មានក្មេងជំទង់ពីរនាក់ បានចូលទៅក្នុងផ្សារទំនើប Tesco ដើម្បីទិញសូកូឡាញ៉ាំ ប៉ុន្តែអ្វីដែលពួកគេទទួលបាននោះ គឺសត្វដង្កូវរស់ជាច្រើន នៅក្នុងប្រអប់សូកូឡារបស់ពួកគេទៅវិញ។

ក្មេងប្រុសជំទង់ពីរនាក់ បាននិយាយប្រាប់ពីរឿងដ៏គួរឲ្យខ្លាច និងគួរឲ្យខ្ពើមមួយរបស់ពួកគេ នៅពេលដែលពួកគេចូលទៅក្នុង ផ្សារទំនើប Tesco នៅទីក្រុង Sunderland ទិញស្ករសូកូឡា Cadbury’s Caramel។ Josh Downs អាយុ ១៨ឆ្នាំ បាននិយាយប្រាប់អ្នកការសែតថា នៅពេលដែលរូបគេលើកយកកញ្ចប់សូកូឡា Cadbury’s Caramel ដែលនៅក្នុងប្រអប់របស់វា គាត់បានប្រទះឃើញសត្វដង្កូវជាច្រើននៅក្នុងប្រអប់នោះ។ ដំបូងលោក Downs មិនបានដឹងថា វាគឺជាដង្កូវឡើង គាត់ស្មានតែកញ្ចប់សូកូឡាធ្លាយ ហើយខ្ចាយនៅក្នុងប្រអប់នោះ ប៉ុន្តែគាត់បានឃើញសូកូឡាដែលនៅក្នុងប្រអប់នោះ មានចលនា ហើយបានប្រទះឃើញដង្កូវនៅលើដៃ និងសំលៀកបំពាក់របស់គេ វាពិតជាគួរឲ្យខ្លាច និងខ្ពើមជាទីបំផុត។

មានស្រ្ដីម្នាក់ ដែលជាអ្នកដើរទិញទំនិញដែរនោះ បានឲ្យគាត់ទៅលាងដៃចេញ។ ហើយមិត្តរបស់លោក Downs ក៏បានប្រាប់ឲ្យបុគ្គលិកដែលធ្វើការនៅ ក្នុងផ្សារទំនើបនោះមកមើល។ មានអ្នកខ្លះបានរត់ចេញពីផ្សារភ្លាមៗ ប្រហែលជាពួកគេក៏ខ្ពើមនឹងដង្កូវទាំងនោះដែរ។

Downs បាននិយាយបន្ថែមថា ដង្កូវទាំងនោះពិតជាគួរឲ្យខ្លាចណាស់ ពួកវាមានខ្លួនតូច ហើយថែមទាំងមានក្លិនស្អុយទៀតផង។ រឿងមួយនេះ មិនគួរណាកើតមាននៅក្នុងផ្សារទំនើប Tesco បែបនេះសោះ ហើយគាត់បានស្បត់ថា នឹងមិនទៅទិញទំនិញនៅ ក្នុងផ្សារនោះជារៀងរហូត។

យ៉ាងណាមិញ ក្រុមអ្នកពិនិត្យផ្នែកអានាម័យអាហារ កំពុងតែធ្វើការស៊ើបអង្កេត ពីបញ្ហាខាងលើនេះ ហើយអ្នកគ្រប់គ្រងផ្សារ បានចេញមុខបកស្រាយថា៖ “យើងពិតជាសូមថ្លែងអំណរគុណដល់ ក្មេងប្រុសទាំងពីរ ដែលបានផ្ដល់ព័ត៌មាននេះដល់ ផ្សាររបស់យើង ហើយពួកយើងពិតជាសូមអភ័យទោស ចំពោះរឿងនេះ។ ពួកយើងនឹងយកចិត្តទុកដាក់ ស៊ើបអង្កេត ពីមូលហេតុ ដែលបណ្ដាលឲ្យកើតរឿងនេះឡើង។”

តើប្រិយមិត្តយល់យ៉ាងណាចំពោះ បញ្ហាមួយនេះ? បើប្រិយមិត្តគឺជាលោក Downs តើប្រិយមិត្តនឹងធ្វើបែបណា?



កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]