ភ្នំពេញ ៖ មន្ត្រីយោធាវិស្វកម្មអគ្គបញ្ជាការ ៧១៧ ស្រុកបាធាយ ខេត្តកំពង់ចាម ត្រូវបានសមត្ថកិច្ចមូលដ្ឋាន ឃាត់ខ្លួន កាលពីវេលាម៉ោង ៤ទៀបភ្លឺ ថ្ងៃទី១៧ ខែសីហា នេះ នៅពេលជន សង្ស័យឡើងទៅលើផ្ទះលេខ ១៦៩ ផ្លូវលេខ សូនី ៣៦ ភូមិចុងថ្នល់លិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ប៉ងលួចទ្រព្យសម្បត្តិ តែត្រូវម្ចាស់ផ្ទះដឹងទាន់ ស្រែកឆោឡោ និងរាយការណ៍ជូនសមត្ថកិច្ចភ្លាមៗ ចុះមក ឃាត់ខ្លួន ។

សមត្ថកិច្ចខណ្ឌសែនសុខ បានឲ្យដឹងថា ជនសង្ស័យរូបនេះ ឈ្មោះ ទឹម អៀង អាយុ ៣៣ឆ្នាំ មុខរបរជាមន្ត្រីយោធា វិស្វកម្ម អគ្គបញ្ជាការ  ៧១៧ ស្រុកបាធាយ ខេត្តកំពង់ចាម ហើយបច្ចុប្បន្ន ស្នាក់នៅ ក្នុងអង្គភាព។ ដោយឡែកម្ចាស់ផ្ទះ ឈ្មោះ ស្រឡុង បូរី ភេទប្រុស អាយុ ៤៩ឆ្នាំ មុខរបរជាមន្ត្រីស្វយ័ត រដ្ឋាករទឹក ក្រុងភ្នំពេញ។

យោងតាមសមត្ថកិច្ច មុនពេលកើតហេតុ ខណៈដែលជនរងគ្រោះកំពុងសម្រាក ស្រាប់តែឮសម្រិបជើង ដើរលើដំបូល ស័ង្កសី ពេលនោះជនរងគ្រោះបានបើកបង្អួច រួចហើយបញ្ចាំងពិល ក៏ឃើញជនសង្ស័យ នាំឲ្យមានការភ្ញាក់ផ្អើល ហើយ ស្រែកប្រាក់ប្រជាពលរដ្ឋនៅក្បែរខាង  និងប្តឹងទៅសមត្ថកិច្ចចុះមកឃាត់ខ្លួន ភ្លាមៗ ព្រមទាំងរឹបអូសបានម៉ូតូម៉ាកសេ ១២៥ មួយគ្រឿងដែលជិះធ្វើសកម្មភាព។

បច្ចុប្បន្ន ជនសង្ស័យរូបនេះ ត្រូវឃុំខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាង សំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់៕



 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]