ខេត្តកំពង់ឆ្នាំង ៖ កូនភ្លោះ៣ របស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានក្រុមគ្រូពេទ្យ របស់មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង វះកាត់ដោយជោគជ័យ កាលពីវេលាម៉ោង១០ និង២០នាទីយប់ថ្ងៃទី១៣ សីហា បន្ទាប់ពីម្តាយរបស់ពួកគេ ឈឺពោះ និងបានមកមន្ទីរពេទ្យ ដើម្បីសម្រាល ។

លោកឯម សារឿន អាយុ៣៨ឆ្នាំ មានទីលំនៅក្នុងភូមិជំទាវបុត្រី ឃុំផ្សារ ស្រុកបរិបូណ៌បាននិយាយថា  ប្រពន្ធគាត់ឈ្មោះគុច សុផាត អាយុ២៧ឆ្នាំ បានសម្រាលកូននាពេលនេះគឺជាលើកទី៣ ហើយដែលកូនច្បងបង្អស់មានអាយុុ៧ឆ្នាំ និងកូនប្អូនអាយុ៣ឆ្នាំ ។ ដោយឡែកការសម្រាលកូនលើកទី៣នេះគឺមានកូនភ្លោះរហូតដល់ទៅ ៣តែម្តង ហើយសុទ្ធតែជាកូនស្រីទាំងអស់ ។ ប្រពន្ធគាត់ពេលមានផ្ទៃពោះពុំដែលបានទៅពិនិត្យអេកូមើលផ្ទៃពោះ អ្វីទេ ស្រាប់តែពេលមកសម្រាលកូននៅក្នុងមន្ទីរពេទ្យ គ្រូពេទ្យបាននិយាយថាកូនភ្លោះ៣នាក់ ។

ទោះបីបែបនេះក្តីក្រុមគ្រូពេទ្យបាននិយាយថា កូនទាំង៣មានទម្ងន់មិនគ្រប់គីឡូទេ គឺ១-មានទម្ងន់១,៤០គីឡូក្រាម ២-ទម្ងន់១,៧០គីឡូក្រាម និង៣-ទម្ងន់១,៥០គីឡូក្រាម ។ ក្រៅពីទម្ងន់មិនគ្រប់នេះ ក៏មានសុខភាពខ្សោយទៀត ផង ទើបយកមកដាក់បន្ទប់កម្តៅបែបនេះ ចំណែកម្តាយរបស់ទារកវិញគឺមានសុខភាពជាធម្មតាទេ ។ ស្ត្រីជាម្តាយ និងឪពុកកូនភ្លោះ៣បានលើកដៃសុំជំនួយពីសម្តេចតេជោ ហ៊ុន សែន តាមរយៈសារព័ត៌មានកោះសន្តិភាព សូមឱ្យជួយដល់ពួកគាត់ផងពីព្រោះពេលនេះកំពុងសម្រាក ព្យាបាលនៅក្នុងមន្ទីរពេទ្យខេត្ត ៕



បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]