើង ស្នងការ នគរបាលរាជធានី ភ្នំពេញ លោកឧត្ដមសេនីយ៍ ជួន សុវណ្ណ និង ស្នងការរងលោកជួន ណារិន្ទ បានបញ្ជាឱ្យ កម្លាំងសមត្ថកិច្ចមូលដ្ឋាន ក៏ដូចជាកម្លាំង ជំនាញព្រហ្មទណ្ឌចុះទៅជួយអន្ដរាគមន៍ភ្លាមៗ ដោយទាក់ទងទៅកម្លាំងនគរបាល តាម បណ្ដាខណ្ឌ នៅក្នុងរាជធានីភ្នំពេញ ដើម្បី ជួយដេញស្ទាក់ ។

ប្រភពព័ត៌មានពីសមត្ថកិច្ច ដែលចុះទៅ ដល់កន្លែងកើតហេតុនោះ បានឱ្យដឹងថា នារី ជាអ្នកបើកម៉ូតូឈ្មោះ ស្រីពៅ អាយុ១៩ឆ្នាំ និងអ្នករួមដំណើរឈ្មោះស្រីឡា អាយុ១៩ឆ្នាំ ដូចគ្នា បច្ចុប្បន្នស្នាក់នៅក្បែរកន្លែង កើត ហេតុ នោះ ។ ក្រោយពីទទួលបានព័ត៌មាននិងមាន បទបញ្ជាពីលោកស្នងការនិងស្នងការរងនោះ កម្លាំង នគរបាលតាមបណ្ដាខណ្ឌបានចេញស្ទាក់ ហើយពេលនោះ កម្លាំងនគរបាលល្បាត របស់ ប៉ុស្ដិ៍ស្ទឹងមាន ជ័យ ខណ្ឌមានជ័យ កាលពីវេលា ម៉ោង១២និង៣០នាទី យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៣ បានឃើញមុខសញ្ញា ហើយឈានទៅដល់ ការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ។

មន្ដ្រីនគរបាល ប៉ុស្ដិ៍ស្ទឹងមានជ័យ បានឱ្យ ដឹងថា ជនសង្ស័យទី១ ឈ្មោះចាន់ សុទី អាយុ១៩ឆ្នាំ និងជន សង្ស័យ ទី២ ឈ្មោះឌុច សីលា អាយុ២០ឆ្នាំ មុខរបរជាជាងធ្វើតុទូ រស់នៅភូមិថ្មី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានបន្ដថា ក្រោយពីមានការឃាត់ខ្លួន និងសួរនាំរួចមក ជនសង្ស័យទាំងពីរនាក់ និងវត្ថុតាង ត្រូវបាន សមត្ថកិច្ចប៉ុស្ដិ៍ស្ទឹងមានជ័យ ប្រគល់ជូនទៅ សមត្ថកិច្ចខណ្ឌទួលគោក ដើម្បីចាត់ការ បន្ដ ទៀត និងធ្វើការស្រាវជ្រាវស្វែងរកចាប់ខ្លួន ជនសង្ស័យពីរនាក់ផ្សេងទៀត ដែលជាបក្ខ ពួកកំពុងរត់ គេចខ្លួន ជាមួយ និងម៉ូតូជនរង គ្រោះនោះ ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]