បន្ទាយមានជ័យ ៖ ពីមួយថ្ងៃទៅមួយថ្ងៃ គេសង្កេតឃើញឈ្មួញបានឃុបឃិតគ្នា ជាមួយនគរបាលការពារ ព្រំដែនគោកលេខ៨៩១ នាំចូលមាន់រស់ទំនិញគេចពន្ធជាច្រើនប្រភេទ នាំចូលពីថៃមកចែកចាយកម្ពុជា តាមច្រករបៀងខុសច្បាប់ ភាគខាងត្បូងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពុំដែលឃើញមានការ បង្ក្រាបទេ ឃើញតែអ្នកទៅប្រមូលលុយ ពីឈ្មួតែប៉ុណ្ណោះ ។

ជាក់ស្តែងកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៣កន្លងទៅនេះ គេបានឃើញឈ្មួញនាំចូលមាន់រស់ និង ទំនិញគេចពន្ធ (ទំនិញចាប់ហ៊ួយ) ចូលពីថៃមកកម្ពុជា តាមច្រករបៀងក្រោមការគ្រប់គ្រង របស់នគរបាល ការពារព្រំដែន ៨៩១ យ៉ាងគគ្រឹកគគ្រែងទាំងយប់ទាំងថ្ងៃ ភាគច្រើនសកម្មភាពទាំងនេះ គឺតែងតែកើតមាន នៅច្រករបៀងខាងក្រោយ និង(ច្រកដើមអង្ក្រង) ខាងលិចវត្តមុងចិន ក្រុងប៉ោយប៉ោយប៉ែត មានមេប៉ុស្តិ៍បុរី ថ្មីឈ្មោះ ភោគ វិបុល និងឈ្មោះ ផល ជាអ្នកគ្រប់គ្រង ហើយក៏ជាអ្នកឃុតឃិតជាមួយឈ្មួញ រកស៊ីរបរ នេះ ។ មិនត្រឹមតែប៉ុណ្ណោះប៉ុស្តិ៍មួយនេះ ក៏មានការនាំចូលហ្គាសរាប់សិបធុងចូលមកដែរ ក្នុងមួយយប់ៗមិនតិច ជាង ៤ទៅ៥រថយន្តកូរ៉េទេ ។

ច្រករបៀងក្រោយទីសត្តឃាតជ្រូក ក្រុងប៉ោយប៉ែតវិញ ក្រៅពីនាំចូលមាន់រស់ ទំនិញចាប់ហ៊ួយ និងសំបក ដប ក៏មាននាំចេញខោអាវគីប និងអេតចាយរាប់សិបតោន ទៅកាន់ប្រទេសថៃ ដែលច្រកមួយនេះ គឺគេធ្វើ ក្បូនដាក់ធុងសាំង ដើម្បីសម្រាប់ដឹកជញ្ជូនទំនិញទាំងនោះ ទៅមកឆ្លងអូរព្រំដែន ។ ច្រករបៀងនេះគ្រប់ គ្រងដោយមេប៉ុស្តិ៍ ឆែម ចំប៉ា ជាអ្នកគ្រប់គ្រង ។

ដោយឡែកច្រកស្ទឹងបត់វិញ ក៏មិនណយដែរ ក្រៅពីនាំចេញខោអាវគីប ក៏មានការនាំចូលទំនិញចាប់ហ៊ួយ គេចពន្ធចូលមកកម្ពុជា យ៉ាងគគ្រឹកគគ្រែងផងដែរ ហើយទីនេះគឺមានថៅកែទំនិញធំចំនួន២ ដែលលិច ធ្លោរខាងនាំទំនិញចូលមក ដើម្បីយកទៅចែកចាយតាមខេត្តទាំងរថយន្តៗ គឺឈ្មោះ ចែ ធី និងចែផន ។ ច្រកនេះមានលោកមេប៉ុសិ៍្តឈ្មោះ ភឹម ណាង ជាអ្នកគ្រប់គ្រង ។

បច្ចុប្បន្នឈ្មួញដែលនាំ មាន់ ទា រស់ ចូលពីថៃមកកម្ពុជា តាច្រករបៀងក្រោមការគ្រប់គ្រង របស់នគរបាល ៨៩១ ដែលមានប្រជាប្រិយភាព និងឥទ្ធពលជាងគេ ១-ឈ្មោះ យឿន យឿក ២-ឈ្មោះ ចែភណ្ឌ័ ៣-ឈ្មោះ អ៊ិត និង ៤-ឈ្មោះ ផាត ក្នុងមួយយប់ៗចាប់ពីម៉ោង១១យប់ ដល់ម៉ោង៤ទាបភ្លឺ ឈ្មួញបានប្រើ កម្មករនាំយកមាន់ទៅចែកចាយតាមផ្សារទូទាំងក្រុងប៉ោយប៉ែត ហើយរថយន្តតូចធំបានដឹកមាន់រាប់ពាន់ ក្បាលទៅឲ្យម៉ូយនៅសិរីសោភ័ណ ខេត្តបាត់ដំបង ខេត្តសៀមរាប និងភ្នំពេញ ។

បើទោះបីជាសកម្មភាពល្មើសទាំងនេះ បានកើតយ៉ាងពេញបន្ទុក ដឹកតាមផ្លូវជាតិលេខ ៥យ៉ាងភ្លូកទឹកភ្លូកដី ក៏ដោយ នៅតាមដងផ្លូវជាតិលេខ៥ ពីជាយដែនទៅក្រុងសិរីសោភ័ណ គេឃើញមានទាំងពេទ្យសត្វ គយ កាំកុងត្រូល នគរបាល ប៉េអឹម ក៏គេពុំដែលឃើញមានសមត្ថកិច្ចជំនាញណា ចេញមកបង្រ្កាបឡើយ ។

