ខេត្តស្វាយរៀង ៖ អំពើហិង្សាដ៏សាហាវឃោរឃៅមួយ ដែលនឹកស្មានមិនដល់ គឺស្ត្រីជាប្រពន្ធបានកាប់ប្រហារប្តី ចំនួន ១២កាំបិតប៉័ងតោ ស្ទើរជិតដាច់ក និងយកខ្សែភ្លើងឆក់ឱ្យស្លាប់ភ្លាមៗ ក្នុងថ្លុកឈាម ដោយសារតែស្នេហាត្រីកោណ ងប់ងុលនឹងប្រុសស្នេហ៍ថ្មីតាមហ្វេសប៊ុក ។ ការសម្លាប់គឺដោយរៀបចំឆាក ចោទថាមានមិត្តភក្តិទូរស័ព្ទហៅទៅផឹកស៊ី រួចប្លន់សម្លាប់យកចិញ្ចៀនពេជ្រ១វង់ តម្លៃ១.២០០ដុល្លារ និងទូរស័ព្ទម៉ាកអាយហ្វូន១គ្រឿង តម្លៃជាង៤០០ដុល្លារ តែតាមពិតគឺបានរកឃើញថា ប្រពន្ធកំណាចជាអ្នកប្រហារប្តីខ្លួនឯងទៅវិញ ។

គួររំលឹកថា កាលពីថ្ងៃទី១០ សីហា វេលាម៉ោង៥និង៣០នាទីព្រឹក មានការភ្ញាក់ផ្អើលពីករណីប្លន់សម្លាប់មួយនៅភូមិតារាងបាល់ សង្កាត់គយត្របែក ក្រុងស្វាយរៀង ដែលជនរងគ្រោះឈ្មោះ ស៊ាន ប៉េងស្រ៊ឺ (មុននេះថាឈ្មោះ ស្រេង ប៉េងស្រឺុ) ភេទប្រុស អាយុ២៧ឆ្នាំ ជាបុគ្គលិកគ្រឹះសា្ថនមីក្រូហិរញ្ញវត្ថុស្ថាបនាលីមីតធីត ស្វាយរៀង ។ ជនរងគ្រោះត្រូវជនល្មើសសម្លាប់ហើយដឹកមកទម្លាក់ចោលមុខផ្ទះ រួចកាប់ចំនួន១១កាំបិតចំក្បាលពីក្រោយ និង១កាំបិតចំក ជិតដាច់ស្លាប់ក្នុងថ្លុកឈាម ដែលតាមពិតគឺស្ត្រីជាប្រពន្ធសោះ ជាអ្នកកាប់ប្រហារប្តីខ្លួនឯង ដោយសារស្រឡាញ់ប្រុសថ្មីឈ្លក់វង្វេងតាមហ្វេសប៊ុក ។ តាមចម្លើយសារភាពរបស់ស្ត្រីជាប្រពន្ធបានប្រាប់សមត្ថកិច្ចថា មូលហេតុដែលនាំឱ្យខ្លួនក្លាយជាឃាតករសម្លាប់ប្តីនេះគឺ ទី១-មកពីបុរសជាប្តី រូបនេះដើរផឹកស៊ីនៅក្រៅផ្ទះស្ទើររាល់ថ្ងៃចាប់តាំងពីព្រលប់ រហូតកណ្តាលអធ្រាត្រ ឬជិតភ្លឺទើបត្រឡប់មកផ្ទះវិញ ហើយតែងឈ្លោះប្រកែកជេបញ្ចោរ ឬវាយដំច្រំធាក់លើរាងកាយខ្លួនជាប្រពន្ធ ។ ទី២-ដោយសារខ្លួនលេងហ្វេសប៊ុកបានជួបប្រុសស្នេហ៍ថ្មី ក៏បាក់ចិត្តស្រឡាញ់យា៉ងងប់ងុល និងលែងមានអារម្មណ៍ស្រឡាញ់ប្តីទៀតហើយ ។

