យោងតាមប្រភពព័ត៌មាន The Straits Times របស់ប្រទេសសឹង្ហបុរី បានឲ្យដឹងថា បុរសឈ្មោះ Ong Chip Siong អាយុ ៣២ឆ្នាំ ជាអតីតជំនួយការ ខាងផ្នែកដឹកជញ្ជូនម្នាក់ រួមទាំងបក្សពួកពីរនាក់ទៀត ដែលមានឈ្មោះ Ivan Lee Kah Leong អាយុ ៣៤ឆ្នាំ និងម្នាក់ទៀតមានឈ្មោះ Lee Seng Hua អាយុ ៣៦ បានលួចផលិតផលម៉ាក Apple ដែលមានដូចជា iPad ចំនួន ១,៩៣០គ្រឿង ទូរស័ព្ទដៃ iPhone ចំនួន ១,៤៦៤គ្រឿង និងគ្រឿងបន្ទាប់បន្សំចំនួន ១,០០០គ្រឿងទៀត ពីកន្លែងដឹកជញ្ជូនទំនិញមួយកន្លែង មានឈ្មោះថា“Changi Airfreight Centre” ស្ថិតក្នុងអាកាសយានដ្ឋាន “Changi Airport” ក្នុងប្រទេសសឹង្ហបុរី។

គួរបញ្ជាក់ផងដែរថា ផលិតផលម៉ាក Apple មួយចំនួន ត្រូវបានពួកគេលក់ ទៅក្នុងទីក្រុងហុងកុង ប្រទេសចិន បានទឹកប្រាក់សរុបចំនួន ៩៧០,០០០ដុល្លារ និងផលិតផល Apple សរុបចំនួន ៣៩០,២០០ដុល្លារទៀត ត្រូវបានប៉ូលីសរកឃើញ។

យ៉ាងណាមិញ បុរសឈ្មោះ Ong Chip Siong ត្រូវបានប៉ូលីសឃាត់ខ្លួន កាលពីខែកក្កដាកន្លងទៅនេះ ហើយត្រូវតុលាការ សម្រេចចិត្តដាក់ទោស ឲ្យជាប់គុករយៈពេល ១២ឆ្នាំ រីឯបក្សពួកពីរនាក់ទៀត ប៉ូលីសកំពុងស៊ើបអង្កេត និងតាមចាប់ យកមកផ្តន្ទាទោសតាមច្បាប់៕

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]