ខេត្តស្វាយរៀង ៖ បើតាមប្រភពព័ត៌មាន ពីអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាព ឱ្យដឹងនៅវេលា ម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី១៤ សីហា ២០១៣ ថា ឃាតករកាប់សម្លាប់បុគ្គលិកគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុស្ថាបនាលីមីតធីត គឺប្រពន្ឋជនរងគ្រោះ តែគេមិនទាន់ដឹងពីមូលហេតុ នៃការកាប់សម្លាប់នេះនៅឡើយទេ ព្រោះប៉ូលិសកំពុងសាកសួរ ។

គួររំលឹកថា បុរសម្នាក់ជាបុគ្គលិកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស្ថាបនាលីមីតធីត បានស្លាប់យ៉ាងអាណោចអាធ័ម នៅក្នុងថ្លុកឈាមដោយការកាប់ប្រហារ ចំនួន១២កាំបិត គឺ១១កាំបិតចំក្បាល និង១កាំបិតជិតដាច់ក និងត្រូវបានសង្ស័យថា ជាអំពើប្លន់សម្លាប់ ។ ករណីនេះបានធ្វើឱ្យភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៥និង៣០នាទី ព្រឹក ថ្ងៃទី១០ សីហា ២០១៣ នៅភូមិតារាងបាល់ សង្កាត់គយត្របែក ក្រុងស្វាយ រៀង ។

បើតាមមន្ត្រីសមត្ថកិច្ចឱ្យដឹងថា ជនរងគ្រោះឈ្មោះ ស៊ាង ប៉េងស្រ៊ឺអាយុ២៧ឆ្នាំ ជាបុគ្គលិកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុស្ថាបនាលីមីតធីត នៅខេត្តស្វាយរៀង មានទីលំនៅក្នុងភូមិ-ឃុំខាងលើ ប្រពន្ធឈ្មោះ គូ ចិន្តានី អាយុ២១ឆ្នាំ មានកូនស្រី១នាក់អាយុ១៤ខែ ។ តាមស្ត្រីជាប្រពន្ធរៀបរាប់ថា កាលពីវេលាម៉ោង៩យប់ថ្ងៃទី៩ សីហា ២០១៣ ខណៈប្តីនាងកំពុងដេកនៅផ្ទះក៏មានជនម្នាក់ទូរស័ព្ទហៅឱ្យចេញ ក្រៅ បន្ទាប់មកក៏មានមនុស្សជិះម៉ូតូឌុបប្តីនាងចេញទៅ សំដៅចូលទៅក្រុងស្វាយរៀង ។

ស្ត្រីជាប្រពន្ធរៀបរាប់ទៀតថា ពេលប្តីចេញទៅនោះនាងបានអង្គុយចាំ និងទូរស័ព្ទហៅ តែប្តីមិនលើកទូរស័ព្ទទេ រហូតដល់ម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី១០ សីហា គឺបានទូរស័ព្ទចូលតែគ្មានអ្នកលើក លុះដល់ម៉ោង៣ទៀបភ្លឺស្រាប់តែទូរស័ព្ទហៅលែងចូលតែម្តង ។ នៅវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី១០ សីហា អ្នកធ្វើដំណើរតាមផ្លូវបានឃើញមនុស្សដេកនៅក្នុងថ្លុកឈាមមុខផ្ទះ គាត់ក៏ទូរស័ព្ទហៅគាត់ឱ្យចេញមកមើលក៏ឃើញ និងដឹងថាជាប្តីរបស់គាត់ដែលស្លាប់ទៅហើយ ទើបស្រែកយំផ្អើលអ្នកជិតខាងនិងអ្នកធ្វើដំណើរ ហើយក៏ប្តឹងសមត្ថកិច្ចឱ្យចុះមកពិនិត្យសព ។

មន្ត្រីសមត្ថកិច្ចនិយាយថា តាមការពិនិត្យជនរងគ្រោះត្រូវគេកាប់ចំក្បាល១១កាំបិត និង១កាំបិតចំក រយះជិតដាច់គួរឱ្យញាក់សាច់ ។ ក្រោយពីពិនិត្យសពរួច សមត្ថកិច្ចធ្វើការសន្និដ្ឋានជាជំហានដំបូងថា សង្ស័យជាអំពើប្លន់សម្លាប់ដោយឃាតករប្លន់យកចិញ្ចៀនពេជ្រ១វង់ តម្លៃ១.២០០ដុល្លារ និងទូរស័ព្ទដៃម៉ាកអាយហ្វូន១គ្រឿងតម្លៃជាង៤០០ដុល្លារ ។ មន្ត្រីសមត្ថកិច្ចសន្និដ្ឋានទៀតថា ក្រោយពីស៊ីផឹកស្រវឹងហើយ ពួកឧក្រិដ្ឋជនបានចាប់ជនរងគ្រោះចង និងយកខ្សែភ្លើងឆក់រហូតសន្លប់ ព្រោះឃើញមានស្នាមរបួសកជើងខាងឆ្វេង និងបាតជើងពងខ្លោច ។ ដោយស្មានថាស្លាប់ ជនដៃដល់ក៏ដឹកយកមកទម្លាក់នៅមុខផ្ទះ ហើយទំនងជាជនរងគ្រោះដឹងខ្លួនវិញមានការប្រវាយប្រតប់គ្នា ទើបជនដៃដល់កាប់ប្រហារចំក្បាល១១កាំបិត ហើយថែម១កាំបិតទៀតចំកជិតដាច់បណ្តាលឱ្យស្លាប់នៅក្នុងថ្លុកឈាម តែម្តង ៕



បញ្ចូលអត្ថបទ ៖ ចាន់ ធូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]