- ក្រុមអ្នកច្បាប់៖ ទោះបីជនទំនើង ព្រមសងលុយ បញ្ចប់បញ្ហា តែសមត្ថកិច្ច ត្រូវតែបញ្ជូនទៅតុលាការ ព្រោះជាបទល្មើស ជាក់ស្តែង

- បើចង់ពង្រឹងនីតិរដ្ឋ នៅកម្ពុជា និងមិនចង់ឲ្យពលរដ្ឋ កាន់តែឈឺចាប់ ត្រូវតែលុបបំបាត់វប្បធម៌ និទន្តភាព និងវប្បធម៌អន្តរាគមន៍ ចំពោះជនខិលខូច

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយ បានកើតឡើង យ៉ាងកក្រើករាជធានីភ្នំពេញ ខណៈកូនអ្នកមានអំណាច និងមានបុណ្យស័ក្តិខ្ពស់ ៣ទៅ ៤នាក់ បើករថយន្ត កាមរីបាឡែន មួយគ្រឿង ក្នុងល្បឿនលឿន ប៉ះគ្នាជាមួយរថយន្ត ឡិចស៊ីស RX300 បន្តិចបន្តួច ផ្ទុះហិង្សាដកកាំភ្លើង វាយកញ្ចក់រថយន្តឡិចស៊ីស ផ្នែកខាងមុខបែក ខ្ទេច និង ចូលភ្ជង់នារី ២នាក់ និងយុវជនម្នាក់ ដល់ក្នុង រថយន្តឡិចស៊ីស ព្រមទាំងបើករថយន្ត ដេញបុកគូថរថយន្តឡិចស៊ីស នោះថែមទៀត។ ហេតុការណ៍នេះ បានកើត ឡើងកាលពីវេលា ម៉ោង២ និង០០នាទីយប់ ឈានចូលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៣ នៅចំណុចមុខផ្សារទំនើបស៊ីធីម៉ល ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា។

ទង្វើដ៏ស្អប់ខ្ពើមនេះ ត្រូវបានក្រុមប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិល ធ្វើការរិះគន់យ៉ាងខ្លាំង ហើយអំពាវនាវឲ្យសមត្ថកិច្ច និងមន្រ្តី តុលាការ ត្រូវតែដាក់ទោសទណ្ឌ លើជនបង្ក ដើម្បីលើកកម្ពស់នីតិរដ្ឋនៅកម្ពុជា និងលុបបំបាត់វប្បធម៌និទន្តភាព និងវប្បធម៌អន្តរាគមន៍ លើជនខិលខូច។

ករណីខាងលើសាក្សី ដែលឃើញហេតុការណ៍ បាននិយាយរៀបរាប់ ប្រាប់មន្រ្តីកងរាជអាវុធហត្ថខណ្ឌ ចំការមនថា មុនពេល កើតហេតុ មានរថយន្តឡិចស៊ីស RX300 ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2H-9474 បើកបរដោយយុវជនម្នាក់ និងរួមដំណើរ ដោយនារី ២ នាក់ ធ្វើដំណើរតាមបណ្តោយ ផ្លូវព្រះមុនីរ៉េត ក្នុងទិសដៅពីកើតទៅលិច ខណៈបើកដល់ចំណុច មុខផ្សារទំនើប ស៊ីធីម៉ល ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ស្រាប់តែមានរថយន្តកាមរីបាឡែន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2T- 0395 បើក បរដោយក្រុមយុវជនទំនើង ៣ទៅ៤ នាក់ ស្ថិតក្នុងសភាពស្រវឹងស្រា ហើយសុទ្ធតែអ្នកអំណាចទៀត ថែមទាំងមានកាំភ្លើង ប្រើប្រាស់ផងដែរនោះ បានបើកមកប៉ះគ្នាជាមួយ រថយន្តឡិចស៊ីស RX300 ខូចខាតបន្តិចបន្តួច ប៉ុន្តែម្ចាស់រថយន្តទាំង ២ គ្រឿងប្រកែកគ្នា រហូតធ្វើឲ្យម្ចាស់រថយន្ត ឡិចស៊ីសភ័យ ក៏សម្រេចបើករថយន្តរត់គេច រហូតមកដល់ចំណុចស្តុបអាងទឹក ទើប ក្រុមយុវជនទំនើង បើករថយន្តកាមរីបាឡែន ទៅកាក់ពីមុខ រថយន្តឡិចស៊ីស និងបានដកយកកាំភ្លើងខ្លី វាយបែកកញ្ចក់ រថយន្តឡិចស៊ីស ផ្នែកខាងមុខខ្ទេច រួមទាំងចូលភ្ជង់ អ្នកបើកបរ រថយន្តឡិចស៊ីសថែមទៀត។