មន្ត្រីសមត្ថកិច្ចនិយាយថា នៅយប់ថ្ងៃកើតហេតុជនរងគ្រោះជាប្តីបានចេញទៅផឹកសុីនៅខាងក្រៅ ហើយនៅវេលាម៉ោង១រំលងអធ្រាត្រ ក៏មានជម្លោះប្តីប្រពន្ធកើតឡើង ។ ចំណែកប្រពន្ធបានដាក់ថ្នាំងងុយដេកក្នុងទឹក លុះពេលប្តីផឹកក៏ចាប់ផ្តើមងងុយដេក ប៉ុន្តែមាត់នៅតែឈ្លោះ ។ ពេលនោះស្ត្រីជាប្រពន្ធឈ្មោះ គូ ចាន់ដានី អាយុ២១ឆ្នាំ បានជេរដៀលដល់ពូជប្តី ធ្វើឱ្យប្តីខឹងខ្លាំង ក៏ទះប្រពន្ធ១ដៃ ។ នៅវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី១០ សីហា ប្រពន្ធបានយកកាំបិតប៉័ងតោកាប់ប្តីចំកមួយកាំបិតជិតដាច់ និង១១កាំបិតទៀតកាប់ក្បាលពីក្រោយ បណ្តាលឱ្យដួលដេកនៅក្នុងបន្ទប់ក្បែរគ្រែដេក ។ បន្ទាប់មកស្ត្រីជាប្រពន្ធគិតថា ប្តីមិន
ទាន់ស្លាប់ ក៏យករូឡូខ្សែភ្លើងដោតភ្លើង មកឆក់បាតជើងប្តីទាំងសងខាងរហូតប្តីស្លាប់លែងកម្រើក ទើបចាប់អូសប្តីចេញពីក្នុងបន្ទប់មកដាក់នៅមុខផ្ទះចម្ងាយប្រហែល ១ម៉ែត្រ រួចចូលទៅក្នុងបន្ទប់កើបឈាមប្តីដាក់ក្នុងចានដែក យកមកចាក់ពីលើប្តី ដោយរៀបចំឈុតឆាកដើម្បីបំភាន់សមត្ថកិច្ច និងយកស្បែកជើងកប់ជាមួយឈាមដែលហូរក្បែរនោះ ។

តាមស្ត្រីជាប្រពន្ធសារភាពទៀតថា បន្ទាប់ពីអូសសពប្តីដាក់មុខផ្ទះហើយ ក៏យកក្រណាត់ជូតឈាមដែលប្រឡាក់លើកម្រាលឥដ្ឋក្នុងផ្ទះ និងក្នុងបន្ទប់ លាងគ្រែ និងយកខ្សែភ្លើងទៅដុតចោល យកចិញ្ចៀនពេជ្ររបស់ប្តីដាក់ក្នុងដំុសំឡីត្បារត្រចៀក ឯទូរស័ព្ទយកដាក់ក្នុងថង់ញាត់លាក់ក្នុងទឹកស្រះក្រោយផ្ទះ ។ ចំណែកសម្លៀកបំពាក់លាក់ក្នុងកន្ត្រក ឯកាំបិតយកទៅលាក់ទុកនៅក្រោយផ្ទះ ។ សមត្ថកិច្ចបន្តថា មុនដំបូងសមត្ថកិច្ចបានហៅមិត្តភក្តិពីរនាក់មកសាកសួរ និងឃាត់ខ្លួន១យប់១ថ្ងៃ តែដោយពុំមានពាក់ព័ន្ធក៏ដោះលែង ហើយសុើបអង្កេតបន្ត ។ ដោយសង្ស័យទៅលើក្រុមគ្រួសារ ក៏សុំយោបល់ព្រះរាជអាជ្ញាចូលឆែកឆេរក្នុងផ្ទះជនរងគ្រោះ ។ ពេលចូលដល់ក្នុងបន្ទប់ មានក្លិនឈាម និងឃើញឈាមប្រឡាក់ជាប់នឹងកងា្ហរ និងក្រោយមករកឃើញចិញ្ចៀនដែលប្រពន្ធលាក់ ទើបប្រពន្ធជាប់ចោទរូបនេះព្រមសារភាពនៅថ្ងៃទី១៣ សីហា ។ លុះមកដល់ថ្ងៃទី១៤ សីហា ក៏រកឃើញវត្ថុតាងទាំងអស់ពាក់ព័ន្ធនឹងការសម្លាប់ប្តីនេះ ។

លោកវរសេនីយ៍ឯក ហែម សាបាន ស្នងការរងនគរបាលខេត្តទទួលបន្ទុកកណ្តាលយុត្តិធម៌បានធ្វើសន្និ សីទសារព័ត៌មាន ដោយមានការចូលរួមពីលោកវរសេនីយ៍ត្រី ងិន សុផល អធិការនគរបាលក្រុង និងលោក យូ ប៊ុន្នី អភិបាលក្រុងស្វាយរៀងបង្ហាញភស្តុតាង និងជនជាប់ចោទ ព្រមទាំងបញ្ជូនទៅសាលាដំបូងដើម្បីចាត់ការតាមច្បាប់ ៕

ដោយ ៖លក្ខិណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]