-ស្នងការខេត្ដកំពង់ស្ពឺ អំពាវនាវកុំឱ្យ បំពុលបរិយាកាស ចូលក្នុងរឿងនយោបាយ ទុកឱ្យសមត្ថកិច្ចបន្ដស្រាវ ជ្រាវ

កំពង់ស្ពឺ ៖ មន្ដ្រីជាន់ខ្ពស់នគរបាល ខេត្ដកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ ២០១៣នេះ បានចេញ មកបញ្ជាក់ថា ករណីឃាតកម្ម លើបុរសពិការដៃដែលជាម្ចាស់លក់គ្រឿងទេស ស្ថិតនៅស្រុកភ្នំស្រួច ខេត្ដ កំពង់ស្ពឺ មិនមែនជារឿងនយោបាយនោះឡើយ អាចជារឿងគំនុំ ដូច្នេះកុំឱ្យមានការ បំពុលបរិយាកាស ទុក ឱ្យសមត្ថកិច្ចជំនាញ បើកការស្រាវជ្រាវបន្ដទៀត ខណៈដែលជនសង្ស័យ២នាក់ ម្នាក់ជាកីឡាប្រដាល់សេរី ត្រូវបានចាប់ខ្លួនប៉ុន្មានម៉ោងនៅក្រុងកំពត ខេត្ដកំពត ក្រោយពីពួកគេបានធ្វើសកម្មភាព បាញ់សម្លាប់ជន រងគ្រោះនោះ ។

ស្នងការនគរបាល ខេត្ដកំពង់ស្ពឺ លោក ឧត្ដមសេនីយ៍ផ្កាយ១ កែវ ពិសី បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើម អម្ពិលតាមទូរស័ព្ទ នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ ២០១៣នេះ ថា “បញ្ហានេះមិនមែនជារឿងនយោបាយ នោះទេ សូមកុំឱ្យបំពុលបរិយាកាស ទុកឱ្យសមត្ថកិច្ចបន្ដស៊ើបអង្កេត និងស្រាវជ្រាវ”។

ការចេញមកបញ្ជាក់ ពីសំណាក់ស្នងការ នគរបាល ខេត្ដកំពង់ស្ពឺខាងលើនេះបានធ្វើឡើង ក្រោយពីបេក្ខ ភាពតំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិ លោក នុត រំដួល បានប្រាប់វិទ្យុអាស៊ីសេរី ផ្សាយកាលពីយប់ថ្ងៃ ទី១៣ ខែសីហា ឆ្នាំ២០១៣ថា ករណីឃាតកម្ម លើម្ចាស់លក់គ្រឿងទេសអាយុ ៦៧ឆ្នាំ រូបនេះ ជារឿង នយោបាយដោយសារតែជនរងគ្រោះ ជាអ្នកគាំទ្ររបស់គណបក្សសង្គ្រោះជាតិ ។

ជាមួយគ្នានេះ អនុប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា នៅព្រឹកថ្ងៃ ទី១៤ ខែសីហា ឆ្នាំ២០១៣ នេះ ក៏បានធ្វើដំណើរទៅចូលរួមបុណ្យសពទៀតផង ដោយបង្ហាញថា ករណីនេះជារឿងនយោបាយលើអ្នក គាំទ្រគណបក្សរបស់ខ្លួន ។

គួរបញ្ជាក់ថា លោក សាន់ សឿន អាយុ ៦៧ឆ្នាំ ត្រូវបានខ្មាន់កាំភ្លើងបាញ់ចំពីក្រោយមួយគ្រាប់ បណ្ដាល ឱ្យស្លាប់ភ្លាមៗនៅកន្លែង កើតហេតុកាលពីវេលាម៉ោង៨ និង៣០នាទី យប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៣ ស្ថិត នៅផ្ទះជនរងគ្រោះក្នុងភូមិទី២ ឃុំត្រែង ត្រយឹង ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ ខណៈដែលជនសង្ស័យ ទាំង២នាក់ ជិះម៉ូតូអេសអិល១គ្រឿង ប្រដាប់ដោយកាំភ្លើងខ្លីកា៥៩ ចូលទៅទិញស្រាបៀរ ហើយក៏កើត រឿងបែបនេះតែម្ដងទៅ ។ ចំពោះករណីខាងលើនេះ លោកឧត្ដមសេនីយ៍ត្រី កែវ ពិសី បានមានប្រសាសន៍ ថា ក្រោយពីមានរឿងបែបនេះកើតឡើង លោកបានបញ្ជាឱ្យកម្លាំងនគរបាលជំនាញ និងគ្រប់គោលដៅ ទាំងអស់ ដេញតាមមុខសញ្ញាដោយសុំកិច្ចសហការពីកម្លាំងនគរបាលខេត្ដកំពត ។

