បន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងអ.ហ ក្រុងសិរីសោភ័ណ ស្ទាក់ចាប់ឃាត់ខ្លួន កាលពីវេលា ម៉ោង៨យប់ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៣ នៅចំណុចស្ពានទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសីរីសោភ័ណ ខេត្ត បន្ទាយមានជ័យ ក្រោយពីជនសង្ស័យរូបនេះ បានធ្វើសកម្មភាព យកញញួរវាយប្លន់ពលរដ្ឋម្នាក់ យកម៉ូតូ ហើយរត់គេចខ្លួន ។

លោក ម៉ែន ភិរម្យ មេបញ្ជាការរង អ.ហ ខេត្តបន្ទាយមានជ័យ បានឲ្យដឹងនៅថ្ងៃទី២១ ខែសីហាឆ្នាំ២០១៣ នេះថា ជនសង្ស័យ ដែលសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះ ព្រំ សុខា ភេទប្រុស អាយុ៣០ឆ្នាំ មានស្រុក កំណើតនៅភូមិ១ សង្កាត់២ ក្រុងកំពង់សោម មកលក់ស្បែកជើងជជុះ នៅជាយដែនជាង៣ខែ ចាញ់ល្បែង អស់ប្រាក់ពីខ្លួន ។ រីជនរងគ្រោះ មានឈ្មោះ ស៊ូ សម្ផស្ស ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិបាលិលេយ្យ ១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាអ្នករត់ម៉ូតូឌុប ម្ចាស់ម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ស៊េរី២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខបន្ទាយមានជ័យ ១F:5397 ។

លោក ម៉ែន ភិរម្យ បានបន្តថា មុនធ្វើការឃាត់ខ្លួន ជនសង្ស័យបានទិញញញួរ ហើយហៅម៉ូតូជនរងគ្រោះ ពី មុខសណ្ឋាគារ លី ហេងឆាយ ជិះទៅដល់កន្លែងស្ងាត់ ម្តុំដើមពោធិ ភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ជនសង្ស័យ បានយកញញួរវាយក្បាលជនរងគ្រោះខាងលើ បណ្តាលឲ្យរងរបួសរួចយក ម៉ូតូជិះគេចខ្លួន ដោយមានសេចក្តីរាយការណ៍ ពីលោក ហម ម៉ុត មេបញ្ជាការ អ.ហ ក្រុងប៉ោយប៉ែត ទើបកម្លាំង អ.ហ ទូទាំងខេត្ត ចេញតាមស្ទាក់ និងឈានដល់ឃាត់ខ្លួនជនសង្ស័យ បានសម្រេចនៅចំណុចស្ពានទឹកថ្លា ក្រុង សិរីសោភ័ណ បានសម្រេចតែម្តង ក្រោយពីធ្វើសកម្មភាពប្លន់បាន ៤៥នាទី ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កំពុងស្ថិតក្រោមការសួរនាំ របស់សមត្ថកិច្ច ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅតុលាការចាត់ការតាមច្បាប់ ៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]