ស្រ្តីម្នាក់ដែលឈ្មួញម្នាក់ធ្លាប់រកស៊ី នាំមាន់ពីថៃចូលមកកម្ពុជា បាននិយាយថា ការរកស៊ីរបរនេះមិនមែន ទើបតែកើតមាននោះទេ បើនិយាយទៅវាបានកើតរាប់ឆ្នាំមកហើយ ពេលដែលគាត់ទិញមាន់ពីថៃនាំចូល តាមច្រករបៀងទៅលក់តាមបណ្តាខេត្ត គាត់ចំណាយប្រាក់មិនតិចជាង ១.០០០ដុល្លារទេ ដើម្បីរត់ការផ្លូវ ដឹកជញ្ជូនកាត់ខេត្តបន្ទាយមានជ័យ ក្នុងនោះគាត់បានបង់ប្រាក់យ៉ាងច្រើនឲ្យសមត្ថកិច្ច រួមមាន នគរបាល ព្រំដែន ពេទ្យសត្វក្រុងប៉ោយប៉ែត ក្រុងសិរីសោភ័ណ ខេត្ត គយ នគរបាល ប៉េអឹម នគរបាលសេដ្ឋកិច្ចខេត្ត ក្រសួង ពិសេសគឺសមត្ថកិច្ចកាំកុងត្រូល នៅខាងកើតស្ពានទឹកថ្លា ក្រុងសិរីសោភ័ណ ឥឡូវនេះក៏មានដាក់ កុងត្រូលជជុះ ឲ្យកូនចៅដេកអង្រឹងចាំយកប្រាក់ពីរថយន្តដឹកមាន់របស់ឈ្មួញ ដូចមន្ត្រីជាច្រើនស្ថាប័ន ខាងលើដែរ។

អតីតអាជីវកររូបនេះ បានបញ្ជាក់ថា បើកគ្មានការបើកដៃពីសមត្ថកិច្ចទេ ក៏គ្មានឈ្មួញណាហ៊ានរកស៊ីដែរ។ បើមិនបានបង់ប្រាក់ ឬអ្នកទើបរកស៊ីថ្មី គឺត្រូវអស់លោកទាំងនោះនាំគ្នាស្ទាក់ចាប់ ១រថយន្ត ពិន័យប្រាក់ ៥ លានរៀល យកស្នាដៃ យកមុខមាត់ឲ្យមេកើយមើលមិនខាន ។ សកម្មភាពបង្ក្រាបកន្លងមកគ្រាន់តែជា ឆាកល្ខោនរបស់អស់លោកសមត្ថកិច្ច និងមន្ត្រីជាំនាញតែប៉ុណ្ណោះ ពេលចាប់រួច រវាងឈ្មួញ និងសមត្ថកិច្ច ត្រូវបានស្គាល់គ្នាកាន់តែច្បាស់ លើកក្រោយចង់ដឹកឲ្យបាក់រថយន្តទៀតក៏មិនចាប់ដែរ ឲ្យតែមានប្រាក់បង់ គ្រប់ចំនួនជូនពួកគេ បើទោះបីជាការនាំចូលសាច់បក្សី បក្សីរស់នេះ ត្រូវរដ្ឋាភិបាលចេញសារាចរណែនាំ ហាមឃាត់មិនឲ្យនាំចូល និងធ្លាប់មានមនុស្សកើតជំងឺ ផ្តាសាយបក្សី H5N1 ឈឺស្លាប់ក៏ដោយ ។ ពេល នេះគាត់ឈប់រកស៊ីរបរនេះទៀតហើយ ដោយសារខាតធំ ព្រោះគាត់រកស៊ីមានច្បាប់ត្រឹមត្រូវ តែឈ្មួញ ផ្សេងទៀត គេរកស៊ីគ្មានច្បាប់ គេគ្រាន់តែបង់ប្រាក់ឲ្យសមត្ថកិច្ចជាការស្រេច ។

លោក ទ្រី ណារិន អភិបាលខេត្តបន្ទាយមានជ័យ គួរតែមានវិធានការ ទប់ស្កាត់ចំពោះករណីនេះផង បើ បណ្តោយតទៅមុខទៀត ភាពអនាធិបតេយ្យរបស់មន្ត្រីទាំងនោះ នឹងកើតមានពេញបន្ទុក អាចក្លាយជាវប្ប ធម៌ គឺមិនងាយនឹងលុបបំបាត់ទេ ។ បើលោកចង់ឲ្យខេត្តបន្ទាយមានជ័យ មានភាពរីកចម្រើន លុះត្រាតែ លោកលុបបំបាត់ភាពស្មោគគ្រោករបស់មន្ត្រីទាំងនោះតាមដងផ្លូវសិន ព្រោះអាជីវករខ្លះដឹកជញ្ជូនទំនិញ ទៅលក់បានចំណេញតិចតួច បង់ឲ្យអស់លោកតាមផ្លូវ ស្ទើរតែអស់ពីហោប៉ៅ ។ មានអាជីវករខ្លះរអ៊ូថា ខំ រកស៊ីហាលភ្លៀងហាលផ្គរ អត់ងងុយស្អុយភ្នែក ដូចយកមកចិញ្ចឹមសមត្ថកិច្ច ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]