លោកស្នងការបានបន្ដថា ក្រោយពីមានការតាមដាន និងធ្វើការស្រាវជ្រាវយ៉ាងយកចិត្ដទុកដាក់នោះកម្លាំង នគរបាលរបស់លោក និងកម្លាំងនគរបាលខេត្ដកំពតបាន ឈានទៅដល់ការចាប់ខ្លួន ជនសង្ស័យទាំង ២ នាក់ ដោយដកហូតម៉ូតូ១គ្រឿង កាំភ្លើង ខ្លី កា ៥៩ មួយដើមផងដែរ ។

ជាការសន្និដ្ឋានជំហានដំបូង ត្រូវបាន លោកស្នងការខេត្ដកំពង់ស្ពឺអះអាងថា ករណីឃាតកម្មខាងលើនេះ អាចបណ្ដាល មកពីរឿងគំនុំមិនមែនជារឿងនយោបាយ និងជារឿងប្លន់នោះឡើយ ប៉ុន្ដែ យ៉ាងណាក៏ដោយ នោះកម្លាំងសមត្ថកិច្ចរបស់លោក និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធផ្សេងទៀត បាន និងកំពុងបន្ដស្រាវជ្រាវ យ៉ាងយកចិត្ដទុកដាក់ ។

សូមបញ្ជាក់ថា ជនសង្ស័យទាំង ២នាក់ ត្រូវបានចាប់ខ្លួន កាលពីវេលាម៉ោង១២ និង១០នាទីយប់ រំលង អាធ្រាត្រឈានចូលថ្ងៃទី១៣ ខែសីហា ឆ្នាំ ២០១៣ នៅផ្ទះសំណាក់រីករាយ ក្នុងភូមិកំពង់បាយខាងត្បូង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្ដកំពត ។

មន្ដ្រីនគរបាលខេត្ដកំពតបានឱ្យដឹងថា ជនសង្ស័យទី១ ដែលជាជនដៃដល់បាញ់ សម្លាប់ជនរងគ្រោះ ឈ្មោះ ជួង វណ្ណៈ ហៅ អាង៉ោល អាយុ ៣៣ឆ្នាំ រស់នៅភូមិឈើ ទាលជ្រុំ ឃុំក្រាំងលាវ ស្រុកបាទី ខេត្ដតា កែវ និងបច្ចុប្បន្នស្នាក់នៅម្ដុំបឹងក្រពើ រាជ ធានីភ្នំពេញ ។ រីឯជនសង្ស័យទី២ ឈ្មោះ ទ្រី គន្ធរ ហៅ អេឡុង អាយុ ៣២ឆ្នាំ ជាកីឡាប្រដាល់សេរី រស់នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ ។

បើតាមសមត្ថកិច្ច ក្រោយការចាប់ខ្លួនជនសង្ស័យទាំង ២នាក់ សមត្ថកិច្ចបានដក ហូតម៉ូតូម៉ាក អេសអិល ១គ្រឿង កាំភ្លើងខ្លីកា៥៩ មួយដើម និងគ្រាប់ ១៤គ្រាប់ ។

