រាជធានីភ្នំពេញ ៖ សង្គមសិល្បៈខ្មែរបច្ចុប្បន្ន ត្រូវគេមើលឃើញកំពុងតែលូត លាស់ទៅមុខក្នុងនោះអ្នកសិល្បៈមួយចំនួន ប្រើអាជីពមួយនេះ រហូតបានឈានទៅរកភាពថ្កុំថ្កើង និងហ៊ឺហានៅក្នុងសង្គមរស់នៅ ។ ទន្ទឹមនេះគេមិនអាចមើលរំលង បានឡើយចំពោះបញ្ហាអ្នកសិល្បៈ មួយចំនួនដែលយកអាជីពសិល្បៈ ធ្វើជាឈ្នាន់ដើម្បីមានឱកាស ចេញទៅសម្ដែងនៅក្រៅប្រទេស ហើយឆ្លៀតគេចខ្លួនរស់នៅ ទីនោះតែម្ដង ។

បញ្ហាមួយនេះកើតឡើងជា រឿយៗសម្រាប់សង្គមសិល្បៈខ្មែរនាពេលបច្ចុប្បន្ន ហើយអ្នកសិល្បៈ ដែលគេចរស់នៅស្រុកគេខុសច្បាប់មួយចំនួន ត្រូវគេបញ្ជូនមកកាន់ប្រទេសកម្ពុជាវិញ ធ្វើឱ្យពួកគេអាម៉ាស់ និងរងការរិះគន់ពីមហាជន ពិសេសត្រូវគេហាម មិនឱ្យចេញទៅសម្ដែងនៅប្រទេសគេទៀតផង ។

ការគេចរស់នៅស្រុកគេត្រូវសិល្បករខ្មែរ ជើងចាស់មួយចំនួនចាត់ទុកថាជាការខុសឆ្គងមួយ និងសម្ដែងក្ដីបារម្ភដោយសារតែវាធ្វើឱ្យវិស័យសិល្បៈ ខ្មែរអាប់ឱន ហើយអាចជះឥទ្ធិពលអាក្រក់ដល់សិល្បករខ្មែរផ្សេងទៀត ។តារាសម្ដែងជើងចាស់តាំងពីទសវត្សទី៦០មកអ្នកស្រី ឌី សាវ៉េត កាលពីពេល ថ្មីៗនេះអះអាងប្រាប់កោះសន្ដិភាពថា បើទោះជាការគេចរស់នៅស្រុកគេនេះជាសិទ្ធិរបស់បុគ្គល ម្នាក់ៗក៏ដោយ ប៉ុន្តែត្រូវគិតថា ប្រសិនបើចង់រស់នៅប្រទេសគេគួរតែគិតដល់ប្រទេសកំណើតរបស់ ខ្លួនជាមុនសិន ។

យើងជាប្រទេសតូចមួយ ប៉ុន្តែយើងសប្បាយរួបរួមគ្នាក្នុងការបម្រើសិល្បៈប្រសិន បើយើងទៅបាត់នោះ ហើយអ្នកសិល្បៈដែលឡើងមកថ្មីគឺមិនមានបទពិសោធន៍ដូច អ្នកចាស់ទេ ហេតុនេះគួរត្រឡប់មកវិញដើម្បីពួតដៃគ្នាកសាងសិល្បៈ ខ្មែរឱ្យលូតលាស់ដូចស្រុកគេ ។ ប្រសិនបើយើងរួមគ្នាតស៊ូឱ្យបានចប់ចុងចប់ដើមនោះយើងក៏ លូតលាស់ដូចគេ ហើយគេក៏ចង់មករស់នៅស្រុកយើងដូចគ្នា ។ អ្នកស្រីឌី សាវ៉េត យល់ថា អ្នកដែលចង់រស់នៅស្រុកគេគឺដោយសារតែមើលឃើញពីភាពជឿនលឿន និងការអភិវឌ្ឍសរបស់ប្រទេសគេ ហេតុនេះយើងត្រូវរួមគ្នាដើម្បីកសាងប្រទេសយើងឱ្យដូចគេ ដើម្បីឱ្យគេមានចិត្តចង់មករស់នៅស្រុកយើងដូចគ្នា ដូច្នេះបញ្ហានេះត្រូវទាមទារឱ្យមានការគិតពិចារណាឱ្យបានម៉ ត់ចត់នៅក្នុងការសម្រេចចិត្តធ្វើដូច្នេះ ។

