ខេត្តស្ទឹងត្រែង ៖ បុរសចំណាស់អាយុ៥៧ឆ្នាំម្នាក់ បានរងការចោទប្រកាន់ពីក្មួយស្រី សាច់ថ្លៃរបស់ខ្លួនថា បានរំលោភសេពសន្ថវៈរូបនាងដែលទើបមានអាយុ១៥ឆ្នាំ រហូតមានផ្ទៃពោះ ថែមទាំងឆ្លងទន្លេបានកូនស្រីម្នាក់ តែត្រូវស្លាប់ទៅវិញក្រោយពេលឆ្លងទន្លេ ។ ហេតុការណ៍នេះកើតឡើង នៅក្នុងឃុំកោះព្រះ ស្រុកសៀមបូក តែមិនដឹងពីថ្ងៃខែកើតហេតុឡើយ ហើយរហូតដល់ថ្ងៃទី១៤ សីហា ទើបសមត្ថកិច្ចឃាត់ខ្លួនបុរស ចំណាស់ម្នាក់នេះនៅក្នុងឃុំខាងលើ និងបញ្ជូនមកដល់ស្នងការដ្ឋាននគរបាល ខេត្តនៅវេលាម៉ោង១០ និង៤០នាទីព្រឹក ថ្ងៃទី១៥ សីហា ។

ប្រភពព័ត៌មានពីក្រុមគ្រួសារនិយាយថា សូម្បីតែពួកគាត់ជាឪពុកម្តាយ ក៏មិនបានដឹងថា កូនស្រីមានផ្ទៃពោះដែរ តែបានសួរទៅកូនស្រីខណៈឃើញ នាងតែងតែយកដៃអង្អែល និងឈ្លីចង្កេះ ហើយកូនស្រីរបស់គាត់ឆ្លើយថាឈឺចង្កេះ។ លុះនៅថ្ងៃទី១៣ សីហា វេលាម៉ោង៨ និង៣០នាទីយប់ ស្រាប់តែនាងឈឺពោះ លុះបញ្ជូនទៅមណ្ឌលសុខភាព ក៏ឆ្លងទន្លេបានកូនស្រី តែត្រូវស្លាប់ទៅវិញ ទើបកូនស្រីរបស់គាត់ប្រាប់ពីរឿង ឪពុកធំចាប់រំលោភ និងគំរាមសម្លាប់ បើនាងហ៊ាននិយាយឱ្យបែកការណ៍ដឹងដល់អ្នកដទៃ និងឪពុកម្តាយ ។ លោក សន សារឿន អភិបាលស្រុកសៀមបូក ឱ្យដឹងថា ហេតុការណ៍នេះមិនមានអ្នកណាម្នាក់ដឹងថា កើតឡើងនៅពេលណាឡើយ គឺទើបតែដឹងនៅពេលក្មេងស្រីឆ្លងទន្លេនៅមណ្ឌលសុខភាព ។ យោងតាមការរៀបរាប់របស់ក្មេងស្រី គឺនាងប្រាប់ថា ត្រូវឪពុកធំចាប់រំលោភនៅផ្ទះរបស់គាត់ ខណៈនាងទៅជួយធ្វើចម្ការ ។ ក្រោយពីចាប់រំលោភរួច បានគំរាមសម្លាប់នាងចោល បើសិននិយាយប្រាប់ឪពុកម្តាយរបស់នាង ទើបនាងមិនហ៊ាននិយាយរហូតដល់ថ្ងៃឆ្លងទន្លេ ។ ក្មេងស្រីរងគ្រោះទើបតែមានអាយុ១៥ឆ្នាំ សូម្បីតែខ្លួននាងផ្ទាល់ក៏មិនដឹងថាមានផ្ទៃពោះដែរ ។

អធិការរងនគរបាលស្រុកសៀមបូកទទួលផ្នែកយុត្តិធម៌ លោក មឿង ជុំ បានឱ្យដឹងតាមទូរស័ព្ទនៅព្រឹកថ្ងៃទី១៥ សីហា ថា ក្មេងស្រីរងគ្រោះទើបមានអាយុ១៥ឆ្នាំ ឯឪពុកធំជាជនសង្ស័យឈ្មោះ យឹង គ្រី អាយុ៥៧ឆ្នាំ ។ តាមការឆ្លើយប្រាប់របស់ក្មេងស្រី គឺរូបនាងត្រូវឪពុកធំម្នាក់នេះចាប់រំលោភ ទើបឈានដល់ការឃាត់ខ្លួនបុរសជាឪពុកធំខាងលើមកសាកសួរ ។ ទោះជាយ៉ាងណា ឪពុកធំជាប់ចោទរូបនេះមិនបានសារភាពទេ តែដោយយោងតាមចម្លើយ និងការប្តឹងរបស់ឪពុកម្តាយក្មេងស្រី ទើបជននេះត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តដើម្បីសួរនាំបន្ត ។ លោក ប៊ូ ថាំង នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្ត ឱ្យដឹងថា យោងតាមចម្លើយរបស់ក្រុមគ្រួសារ និងក្មេងស្រីរងគ្រោះ មិនមានភស្តុតាងបញ្ជាក់នូវភាពជាក់លាក់ណាមួយទេ ។ រីឯឪពុកធំជាប់ចោទឆ្លើយបំភ្លឺនៅប៉ុស្តិ៍រដ្ឋបាលស្រុកសៀមបូក ក៏ដូចជាការឆ្លើយបំភ្លឺនៅស្នងការដ្ឋានបានបដិសេធថា ខ្លួនមិនបានប្រព្រឹត្តអំពើអនាចារលើក្មួយស្រីសាច់ថ្លៃរបស់ខ្លួនឡើយ ។

ប្រភពព័ត៌មានពីអ្នកភូមិកើតហេតុនិយាយថា ក្មេងស្រីរងគ្រោះតែងឡើងចុះផ្ទះឪពុកធំញឹកញាប់ តែមិនដឹងជាមានការទាក់ទងត្រូវរ៉ូវគ្នា ឬមានការគំរាមកំហែង រហូតឈានដល់ការចាប់រំលោភលើក្មួយស្រីយ៉ាងណានោះឡើយ ។ ម៉្យាងទៀត ទាក់ទងរហូតដល់ការមានផ្ទៃពោះ ក៏មិនប្រាកដថា ជាកូនរបស់ឪពុកធំជាប់ចោទដែរ ទាល់តែស៊ើបក្រៅផ្លូវការថា តើក្មេងស្រីរងគ្រោះធ្លាប់ មានទំនាក់ទំនងជាមួយអ្នកណាផ្សេងទៀត ឬយ៉ាងណាទើបអាចដាក់ការសន្និដ្ឋានលើជន ជាប់ចោទឱ្យទទួលខុសត្រូវចំពោះសំណុំរឿងនេះ ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]