ខេត្តព្រះសីហនុចេញច្បាប់ថ្មី នរណាបញ្ចេញសំរាមខុសពេល នឹងផាកពិន័យចាប់ពី ២ម៉ឺនរៀលដល់៤០ម៉ឺនរៀល

//s9.kh1.co/76/76a47a9613060f9c87ab423d5e2ec66bf0085549.jpg
សង្គម

 ២៣-តុលា-២០២១ ៦ល្ងាច · ៣ ឆ្នាំមុន

ខេត្តព្រះសីហនុ​បានបើកយុទ្ធនាការ បិទផ្សាយប័ណ្ណព័ត៌មាន បញ្ចេញសំរាម បើពលរដ្ឋបញ្ចេញសំរាមខុសពេល នឹងត្រូវផាកពិន័យជាប្រាក់ចាប់ពី ២ម៉ឺនរៀលដល់៤០ម៉ឺនរៀល។

ព្រះសីហនុ៖ នាពេលថ្មីៗនេះ នៅខេត្តព្រះសីហនុ​បានបើកយុទ្ធនាការ បិទផ្សាយប័ណ្ណព័ត៌មាន បញ្ចេញសំរាម បើពលរដ្ឋបញ្ចេញសំរាមខុសពេល នឹងត្រូវផាកពិន័យជាប្រាក់ចាប់ពី ២ម៉ឺនរៀលដល់៤០ម៉ឺនរៀល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅថ្ងៃសៅរ៍ ទី២៣ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងពិធីបើកយុទ្ធនាការ បិទផ្សាយប័ណ្ណព័ត៌មាន បញ្ចេញសំរាមនៅតាមដងផ្លូវចំនួន ៤៧ខ្សែ ក្នុងក្រុងព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកអភិបាលក្រុងពះសីហនុ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអ្នកស្ម័គ្រចិត្តយ៉ាងច្រើនកុះករ ពិធីនេះរៀបចំធ្វើឡើងនៅទីលានតេជោ ស្ថិតនៅបណ្តោយវិថីតេជោ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

ជាកិច្ចចាប់ផ្តើម លោក អ៊ី សុខឡេង អភិបាល នៃគណៈអភិបាលក្រុងព្រះសីហនុ បានធ្វើការអាននូវរបាយការណ៍ ស្ដីពីយុទ្ធនាការបិទប័ណ្ណព័ត៌មានផ្សព្វផ្សាយពីពេលវេលាបញ្ចេញ ប្រមូល និងដឹកជញ្ជូនសំរាម(លើកទី១ ចំនួន៤៧ខ្សែផ្លូវ)នៅក្នុងក្រុងព្រះសីហនុ ដោយបានលើកឡើងថា នាពេលកន្លងមករដ្ឋបាលក្រុងព្រះសីហនុ និងក្រុមហ៊ុនប្រមូល និងដឹកជញ្ជូនសំរាម(KSWM) ដោយមានការចូលរួមពីមន្ទីរបរិស្ថាន មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងអង្គភាពពាក់ព័ន្ធ បានប្រជុំពិភាក្សាជាច្រើនលើក ដើម្បីឱ្យក្រុមហ៊ុនរៀបចំបង្កើតប័ណ្ណព័ត៌មាន ផ្សព្វផ្សាយពីពេលវេលាបញ្ចេញ ប្រមូល និងដឹកជញ្ជូនសំរាមនៅក្នុងក្រុងព្រះសីហនុ ។

ដើម្បីឱ្យប្រជាពលរដ្ឋត្រូវបញ្ចេញសំរាម និងពេលវេលាដែលក្រុមហ៊ុន ត្រូវទៅប្រមូល និងដឹកជញ្ជូនសំរាមនៅក្នុងក្រុងព្រះសីហនុ។

(សម្រាប់លើកទី១ ចំនួន៤៧ខ្សែផ្លូវ) ដែលជាខ្សែផ្លូវអាទិភាព ក្នុងនោះផ្លូវចំនួន ២៧ខ្សែ(មានប័ណ្ណសម្គាល់ពណ៌ក្រហម) ប្រជាពលរដ្ឋត្រូវបញ្ចេញសំរាមចាប់ពីម៉ោង ៧យប់ ដល់ម៉ោង៣ភ្លឺ ហើយក្រុមហ៊ុនត្រូវទៅប្រមូល និងដឹកជញ្ជូនសំរាមចាប់ពីម៉ោង ៣ភ្លឺ ដល់ម៉ោង ៨ព្រឹក។

រីឯផ្លូវចំនួន២០ខ្សែទៀត (មានប័ណ្ណសម្គាល់ពណ៌ខៀវ) គឺប្រជាពលរដ្ឋត្រូវបញ្ចេញសំរាមចាប់ពីម៉ោង ៧យប់ ដល់ម៉ោង៣ភ្លឺ ហើយក្រុមហ៊ុនត្រូវទៅប្រមូល និងដឹកជញ្ជូនសំរាមចាប់ពីម៉ោង ៣ភ្លឺ ដល់ម៉ោង១០ព្រឹក។