តារាសម្ដែងជើងចាស់រូបនេះចាត់ទុកការគេច ទៅរស់នៅស្រុកគេខុសច្បាប់របស់សិល្បករធ្វើឱ្យប៉ះពាល់ដល់ សង្គមសិល្បៈខ្មែរផងដែរ ព្រោះជាការខុសឆ្គងមួយសម្រាប់សិល្បករខ្មែរដែលមិនបានគិត ពិចារណាច្បាស់លាស់មុននឹងសម្រេចចិត្តធ្វើអ្វីមួយនោះ ។
មិនខុសពីអ្នកស្រីឌី សាវ៉េត ពិធីការិនីចាស់វស្សា អ្នកនាងយុគ ចិន្ដា បានចាត់ទុករឿងនោះថាជាកំហុសឆ្គងចំពោះអ្នកសិល្បៈខ្មែរ ប៉ុន្តែនាងមិនបន្ទោសទាំងស្រុងឡើយ ដោយហេតុថា កត្ដាគ្រួសារ និងបុគ្គល នាំឱ្យសិល្បករមួយចំនួនសម្រេចចិត្តធ្វើបែបនោះ ។ អ្នកនាងយុគ ចិន្ដា បញ្ជាក់ថា ប្រសិនបើពួកគេសម្រេចចិត្តបោះបង់ចោលសិល្បៈដោយសារជីវិត គ្រួសារនោះគឺជារឿងត្រឹមត្រូវ ហើយមានមួយចំនួនទៀតបានបោះបង់ទីកន្លែងកំណើតរបស់ខ្លួន ហើយរស់នៅប្រទេសក្រៅ ប៉ុន្តែពួកគេនៅតែបន្តអាជីពសិល្បៈដដែល ។

បើតាមគំនិតរបស់ពិធីការិនីជើងចាស់រូបនេះ ថា «គ្រប់អ្នកសិល្បៈទាំងអស់ដែលមានជំនាញពិតប្រាកដនោះ ប្រសិនបើមានឱកាសគួរតែរួមគ្នាដើម្បីពង្រឹង និងពង្រីកសិល្បៈ និងផ្ដល់ជាគំរូដល់អ្នកសិល្បៈ ក្រោយៗទៀត ។ ការចេញសម្ដែងហើយមិនវិលត្រឡប់មកវិញសម្រាប់អ្នកសិល្បៈ ខ្មែរមួយចំនួននោះគឺវាបានប៉ះពាល់ដល់អ្នកសិល្បៈក្រោយទៀត ដែលពួកគាត់ចេញសម្ដែងដោយពិតប្រាកដ ហើយនៅតាមស្ថាប័នមួយចំនួន និងតាមស្ថានទូតនានាគឺមិនទុកចិត្តដល់អ្នកសិល្បៈរបស់ យើង ។ ដោយឡែកវាក៏ធ្វើឱ្យប៉ះពាល់សង្គមជាតិទាំងមូលផងដែរ ។ ដោយសារតែគាត់ជាអ្នកសិល្បៈក្រោមការគ្រប់គ្រងពីក្រសួងរបស់ រដ្ឋ ថ្វីដ្បិតតែពួកគាត់បង្កើតសិល្បៈដោយខ្លួនគាត់មែន ប៉ុន្តែយើងត្រូវឱ្យតម្លៃថាសិល្បៈក៏បានផុសចេញពីសង្គមជាតិផង ដែរ ហេតុនេះអ្វីដែលទាក់ទងនឹងសិល្បៈក៏ត្រូវមានសីលធម៌ និងក្រឹត្យក្រម» ។

