ភ្នំពេញ: បុរសម្នាក់ ក្នុងចំណោមគ្នីគ្នា ៣នាក់ រងរបួសធ្ងន់ នៅក្នុងករណីវាយគ្នា ជាមួយក្រុមសន្តិសុខ ក្លឹបឡេស័រ ដែលមានគ្នីគ្នា ៥ នាក់ កាលពីវេលាម៉ោង ១និង២០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែសីហា ឆ្នាំ ២០១៣ ត្រង់ចំណុច មុខក្លឹបឡេស័រ តាមបណ្ដោយ ផ្លូវព្រះមុនីរ៉េត ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

បើតាមសំដី របស់ក្រុមជនរងគ្រោះ ដែលនិយាយប្រាប់សមត្ថកិច្ច នគរបាលមូលដ្ឋាន ដែលចុះអន្តរាគន៍ ដល់កន្លែងកើតហេតុ បានឧ្យដឹងថា មុនពេលកើតហេតុនេះ ក្រុមជនរងគ្រោះ ដែលមានគ្នា៣នាក់ បានចូលទៅរាំលេងនៅក្នុងក្លឹបឡេស័រ ។ ប៉ុន្តែមួយសន្ទុះក្រោយមក ក្រុមជនរងគ្រោះបានចេញពីក្លឹបឡេស័រ ក្នុងបំណង ទៅក្លឹបឡឺម៉ូនវិញ ខណៈចេញមកឈរចាំមុខក្លឹប ក៏ត្រូវសន្តិសុខ ដ៏កំណាច របស់ក្លឹបឡេស័រ ព្រួតគ្នាវាយតែម្តង ។ សាក្សីបន្តថា មូលហេតុដែលសន្តិសុខ ព្រួតគ្នាវាយ មក លើក្រុមជនរងគ្រោះនេះ បណ្តាលមកពី ក្រុមជនរងគ្រោះ មានជម្លោះជាមួយក្រុមម្ខាងទៀត នៅក្នុងក្លឹបឡេស័រ ទើបជាហេតុបណ្តាលឲ្យ សន្តិសុខឡេស័រ មកវាយលើ ក្រុមជនរងគ្រោះតែម្តង។

ក្រោយពីវាយមនុស្សឲ្យរបួសរួច ក្រុមសន្តិសុខឡេស័រ ហាក់មិនអស់ចិត្ត ក៏បានវាយស្ទុះទៅវាយម៉ូតូរបស់ជនរងគ្រោះ បណ្ដាលឲ្យ ខ្ទេចខ្ទីអស់ម៉ូតូទៀត ហើយក្រុម ជនពាលដែលជាសន្តិសុខយាមនៅក្លឹបឡេស័រ ក៏បានរត់គេចខ្លួនបាត់ ។

ក្រោយសមត្ថកិច្ចចុះអន្តរាគមន៍ ជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ ដើម្បីឲ្យសមត្ថកិច្ច ស្វែងរក មុខសញ្ញាជនដៃដល់ យកមកផ្តន្ទាទោសតាមច្បាប់។

សូមបញ្ជាក់ថា តាមប្រជាពលរដ្ឋរស់នៅក្បែរខាង បាននិយាយថា ក្លឹបឡេស័រនេះ ក្រៅពីបង្កការរំខានការដេកពួនរបស់ប្រជាពលរដ្ឋ គឺឧស្សាហ៍មានរឿង ហេតុវាយតប់គ្នា កើតឡើងជាញឹកញាប់ ណាស់ ៕





ដោយៈ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]