ភ្នំពេញ : នគរបាលខណ្ឌចំការមន សហការជាមួយជនរងគ្រោះ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទពាក់ព័ន្ឋ ជាមួយក្រុមចោរប្លន់ម៉ូតូ ពីនិសិ្សតម្នាក់ កាលពីយប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៣ កន្លងទៅ នៅចំណុច ផ្លូវលេខ១១៩ ក្នុងសង្កាត់កាកាប ខណ្ឌពោធិសែនជ័យ ។

ម៉ូតូដែលចោរប្លន់ម៉ាក និច ពណ៌សលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BQ 5095 ជនសង្ស័យ ដែលសមត្ថ កិច្ចឃាត់ខ្លួនឈ្មោះ អ៊ុល ឌុចធី អាយុ២២ឆ្នាំ ស្នាក់នៅផ្ទះលេខ៩៩ សង្កាត់បឹងត្របែក ខណ្ឌចំកាមន។ ចំណែកនារីរងគ្រោះ ឈ្មោះ សូ ទិត្យធិតា អាយុ២២ឆ្នាំ ជានិសិ្សតឆ្នាំទី២ ។

នារីរងគ្រោះបានរៀបរាប់ថា កាលពីយប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៣ នាងជិះម៉ូតូចេញពីកន្លែងធ្វើការនៅ ជិតវត្តភ្នំឆ្ពោះទៅលំនៅឋាន លុះធ្វើដំណើរដល់ផ្លូវបត់ចូលផ្ទះផ្លូវលេខ១១៩ ស្រាប់តែមានជនសង្ស័យ មាន គ្នា៣នាក់ ជិះម៉ូតូមួយគ្រឿង មិនស្គាល់ម៉ាក បានមកបុក ចំពីមុខបណ្តាលឲ្យដួលម៉ូតូ ហើយមានគ្នាវាម្នាក់ បានចុះពីលើម៉ូតូដើរមកគំរាម សម្លុតមិនស្រែក ព្រមទាំង លើកម៉ូតូជិះចេញបាត់ទៅ ។

នារីរងគ្រោះបានរៀបរាប់ទៀតថា បន្ទាប់ពីក្រុមចោរប្លន់យកម៉ូតូជិះចេញទៅបាត់នោះ នាងក៏បានទៅប្តឹង សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាល សង្កាត់កាកាប ។ នៅក្នុងពាក្យបណ្តឹងបានបង្ហាញថា ក្រុមចោរមាន ចំនួន ៣នាក់ បានប្លន់យកម៉ូតូមួយគ្រឿង ហើយនៅក្នុងឃ្លប់ម៉ូតូ មានកាបូបស្ពាយមួយ ក្នុងកាបូបមានអត្តសញ្ញា ប័ណ្ណប្រជាជន ១សន្លឹក កាតគ្រីម៉ូតូ១ ទូរស័ព្ទ៣គ្រឿង និងប្រាក់ជិត៧០ដុល្លារ ។

សមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោងជាង ៧យប់ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៣ ខណ:ដែលនារីរង គ្រោះចេញពីធ្វើការ ក៏បាន ប្រទះឃើញម៉ូតូរបស់ខ្លួន ចោរប្លន់បាត់ទៅនោះ ដោយមានបុរសម្នាក់កំពុងជិះ រួមជាមួយម៉ូតូមួយគ្រឿងទៀត នៅម្តុំផ្លូវលេខ២៧១ ជិតស្ទឹងមានជ័យ នារីរងគ្រោះ ក៏ជិះម៉ូតូដេញតាមរហូត មកដល់ផ្លូវលេខ៩៩ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន ម៉ូតូរបស់ ជនសង្ស័យក៏ខូច ហើយនារីរងគ្រោះ បានពិនិត្យមើលឃើញយ៉ាងច្បាស់ ក៏ទៅប្តឹងសមត្ថកិច្ចឲ្យឃាត់ ជនសង្ស័យដែលកំពុងបណ្តើរម៉ូតូ ។

សមត្ថកិច្ចបន្តថា ជំហានដំបូង សមត្ថកិច្ចឃាត់បានឈ្មោះ សឿន ដាណែត ភេទប្រុស អាយុ២៦ឆ្នាំ ពេល នោះ សឿន ដាណែត បានប្រាប់សមត្ថកិច្ចថា ម៉ូតូដែលខ្លួនជិះ គឺបានទិញពីឈ្មោះ អ៊ុល ឌុចធី ដោយខ្លួន បានទិញមានឯកសារ និងកាតគ្រីត្រឹមត្រូវ  ។ បន្ទាប់មកពីបានសួរនាំឈ្មោះ សឿន ដាណែត រួច សមត្ថកិច្ច ក៏បានឈានទៅឃាត់ខ្លួន ឈ្មោះ អ៊ុល ឌុចធី មកសាកសួរទៀត ។ ឈ្មោះ អ៊ុល ឌុចធី  ក៏បានប្រាប់ថា ម៉ូតូ នេះរូបគេ ត្រូវបានឈ្មោះ សេង ពិសី ពឹងពាក់ឲ្យជួយលក់ឲ្យ គ្រាន់បានកុំមីស្យុង ២០ដុល្លារ ប៉ុណ្ណោះ ។

បច្ចុប្បន្នសមត្ថកិច្ច បានធ្វើការស្រាវជ្រាវតាមឃាត់ខ្លួន ឈ្មោះ សេង ពីសី ហើយម៉ូតូក៏បាន ប្រគល់ឲ្យ ឈ្មោះ សូ ទិត្យធិតា ម្ចាស់ដើម ជាបណ្តោះអាសន្នវិញ តែឯកសារមួយចំនួនមិនបានមកវិញទេ ។ករណីនេះ សឿន ដាណែត ត្រូវសមត្ថកិច្ចដោះលែង បណ្តោះអាសន្នវិញ។ ចំណែកអ្នកពាក់ព័ន្ឋ ឈ្មោះ អ៊ុល ឌុចធី ត្រូវបានឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]