ខេត្តកណ្តាលៈ ជនសង្ស័យម្នាក់ បានលួចរថយន្ត លុច្យស៊ីស មួយគ្រឿង ជិះដើរបញ្ចាំ នៅម្តុំកាស៊ីណូ បូកគោ ប៉ុន្តែដោយ គ្មានអត្តសញ្ញាណ ប័ណ្ណគេមិនទទួល ដាក់បញ្ចាំនោះក៏ជិះមកវិញ ដល់ក្រុងតាខ្មៅ ជួបម្ចាស់គេ ស្រែកថាចោរៗ នគរបាលដើរល្បាត ទៅដល់ឃាត់ខ្លួនបានភ្លាមៗ និងដកហូតវត្ថុតាង បានជាក់ស្តែងតែម្តង។ ហេតុការណ៍ឃាត់ខ្លួននេះ កើតឡើងកាលពីវេលាម៉ោង ១៦និង៤០នាទីថ្ងៃទី១៥ ខែសីហា ឆ្នាំ ២០១៣ ស្ថិតនៅ ក្បែររបងមន្ទីរពន្ធដា ខេត្តកណ្តាល ក្រុងតាខ្មៅ។

នគរបាលបានឲ្យដឹងថា ជនសង្ស័យ ដែលត្រូវឃាត់ខ្លួនបាននោះ មានឈ្មោះ ទ្រី តិច ហៅទូច តិច ភេទប្រុស អាយុ៣១ឆ្នាំ មានមុខរបរជាអ្នកបើកបរ រថយន្តឲ្យ ក្រុមហ៊ុន លីជីន រស់នៅក្នុងភូមិព្រែកតាសៅ ឃុំស្វាយ ប្រទាល ស្រុកស្អាង ខេត្តកណ្តាល ។ រីឯជនរងគ្រោះមានឈ្មោះ គាំ ច័ន្ទមុនី ភេទប្រុស អាយុ៤៦ឆ្នាំ មានមុខរបរលក់ដូរ រស់នៅក្នុងភូមិ២១ សង្កាត់អូរឬស្សី ខណ្ឌ៧មករា រថយន្តដែលជនសង្ស័យលួចទៅហើយរកឃើញវិញនោះម៉ាក លុច្យស៊ីស RX-300ពណ៌ស្ក គ្មានស្លាកលេខ។

នគរបាលបានបន្តថា កាលពីថ្ងៃទី១២ខែសីហា ឆ្នាំ២០១៣ ជនសង្ស័យបានចូល ទៅយករថយន្តនៅក្នុងក្រុមហ៊ុន រួចហើយ បើកទៅស្រុកត្រាំកក់ ខេត្តតាកែវ ដេក១យប់ព្រមទាំងដោះស្លាកលេខចោល ។ លុះដល់ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៣ ជនសង្ស័យ បានបើករថយន្ត ទៅបញ្ចាំនៅកាស៊ីណូបូកគោ ប៉ុន្តែដោយជន សង្ស័យគ្មានអត្តសញ្ញាណប័ណ្ណទើបខាងកាស៊ីណូគេមិនទទួល ហើយជនសង្ស័យ ក៏បានបើករថយន្តនេះ ត្រឡប់មកផ្ទះវិញ រហូតដល់ថ្ងៃទី១៥ វេលាម៉ោង១៦និង ៤០នាទីជនរងគ្រោះ បានប្រទះឃើញ រថយន្តនៅ ខាងលិចរបងមន្ទីរពន្ធដា ខេត្តកណ្តាល ក្រុងតាខ្មៅ ក៏បានស្រែកចោរៗហើយស្របពេលនោះ នគរបាលមូលដ្ឋាន ក្រុងតាខ្មៅ ដើរល្បាត ទៅដល់ ក៏បានជួយឃាត់ខ្លួន និងនាំយកមកសាកសួរ និងដកហូត វត្ថុតាងជាក់ស្តែង រួចហើយកសាង សំណុំរឿងបញ្ជូន មកកាន់ស្នងការដ្ឋានដើម្បីចាត់ការបន្តទៅតាមផ្លូវច្បាប់៕





ដោយៈ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]