តាកែវ៖ ក្រុមប្រជាពលរដ្ឋជាច្រើននាក់ ជាពិសេស ក្រុមយុវជន ដែលបាននាំគ្នាមកឈតម្រង់ជួរ រង់ចាំទិញពាក្យសុំប្រឡង ធ្វើតេស្តទៅធ្វើការនៅ ប្រទេសកូរ៉េខាងត្បូង នៅមជ្ឈមណ្ឌល បណ្ដុះបណ្ដាលវិជ្ជាជីវៈ ខេត្តតាកែវ បាននាំគ្នាធ្វើការរិះគន់រឿងតម្លៃពាក្យថា មានតម្លៃថ្លៃកប់ពពក។

ឈរនៅជួរកណ្ដាល ក្នុងការរង់ចាំទិញពាក្យសុំ ធ្វើតេស្តចេញទៅធ្វើការ នៅប្រទេសកូរ៉េ យុវជនម្នាក់ ដែលមកពីស្រុកសំរោងបានចាត់ទុកថាតម្លៃ នៃការលក់ពាក្យនេះ គឺជាតម្លៃមួយដែលថ្លៃសម្រាប់ប្រជាពលរដ្ឋ។

លោកថ្លែងថា «ពាក្យសុំធ្វើតេស្តមួយសន្លឹកសោះមានតម្លៃ ២៤ដុល្លារ។ ហេតុអ្វីក៏ថ្លៃម្លេះ?»។

ក្នុងរយៈពេលពីរថ្ងៃ នៃការលក់ពាក្យសុំធ្វើតេស្តប្រលងចេញទៅធ្វើការនៅប្រទេសកូរ៉េខាងត្បូង មានប្រជាពលរដ្ឋប្រមាណជិត ១ម៉ឺនាក់នៅក្នុងខេត្តតាកែវ បាននាំគ្នាមកទិញពាក្យសុំធ្វើតេស្ត បើទោះបីជាមន្រ្តីម្នាក់អះអាងថា ពាក្យលក់មានចំនួនតែជាង ៣ពាន់ក្ដី។

ខណៈដែលស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ នៅតាមបណ្ដាលខេត្តនៅមានកម្រិតនៅឡើយ ក៏ប៉ុន្តែតម្លៃនៃការលក់ពាក្យនេះ វាពិតជាបង្កការប៉ះពាល់ ដល់ជីវភាពរបស់ពួកគាត់ជាក់ជាពុំខាន។

យុវជនម្នាក់ដែលមកពីស្រុកទ្រាំងបានថ្លែងថា ម្ដាយរបស់គាត់បានខ្ចីលុយ ពីអ្នកភូមិយកមកឲ្យគាត់ ទិញពាក្យសុំធ្វើ តេស្តនេះ ហើយគាត់ហាក់ដូចជា គ្មានសង្ឃឹមថា នឹងអាចប្រឡងជាប់ចេញទៅធ្វើការនៅប្រទេសកូរ៉េបានទេ។

គាត់បានសង្កត់ធ្ងន់ថា «គ្រូសារខ្ញុំក្រីក្រណាស់។ លុយ ២៤ដុល្លានេះ ម្ដាយខ្ញុំបានខ្ចីពីអ្នកភូមិ យកមកឲ្យខ្ញុំទិញពាក្យ សុំប្រឡងធ្វើតេស្តនេះ។ ប៉ុន្តែខ្ញុំមានសង្ឃឹមតិចតួច ណាស់ថា នឹងជាប់បើទោះបីជាភាសារកូរ៉េខ្ញុំគ្រាន់បើក្ដី»។

ក្រុមប្រជាពលរដ្ឋជាច្រើន បានសំណូមពរឲ្យក្រសួងការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជួយពិនិត្យមើលតម្លៃទិញពាក្យ នេះផង ព្រោះតម្លៃនេះវាខ្ពស់ណាស់ សម្រាប់ប្រជាពលរដ្ឋខ្មែរ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]