ចំណែកសាស្ត្រាចារ្យផ្នែកសិល្បៈបុរាណលោកអៀង ស៊ីធុល អះអាងថា បញ្ហាមិនល្អបែបនោះមិនធ្វើឱ្យប៉ះពាល់ដល់វិស័យសិល្បៈ ខ្មែរទាំងមូលឡើយ ពោលគឺវាគ្រាន់តែធ្វើឱ្យអាប់ឱនដល់កិត្តិយសបុគ្គលនោះ ប៉ុណ្ណោះ ។ វាជាសិទ្ធិបុគ្គលដែលគេមើលឃើញប្រទេសរបស់គេល្អជាងប្រទេស កំណើតរបស់ខ្លួន ហ៊ានធ្វើអំពើនេះឡើងអាចនាំឱ្យបាត់បង់កិត្តិយស និងកេរិ៍្តឈ្មោះក្នុងនាមជាសិល្បករ ។ ទោះជាយ៉ាងណាក្ដីលោកចាត់ទុកអំពើនោះផ្ដល់ផលប៉ះពាល់ដល ់អ្នកសិល្បៈជំនាន់ក្រោយ ប៉ុន្តែវាទំនងជាមិនអាចប៉ះពាល់ដល់សង្គមសិល្បៈខ្មែរទាំងមូល ឡើយ ។ លោកបញ្ជាក់ថា «បញ្ហានេះក្រសួងពាក់ព័ន្ធក៏ដូចជារាជរដ្ឋាភិបាលកម្ពុជានឹង អាចស្វែងរកដំណោះស្រាយសមស្របណាមួយដើម្បីឱ្យមានតម្លាភាព និងការការពារកុំឱ្យមានបញ្ហានេះកើតឡើងបន្តទៀត » ។

ប្រធានសមាគមសិល្បករខ្មែរលោកសុះ ម៉ាច ចាត់ទុកការគេចខ្លួនរស់នៅស្រុកគេខុសច្បាប់របស់សិល្បករ ពេលទៅសម្ដែងជាការខុសឆ្គងមួយដោយសារធ្វើឱ្យគេលែង មានសេចក្ដីទុកចិត្តដល់សមាគមទូរទស្សន៍ និងសមាគមសិល្បករខ្មែរដើម្បីផ្ដល់សិទ្ធិដល់សិល្បករខ្មែរ ណាម្នាក់ចេញទៅសម្ដែងនៅឯបរទេស ។ លោកបញ្ជាក់ថា «ប្រសិនបើពួកគាត់ទាំងនោះមានឱកាសចេញទៅសម្ដែងនៅឯបរទេស ហើយមិនត្រឡប់មកវិញតាមការកំណត់ នោះវាអាចនឹងជះឥទ្ធពលដល់សិល្បករខ្មែរក្រោយទៀតដែលមាន បំណងចង់ទៅសម្ដែងនៅឯក្រៅប្រទេស ។ ស្ថានទូតនានាអាចនឹងពិចារណាក្នុងការផ្ដល់ទិដ្ឋាការឆ្លង ដែនដល់សិល្បករខ្មែរយើងបន្តទៀត បន្ទាប់ពីតារាមួយចំនួនដែលចេញទៅសម្ដែង ហើយមិនត្រឡប់មកវិញ ។ លោកជឿថា ចាប់ពីពេលនេះតទៅអាចនឹងមានការតឹងតែង »។

លោកសុះ ម៉ាច លើកឧទាហរណ៍ថា «ស្ថានទូតអាមេរិកពីមុនផ្តល់ទិដ្ឋាការឆ្លងដែនឱ្យយើង បានរយៈពេល៣ខែ និងបានបន្ថែមអន្ដោប្រវេសន៍(Immigration)៣ខែទៀត ប៉ុន្តែនាពេល ថ្មីៗនេះគេផ្ដល់ឱ្យតែរយៈពេល៣ខែប៉ុណ្ណោះ ។ ត្រង់ចំណុចនេះដែលបញ្ជាក់ថា គេបាត់បង់ទំនុកចិត្តមកលើយើងទៀតហើយ ដោយសារតែសិល្បករមួយចំនួនធ្វើអំពើមិនគួរគប្បីនោះ» ។ ក្នុងនាមជាប្រធានសមាគមសិល្បករខ្មែរ លោកសុះ ម៉ាច អំពាវនាវដល់សិល្បករខ្មែរគ្រប់រូបដែលចេញទៅសម្ដែងនៅឯ បរទេសរក្សាសេចក្ដីថ្លៃថ្នូរ និងគោរពច្បាប់ទិដ្ឋាការដែលប្រទេសគេផ្ដល់ឱ្យ ចៀសវាងធ្វើឱ្យប៉ះពាល់ដល់សិល្បករផ្សេងទៀត ក៏ដូចជាកិត្តិយសសង្គមជាតិខ្មែរយើងដែរ ៕







បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]