គួរបញ្ជាក់ថា ក្រោយមានហេតុការណ៍ភ្ញាក់ផ្អើល ដល់អ្នកដំណើររថយន្តឡិចស៊ីស ក៏បានព្យាយាមបើកគេច ពីរថយន្ត កាមរីបាឡែន ព្រោះមិនចង់មានរឿងវែងឆ្ងាយ ប៉ុន្តែក្រុមយុវជនខាងលើ នៅមិនទាន់អស់ចិត្ត បានបើករថយន្តដេញបុក រថយន្តឡិចស៊ីស រហូតមកដល់ចំណុច មុខទីបញ្ជាការកងរាជអាវុធហត្ថ ខណ្ឌចំការមន ទើបម្ចាស់រថយន្តឡិចស៊ីស ឈប់ រថយន្ត រត់ចូលសុំការអន្តរាគមន៍ ពីកងរាជអាវុធហត្ថ ខណៈនោះម្ចាស់រថយន្តកាមរីបាឡែន បានចុះពីលើរថយន្ត ដើរសំដៅ ទៅរករឿងគេ ដល់មុខទីបញ្ជាការ កងរាជអាវុធហត្ថថែមទៀត ទើបធ្វើឲ្យផ្អើលដល់ មន្រ្តីកងរាជអាវុធហត្ថ ចេញមកឃាត់ រថយន្តទាំង ២ គ្រឿង និងដកហូតកាំភ្លើង ខ្លីមួយដើម ពីម្ចាស់រថយន្តកាមរី បាឡែន ព្រមទាំងឃាត់ម្ចាស់រថយន្ត នាំចូលក្នុងទី បញ្ជាការ ដើម្បីធ្វើការសាកសួរពាក់ព័ន្ធ នឹងករណីខាងលើនេះ។

ដោយម្ចាស់រថយន្តឡិចស៊ីស មិនចង់ឲ្យមានរឿងកាន់តែធំនោះ បានសម្រេចទាមសំណងពីម្ចាស់ រថយន្តកាមរីបាឡែនថ្លៃ ខូចខាតកញ្ចក់រថយន្ត ផ្នែកខាងមុខ តែប៉ុណ្ណោះ ដោយពុំបានបឹ្តង ពីបទដកកាំភ្លើងគំរាម កំហែងនោះទេ ។

ក្រុមអ្នកច្បាប់នៅកម្ពុជា បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា បើទោះបីជាម្ចាស់រថយន្ត កាមរីបាឡែន ជាជនទំនើង ព្រមសងសំណងជូនភាគីរថយន្តឡិច ស៊ីស ដើម្បីបញ្ចប់រឿងយ៉ាងណាក៏ដោយ តែសមត្ថកិច្ចត្រូវតែចាប់ខ្លួន និងបញ្ជូនក្រុមជនទំនើង អាងអំណាចដកកាំភ្លើងគំរាមគេឯងនេះ ទៅតុលាការ ព្រោះវាជាបទ ល្មើសជាក់ស្តែង។

ជាមួយករណីខាងលើនេះ ក្រុមអង្គការសង្គមស៊ីវិល និងសាធារណៈមតិមួយចំនួន បានលើកឡើងថា មន្ត្រីអនុវត្តន៍ច្បាប់ទាំងអស់ ប្រសិនបើចង់ពង្រឹងនីតិរដ្ឋ នៅកម្ពុជា និងចង់បន្ថយភាពឈឺចាប់ពីប្រជាពលរដ្ឋ ត្រូវតែលុបបំបាត់នូវវប្បធម៌និទន្តភាព និងវប្បធម៌អន្តរាគមន៍នានា ចំពោះជនខិលខូច។

សាធារណៈមតិទាំងអស់ ក៏បានលើកផងដែរ លទ្ធផលធ្វើឲ្យគណបក្សប្រជាជនកម្ពុជា ដែលខិតខំសាងសមិទ្ធិផលជាច្រើន ជូនប្រជាពលរដ្ឋ បាត់អាសនៈដ៏ច្រើននៅក្នុងអាណត្តិទី៥ ក៏មានការចូលរួមចំណែកមួយភាគធំផងដែរ មកពីសកម្មភាពក្រុមជនទំនើង និងមន្រ្តីអនុវត្តន៍ច្បាប់ មួយចំនួន បង្កើតនូវវប្បធម៌គ្មានទោសពៃ និងការអន្តរាគមន៍ពីក្រុមជនខិលខូច ធ្វើឲ្យប្រជាពលរដ្ឋ ស្លូតត្រង់ ជាជនរងគ្រោះ រងនូវការឈឺចាប់យ៉ាងខ្លាំង។ ដូច្នេះរាជរដ្ឋាភិបាល អាណត្តិទី៥ ដែលកើតចេញពីគណបក្សប្រជាជនកម្ពុជា ក្រោមឆន្ទៈរបស់ប្រជាពលរដ្ឋ ត្រូវតែពង្រឹងឡើងវិញ នូវរដ្ឋមួយ ដែលគោរពច្បាប់ និងលុបបំបាត់ឲ្យបានក្រុមជនខិលខូច ក្រុមទំនើងអាងអំណាចទាំងអស់នេះ ព្រោះវាជាការចង់បានរបស់ពលរដ្ឋទូទាំងប្រទេស៕








បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]