ខេត្តមណ្ឌលគិរី ៖ ស្ត្រីម្នាក់បានស្លាប់ភ្លាមៗ បន្ទាប់ពីត្រូវម៉ូតូមួយគ្រឿង ជិះក្នុងល្បឿនលឿន បុកយ៉ាងពេញទំហឹង កាលពី វេលាម៉ោង ១០ព្រឹក ថ្ងៃទី១៦ សីហា ២០១៣ នេះ ស្ថិតក្នុងភូមិអូរណា ឃុំស្រែខ្ទុម ស្រុកែវសីមា ។

សមត្ថកិច្ចបានឱ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះមិល រឹត អាយុ៤០ឆ្នាំ មានស្រុកកំណើតនៅស្រុករមាសហែក ខេត្តស្វាយរៀង បច្ចុប្បន្នស្នាក់នៅក្នុងភូមិ-ឃុំកើតហេតុខាងលើ ។ ចំណែកភាគីខាងម៉ូតូមានអ្នកជិះចំនួន៣នាក់ រងរបួសធ្ងន់ និងស្រាល ១-ឈ្មោះយឹម ធាង ភេទប្រុស អាយុ២៥ឆ្នាំ (អ្នកបើកបរម៉ូតូ) ២-ឈ្មោះសំ ភាស់ ភេទប្រុស អាយុ១៦ឆ្នាំ និង៣-ឈ្មោះនាង ស្រី អាយុ១៨ឆ្នាំ ទាំង៣នាក់ ជាជនជាតព្នង មានទីលំនៅភូមិស្រែអំពិល ឃុំស្រែព្រះ ស្រុកកែវសីមា ។

មុនពេលកើតហេតុ គេឃើញម៉ូតូមួយគ្រឿងជិះចេញពីទិសខាងកើត ឆ្ពោះទៅទិសខាងលិចក្នុងល្បឿនយ៉ាងលឿន ខណៈនោះស្ត្រីរងគ្រោះដើរឆ្លងផ្លូវ ចាប់ហ្វ្រាំងមិនទាន់ ក៏បុកស្លាប់ភ្លាមៗតែម្តង ។ សពត្រូវបានតម្កល់ទុកនៅមណ្ឌលសុខភាពស្រុកកែវសីមា ដើម្បីរង់ចាំសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកម៉ូតូត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករង់ចាំ ការដោះស្រាយ ។



បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]