កោះកុង ៖ គ្រោះថ្នាក់ ចរាចរណ៍មួយ ដែលធ្វើឱ្យ មានការភ្ញាក់ផ្អើល ទាំងកណា្ដល អាធ្រាត្រ ដល់ប្រជាពលរដ្ឋ ដែលកំពុងលង់លក់ ក្នុងដំណេក បង្កឡើងដោយ រថយន្ដ១គ្រឿង បានបើកកៀរម៉ូតូ ហើយឈានទៅ បុកផ្ទះសំណាក់ យីហោ លី.លី បណ្តាលឱ្យ បាក់របងថ្ម និងសសរ យាបខាងមុខ ត្រូវបាក់ ហើយធ្វើឱ្យ ស្រី២នាក់ ដែលបើកម៉ូតូ រងរបួសធ្ងន់ម្នាក់ ស្រាលម្នាក់ ចំណែកខាង ផ្ទះសំណាក់វិញ ពុំមានអ្នកណាម្នាក់ រងគ្រោះថ្នាក់អ្វីឡើយ។

ហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍ នេះបានកើតឡើង កាលពីវេលាម៉ោង ១៖១៤ នាទីយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៣ ស្ថិតនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្ដកោះកុង។ គ្រោះថ្នាក់ ចរាចរណ៍នេះ បង្កឡើងដោយរថយន្ដ តូយូតា១បាង់កន្លះ ពណ៌ទឹកប្រាក់ ពាក់ស្លាក លេខភ្នំពេញ 2Q-2507 បើកបរដោយ ឈ្មោះ មឿន សុវណ្ណដា ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំ នៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ មានមុខរបរ ដើរមើលប្រព័ន្ធ ទូរសព្ទ័ឱ្យ ក្រុមហ៊ុនចិន ស៊ីស៊ីអេសស៊ី នៅក្នុងខេត្ដកោះកុង។ ចំណែកស្ដ្រីរង គ្រោះ២នាក់នោះមាន ឈ្មោះ ស៊ុត វណ្ណា ភេទស្រី អាយុ៣០ឆ្នាំ មានមុខរបរ ម៉ាស្សា នៅតោ២ ស្ថិតនៅ ក្នុងសង្កាត់ ស្មាច់មានជ័យ រងរបួសធ្ងន់ ឈ្មោះ ទ្រី ធី ភេទស្រី អាយុ ២៥ឆ្នាំ មានមុខរបរដូចគ្នា ហើយម៉ូតូដែល ត្រូវរថយន្ដកៀរនោះម៉ាក សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កោះកុង 1A-5199 ស៊េរី២០១០បើកបរដោយ ឈ្មោះ ស៊ុត វណ្ណា ជាជនរងគ្រោះ។

លោក ថុង គឹមលី នាយផ្នែកចរាចរណ៍ក្រុង បានឱ្យដឹងថា ជនដែលបង្កនេះ មានជាតិអាល់កុល ពេញខ្លួនដោយគ្រប់គ្រង ខ្លួនឯងមិនបានទើប បើករថយន្ដ ទៅកៀរម៉ូតូ ហើយទៅបុករបងផ្ទះសំណាក់ ឈ្មោះ លី លី សសរផ្ទះសំណាក់បាក់ហើយ ព្យាយាម បើកគេច តែរថយន្ដកលជាប់ និងរបងថ្មទៅមុខលែងរួចហើយ ប្រុងរត់តែរត់មិនរួច ព្រោះខ្លួនស្រវឹងពេកត្រូវប្រជា ពលរដ្ឋចាប់ជាប់ ប្រគល់ទៅឱ្យសមត្ថកិច្ចក្រុង តែម្ដង ។ ចំពោះជនរងគ្រោះទាំង២នាក់ ត្រូវសមត្ថកិច្ច បញ្ជូនទៅកាន់មន្ទី ពេទ្យខេត្ដដើម្បីព្យាបាល។ ចំណែកជនរងគ្រោះឈ្មោះ ស៊ុត វណ្ណា ត្រូវរងរបួសធ្ងន់ត្រូវក្បាល ជើង និងផ្នែកខាងស្មាខាង ឆ្វេង ហើយម្នាក់ទៀត រងរបួសស្រាល ។

ប្រភពដដែលបានបន្ដថា ជនបង្ក មុនពេលកើតហេតុ បានផឹកស៊ីនៅ ក្លិបកំសានមួយ មានឈ្មោះ ហេង ហេង ដល់ពេលស្រវឹងខ្លាំង ពេកក៏បានមកបើក រថយន្ដបំរុងទៅផ្ទះវិញ ពេលចេញមកដល់ផ្លូវជនបង្កបាន បើកល្បឿនលឿន ទើបទៅកៀរម៉ូតូដួល ហើយរេចង្កូតទៅបុក របងផ្ទះសំណាក់ បាក់ហើយ រថយន្ដត្រូវខ្ទេចផ្នែកខាងមុខទាំង ស្រុង។

ស្ដ្រីរងគ្រោះឈ្មោះ ស៊ុត វណ្ណា បាន និយាយថា មុនពេលកើតហេតុ គាត់ឃើញរថយន្ដបង្ក បានបើកយ៉ាងលឿនហើយ រេចង្កូត ពេញផ្លូវស្ថិត ក្នុងអាការៈស្រវឹង ពីកើតទៅលិចពេលឃើញ ដូច្នេះគាត់បានជិះម៉ូតូ ចូលខាងពេលនោះ រថយន្ដ បង្កបានកៀរគាត់ដួល ហើយព្យាយាមបើករត់ តែត្រូវរថយន្ដបង្កបើកទៅបុករបងផ្ទះសំណាក់ លីលី ជាប់នៅទីនោះតែម្ដង។ ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះ រថយន្ដបង្កត្រូវសមត្ថកិច្ច យកមករក្សាទុកនៅអធិការក្រុង ដើម្បីធ្វើការដោះស្រាយ ទៅតាមផ្លូវច្បាប់៕









ដោយៈ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]