ក្នុងករណីដែលប្រជាពលរដ្ឋបញ្ចេញសំរាមខុសពេលវេលា ដែលបានកំណត់នៅក្នុងប័ណ្ណព័ត៌មានទាំង ពីរពណ៌នេះ នឹងត្រូវផាកពិន័យជាប្រាក់ចាប់ពី ២ម៉ឺនរៀលដល់៤០ម៉ឺនរៀល (យោងតាមអនុក្រឹត្យលេខ១១៣) ដោយឡែកក្នុងករណីដែលក្រុមហ៊ុន មិនបានទៅប្រមូល និងដឹកជញ្ជូនសំរាមតាមពេលវេលា ដែលបានកំណត់ក្នុងប័ណ្ណព័ត៌មានទាំង ពីរពណ៌នេះ ក្រុមហ៊ុននឹងត្រូវទទួលការពិន័យដូចមានចែងក្នុងកិច្ចសន្យារបស់រដ្ឋបាលក្រុងព្រះសីហនុ។

ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍បើកយុទ្ធនាការបិទផ្សាយប័ណ្ណពត៌មានបញ្ចេញសំរាមនៅតាមខ្សែផ្លូវ ៤៧ខ្សែ ក្នុងក្រុងព្រះសីហនុ ដើម្បីបញ្ចប់សំរាមនៅក្នុងក្រុងព្រះសីហនុ ដោយសារកន្លងមកសំរាមមានការកកស្ទះនៅក្រុងព្រះសីហនុ អ្នកបញ្ចេញសំរាមមានចំនួនច្រើន និងការប្រមូលមិនទាន់ទាន់ឆ្លើយតប។ បច្ចុប្បន្នការកកស្ទះសំរាមនៅសល់តែតំបន់ទំនប់រលកប៉ុណ្ណោះ ដោយសារការបញ្ចេញសំរាមមានទាំងនៅលើគោក និងសំរាមមកពីតំបន់កោះ។

ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថាថ្មីៗនេះ ក្រុងព្រះសីហនុ ទើបបានទទួលពានរង្វាន់ទីក្រុងមានចីរភាព ហើយពានរង្វាន់នេះ មិនអាចកាត់ផ្ដាច់ពីអស់លោក លោកស្រីនោះទេ ហើយនេះក៏ជាមោទនភាពដែលយើងបានខិតខំប្រឹងប្រែងទាំងអស់គ្នា ថ្ងៃនេះយើងធ្វើ សកម្មភាពចុះបិទផ្សាយប័ណ្ណព័ត៌មាននៅតាមខ្នងផ្ទះប្រជាពលរដ្ឋ ដែលស្ថិតនៅលើដងផ្លូវទាំង ៤៧ខ្សែ ក្នុងក្រុងព្រះសីហនុ ដើម្បីឱ្យអ្នកបង្កើតសំរាម បញ្ចេញសំរាមតាមពេលវេលាកំណត់ ចាប់ពីម៉ោង ៧:០០យប់ ហើយក្រុមហ៊ុនធ្វើការប្រមូលសំរាមចាប់ពីម៉ោង ៣ភ្លឺ នឹងបញ្ចប់នៅម៉ោង ១០:០០ ព្រឹក។ យើងនឹងបន្តពិនិត្យ និងកែប្រែប័ណ្ណព័ត៌មានបញ្ចេញសំរាមជំហានទី២ សម្រាប់ប្រជាពលរដ្ឋ ក្នុងក្រុងព្រះសីហនុបន្តទៀត ដោយតម្រូវឱ្យបញ្ចេញសំរាមពីម៉ោង៧ ដល់ម៉ោង ១០យប់ ហើយក្រុមហ៊ុនចាប់ផ្ដើមប្រមូលពីម៉ោង ១២យប់ ដល់ម៉ោង ៦:០០ព្រឹក។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា យុទ្ធនាការថ្ងៃនេះ និងឈានទៅធ្វើការផាកពិន័យ ប្រសិនបើបងប្អូនប្រជាពលរដ្ឋ អ្នកបង្កើតសំរាមមិនបានចូលរួមសហការជាមួយរដ្ឋបាលក្រុងព្រះសីហនុ ទន្ទឹមនោះយើងក៏ត្រូវធ្វើការអប់រំផ្សព្វផ្សាយដល់អ្នកបង្កើតសំរាមឱ្យបានទូលំទូលាយ នូវព័ត៌មាន និង ខ្លឹមសារនៃការផាកពិន័យ ដើម្បីទីក្រុងរបស់យើងស្អាត មានបរិស្ថានល្អ ប្រកបដោយផាសុខភាព និងសុខុមាលភាព។

ខេត្តព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលកំណត់ជា "តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង" ដែលមានសក្តានុពលឆ្នេរខ្សាច់សស្អាត ជាតារារះនាទិស "នារតី" ហើយភាពស្អាតនេះ គឺជាការទាក់ទាញអ្នកទេសចរមកកាន់ខេត្តរបស់យើង និងផ្តល់ការងារជូនប្រជាពលរដ្ឋ បង្កើនជីវភាពកាន់តែល្អប្រសើរ ដូច្នេះយើងត្រូវតែធានាភាពស្អាតសម្រាប់ក្រុង ខេត្តរបស់យើងទាំងអស់គ្នា ។

យ៉ាងណាមិញ ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានឧបត្ថម្ភ ក្រដាសប្រាក់ ៣០.០០០រៀល ជូនអ្នកចូលរួមសរុបចំនួន២២៣នាក់ ដោយក្នុងម្នាក់មួយសន្លឹកទុកជាអនុស្សាវរីយ៍ផងដែរ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

   ឯកឧត្តម គួច ចំរើន ​និងក្រុមការងារ
   ឯកឧត្តម គួច ចំរើន ​និងក្រុមការងារ
ក្រុមស្ម័គ្រចិត្ត
ក្រុមស្ម័គ្រចិត្ត
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T