ខេត្តបាត់ដំបង ៖ សមត្ថកិច្ចបានឃាត់ខ្លួន មនុស្ស៥នាក់ កាលពីរសៀលថ្ងៃទី១៥ សីហា ក្រោយពីសង្ស័យថា ក្រុមនេះបានលួចដោះយកក្បាលម៉ាស៊ីនគោ យន្តកន្ត្រៃមួយគ្រឿង របស់ព្រះសង្ឃនៅក្នុង «វត្តសិរីបួខ្នារ» ក្នុងភូមិកំពង់ឆ្លង ឃុំវត្តតាមឹម ស្រុកសង្កែ និងលួចទ្រព្យសម្បត្តិអ្នកស្រុកផ្សេងៗទៀត  ។

សមត្ថកិច្ចប្រាប់ថា ក្រុមនោះបានសមគំនិតគ្នាចូល លួចដោះយកក្បាលម៉ាស៊ីនគោយន្តកន្ត្រៃម៉ាក KUBOTA របស់ព្រះសង្ឃនៅក្នុងវត្តខាងលើនៅវេលាម៉ោងជាង៣រំលងអធ្រាត្រឈាន ចូលថ្ងៃទី១៥ សីហា ។ ក្រុមនេះមាន១-ឈ្មោះសួស ឡាយ អាយុ១៨ ឆ្នាំ ២-ឈ្មោះ មាន ជី អាយុ១៩ឆ្នាំ ៣-ឈ្មោះប៉ិច ខួច អាយុ១៧ឆ្នាំ ៤-ឈ្មោះង៉ម ប៊ុនលឿន  អាយុ២២ឆ្នាំ និង៥-ឈ្មោះជួន រី អាយុ២៨ឆ្នាំ ជាមេខ្លោង ពួកគេ នៅភូមិកំពង់ឆ្លង ឃុំវត្តតាមឹម ស្រុកសង្កែ ។ សមត្ថកិច្ចបញ្ជាក់ ថា ក្រុមនេះត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់នៅរសៀលថ្ងៃទី១៥  សីហា ខណៈពួកគេកំពុងដឹកម៉ាស៊ីនគោយន្តនោះតាមផ្លូវបម្រុងយកទៅ លក់ ។

លោក ឡាំ សូ សមាជិកគណៈកម្មការវត្តសិរី បួខ្នារបានប្រាប់ថា គោយន្តកន្ត្រៃនោះបានចាក់ច្រវាក់ជាប់នឹងសសរ ក្នុងសាលាឆាន់ ប៉ុន្តែក្រុមចោរបានដោះយកតែក្បាលម៉ាស៊ីន ។  ក្រុមចោរខាងលើនេះតែងចេញចូលក្នុងវត្តជាប្រចាំតែគេមិនបានគិត ថា ក្រុមនេះមានគំនិតអាក្រក់ទេ  ។  លោក ឡាំ សូ ដែលមានវ័យ៧០ ឆ្នាំ បញ្ជាក់បន្ថែមថា ព្រះសង្ឃក្នុងវត្តបានដឹងថា ក្បាលគោយ ន្តនេះបាត់នៅពេលព្រឹក ពេលដែលព្រះសង្ឃនិមន្តទៅសាលា ឆាន់ដើម្បីឆាន់ចង្ហាន់ពេលព្រឹក ទើបមានការភ្ញាក់ផ្អើល និងប្ដឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ ។

មេខ្លោងក្រុមនេះឈ្មោះជួន រី បានសារភាពថា  មុនពេលលួចដោះក្បាលម៉ាស៊ីនគោយន្តរបស់ព្រះសង្ឃ នៅយប់នោះពួក ខ្លួនបានលួចបេះក្រូចអ្នកភូមិជាច្រើនផ្លូនយកទៅលក់ទាំងយប់ បានលុយ៤ម៉ឺនរៀល ហើយទៅទិញថ្នាំញៀនជក់នៅផ្ទះឈ្មោះរ៉ើន នៅភូម ិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ។ ជននេះឆ្លើយថា ពេល នោះឈ្មោះរ៉ើន បានប្រាប់ឲ្យខ្លួនទៅលួចម៉ាស៊ីនគោយន្តក្នុងវត្ត នោះ ដោយគាត់ជាអ្នកទិញក្នុងតម្លៃ២ម៉ឺនបាត ទើបពួកខ្លួននាំគ្នា ទៅលួច ។ ប៉ុន្តែជននេះបញ្ជាក់ថា មុនពេលលួចក្បាលគោយន្តនោះគឺ ពួកខ្លួនបានចូលទៅលួចមាន់គេមួយកន្លែងតែមាន់ស្រែកខ្លាំងពេក លួចមិនបានក៏នាំគ្នាទៅលួចក្បាលគោយន្តតែម្ដងទៅ ។ ជនឈ្មោះជួន  រី ឆ្លើយទៀតថា ក្រោយពីលួចបានពួកខ្លួនយកទៅលាក់ទុកសិន លុះនៅរសៀលថ្ងៃដដែលក៏នាំគ្នាដឹកបម្រុងយកទៅលក់ឲ្យឈ្មោះ រ៉ើន ស្រាប់តែត្រូវសមត្ថកិច្ចតាមក្របួចជាប់តែម្ដង ។

លោក មៀន ឡាយ នាយការិយាល័យនគរបាលព្រហ្ម ទណ្ឌកម្រិតស្រាលខេត្តនិយាយថា ក្រោយពីទទួលបានព័ត៌មាននេះ  លោកស្នងការខេត្តបានចេញបញ្ជាភ្លាមៗឲ្យកម្លាំងជំនាញតាមកំណត់ មុខសញ្ញាជនសង្ស័យរហូតដល់រសៀលថ្ងៃដដែលទើបកម្លាំងកំណត់បានមុខ សញ្ញាទាំងនេះនិងចាប់ខ្លួនជាបន្តបន្ទាប់ ។ លោក មៀន ឡាយ ប្រាប់ ថា ក្រោយពីឃាត់ខ្លួនសមត្ថកិច្ចបានដកហូតវត្ថុតាងមានក្បាល ម៉ាស៊ីនគោយន្ត១គ្រឿង និងម៉ូតូម៉ាកវីវ៉ា១គ្រឿង ពាក់ស្លាកលេខ កំពត ១A-៧០០៩ ដែលក្រុមនេះជិះដឹកម៉ាស៊ីនគោយន្តបម្រុងយកទៅលក់  ។ ជនមួយក្រុមនេះ ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ៕



បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]