រាជធានីភ្នំពេញ ៖ ភ្នាក់ងារសន្ដិសុខក្រុមហ៊ុនSNS ម្នាក់ បានត្រូវចាប់ខ្លួនប្រគល់ឱ្យ នគរបាលខណ្ឌទួលគោក កាលពីវេលាម៉ោង៣ រំលងអធ្រាត្រឈានចូលថ្ងៃទី១៦ សីហា នៅពេលក្រុមហ៊ុនចាត់ឱ្យទៅយាម ផ្សារសំណង់១២ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ហើយបានលួចទូរស័ព្ទ ម៉ាកណូគាកញ្ចាស់មួយគ្រឿង ពីអាជីវករ ដែលទុកលើប៉ៅអីុក្នុងតូបក្បែរនោះ ។

ជនជាប់ចោទឈ្មោះ យូ សុផាន់ណារ័ត្ន អាយុ៣៣ឆ្នាំ មានទីលំនៅផ្ទះលេខ១១៧ ផ្លូវលេខ១០៥ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន ចំណែកម្ចាស់ទូរស័ព្ទឈ្មោះ សកល វាសនា ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅផ្ទះលេខAB2 ផ្លូវលេខ២៦៥ ភូមិទី១៣ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ។ បន្ទាប់ពីចាប់ខ្លួន សមត្ថកិច្ចបានដកហូតទូរស័ព្ទម៉ាកណូគា ស៊េរី៦០៧០ កញ្ចាស់មួយគ្រឿងប្រគល់ឱ្យម្ចាស់វិញ ។

មន្ដ្រីនគរបាលខណ្ឌទួលគោកឱ្យដឹងថា ជនជាប់ចោទត្រូវក្រុមហ៊ុនចាត់ឱ្យទៅយាមផ្សារសំណង់១២ ហើយនៅពេលកំពុងយាមនោះ ខណៈអាជីវករភ្ញាក់ពីដំណេកបើកតូបមុខផ្ទះទៅបត់ជើងតូច ពេលត្រឡប់មកវិញក៏បាត់ទូរស័ព្ទដែលទុកលើក្បាលដំណេក ។ ពេលបាត់ទូរស័ព្ទ ម្ចាស់ក៏យកទូរស័ព្ទមួយគ្រឿងទៀតចុចហៅទៅទូរស័ព្ទដែលបាត់ ស្រាប់តែឮសំឡេងរោទ៍នៅក្នុងហោប៉ៅរបស់សន្ដិសុខដែលកំពុងយាមក្បែរ នោះក៏បានឃាត់ខ្លួនប្រគល់ឱ្យនគរបាលប៉ុស្ដិ៍រដ្ឋបាលទឹកល្អក់ទី៣ ហើយបញ្ជូនបន្ដទៅកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ។ ទោះបីជាយ៉ាងណា បន្ទាប់ពីចាប់ខ្លួនសាកសួរ សមត្ថកិច្ចសង្ស័យថា ជននោះមានជំងឺសសៃប្រសាទ ។

គួរបញ្ជាក់ថា ភ្នាក់ងារសន្ដិសុខត្រូវបានគេចាត់ទុកថា ជាអ្នកការពារ និងជាអ្នកយាមផ្ទះការពាររបស់របរ តែកន្លងមកមានភ្នាក់ងារសន្ដិសុខខ្លះខិលខូច លុះគេជួលឱ្យទៅយាមផ្ទះ ឬក្រុមហ៊ុន គឺដូចជួលចោរឱ្យទៅនៅយាមផ្ទះ ដូច្នោះដែរ ។ ប្រការនេះ គប្បីក្រុមហ៊ុនសន្ដិសុខនានាមានវិធានការយ៉ាងណាកុំឱ្យមនុស្សមិន ស្មោះត្រង់ ឬមានប្រវត្ដិមិនល្អ និងគ្មានឯកសារបញ្ជាក់ពីអត្ដសញ្ញាណ ឬអ្នកធានាមកធ្វើជាសន្ដិសុខឡើយ ៕

បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]