ស្ដ្រីឈ្មោះ ពេជ្រ អាន អាយុ៥៧ឆ្នាំ ត្រូវជាប្រពន្ធជនរងគ្រោះ បានប្រាប់សារព័ត៌មានថា នៅម៉ោងកើត ហេតុនោះជនសង្ស័យទាំង២នាក់ ជិះម៉ូតូធុនធំ ១គ្រឿង ទៅសួរ រកទិញស្រាបៀរកន្លះកេស ពេលនោះប្ដី របស់ខ្លួន បានយកស្រាបៀរមកឱ្យពួកគេ ហើយជនសង្ស័យទាំង ២នាក់ បានដកយកស្រាបៀរ ១កំប៉ុង ម្នាក់ៗមកផឹក ហើយយក១កំប៉ុងទៀត ឱ្យប្ដីរបស់គាត់ ប៉ុន្ដែពេលនោះប្ដីរបស់គាត់បានបដិសេធ ដោយ ប្រាប់ថា គាត់សុំសីល ។ ស្ដ្រីជាប្រពន្ធបានបន្ដទៀតថា ភ្លាមៗនោះជនសង្ស័យទាំង២នាក់ បានហុចលុយ ២០ដុល្លារ ឱ្យប្ដីរបស់គាត់ ហើយរូបគាត់ជាប្រពន្ធ ក៏បានយកលុយទៅដូរ ខណៈដែលប្ដីរបស់គាត់ដើរចូល ទៅក្នុងផ្ទះ ដើម្បីទៅយកសាច់ក្រកឱ្យក្លែមនោះ ក៏ត្រូវបានជនសង្ស័យបាញ់ចំ១គ្រាប់ពីក្រោយ ស្លាប់ភ្លាមៗ តែម្ដង ។

ក្រោយកើតហេតុ ជនសង្ស័យទាំង២នាក់ បានជិះម៉ូតូចេញយ៉ាងលឿនខណៈដែលស្ដ្រីជាប្រពន្ធបានស្រែក ឆោឡោបង្ក ឱ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋនៅ ក្បែរខាង មកមើលឈូឆរដោយក្ដីអាណិត អាសូរ យ៉ាងពន់ពេក ។ ភ្លាមៗនោះដែរ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ បានបញ្ជាឱ្យតាមចាប់ខ្លួន រហូតដល់បាន សម្រេចនៅពេលដែលជនសង្ស័យទាំង ២នាក់នេះ ចូលទៅ ដេកនៅផ្ទះសំណាក់ក្រុងកំពត ។

ជាមួយគ្នានេះ លោកឧត្ដមសេនីយ៍ កែវ ពិសី បានសម្ដែងការសោកស្ដាយចំពោះការស្លាប់ របស់ជនរង គ្រោះ ប៉ុន្ដែយ៉ាងណាក៏ដោយ សមត្ថកិច្ចរបស់លោក និងសមត្ថកិច្ច ពាក់ព័ន្ធទាំងនៅខេត្ដកំពត បានខិតខំ ប្រឹងប្រែងតាមចាប់ជនសង្ស័យទាំង ២នាក់បាន ភ្លាមៗ ។ ចំពោះការលើកឡើង របស់ថ្នាក់ដឹកនាំគណបក្ស ប្រឆាំង និងតាមរយៈការចុះផ្សាយរបស់វិទ្យុអាស៊ីសេរីនោះថា ករណីឃាតកម្មនេះ ជារឿងនយោបាយនោះ ត្រូវបានមន្ដ្រីនគរបាលជំនាញម្នាក់បាននិយាយថា បើរឿងនយោបាយមែនច្បាស់ជាជន សង្ស័យដែល បាញ់សម្លាប់ជនរងគ្រោះ មិនត្រូវបានចាប់ខ្លួននោះទេ ។

ទន្ទឹមគ្នានេះ កន្លងទៅអំពើឃាតកម្មខ្លះ ជនរងគ្រោះក៏មានអ្នកគាំទ្រ និងសកម្មជនរបស់គណបក្សប្រជាជន កម្ពុជាដែរ ប៉ុន្ដែ ថ្នាក់ដឹកនាំគណបក្សចាស់ទុំ ខាងផ្នែកនយោបាយមួយនេះ មិនដែលចេញមកចាត់ទុកថា  ជារឿងនយោបាយឡើយ ពោលទុកឱ្យសមត្ថកិច្ចពាក់ព័ន្ធបន្ដធ្វើការស្រាវជ្រាវ និង ស៊ើបអង្កេតតាមជំនាញ របស់ខ្លួន។ បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានបន្ដការសាកសួរ និងឃុំខ្លួនជាបណ្ដោះអាសន្ននៅស្នង ការដ្ឋាននគរបាល ខេត្ដកំពង់ស្ពឺដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ ការតាមផ្លូវច្បាប់ ខណៈ ដែលសមត្ថកិច្ចបាន និងកំពុងបន្ដស៊ើបអង្កេតករណីនេះ ។ ដោយឡែកសពជនរងគ្រោះក្រុមបានក្រុម គ្រួសារ និងប្រជាពលរដ្ឋនៅក្នុងភូមិ ធ្វើបុណ្យតាមប្រពៃណី ៕













បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]