ខេត្តព្រះសីហនុ ៖ ហេតុការណ៍គ្រោះថ្នាក់មួយបាន កើតឡើងរវាងរថយន្តម៉ាកធុនត្រា ពណ៌ខ្មៅបុកជាមួយរថយន្តកុងតឺន័រ កាលពីវេលាម៉ោង១០និង១០នាទីព្រឹកថ្ងៃទី១៣ សីហា នៅចំណុចមុខមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ចំណុចផ្លូវចំណោតលោកយាយម៉ៅ ស្ថិតក្នុងភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ ។

មន្ត្រីនគរបាលបានឱ្យដឹងថា គ្រោះថ្នាក់ដ៏គួរឱ្យភ្ញាក់ផ្អើលនោះពុំបណ្តាល ឱ្យប៉ះពាល់ដល់អាយុជីវិតមនុស្សណាម្នាក់ទេ ។ រថយន្តកុងតឺន័រម៉ាកនីស្សាន់ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 3A-1681 បើកបរដោយឈ្មោះ ញ៉ែម ថា ភេទប្រុស អាយុ៣១ឆ្នាំ ក្នុងទិសដៅពីកើតទៅលិចបាន បុកជាមួយរថយន្តម៉ាកធុនត្រា ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2I-1188 បើកបរដោយឈ្មោះ លី គឹមលន់ ភេទប្រុស អាយុ៦០ឆ្នាំ ជាអាជីវករ មានលំនៅផ្ទះលេខ៩ តាមផ្លូវលំម្តុំមាត់ទន្លេនៅព្រែកលាប ក្នុងខណ្ឌឫស្សីកែវ ក្នុងទិសដៅពីលិចទៅកើតបញ្ច្រាសទិសគ្នា។

ប្រភពដដែលបានបន្តថា គ្រោះថ្នាក់បានកើតឡើងនៅពេល ដែលរថយន្តកុងតឺន័របួងចង្កូតគេចរថយន្តទីកូ ហើយជ្រុលចូលទៅកណ្តាលទ្រូងផ្លូវ ស្របពេលរថយន្តម៉ាកធុនត្រាបើកឡើងចំណោត ទៅដល់ជាន់ហ្វ្រាំងមិនទាន់ ក៏បុកគ្នាតែម្តង ។ដោយឡែកសាក្សីបាននិយាយថា មុនពេលកើតហេតុមានរថយន្តនិងម៉ូតូជាច្រើន ធ្វើដំណើរនៅលើដងផ្លូវជាតិ ។ ពេលនោះរថយន្តកុងតឺន័របើកចុះចំណោតមានសភាពរេចង្កូតពេញផ្លូវ ស្របពេលដែលរថយន្តធុនត្រាបើកឡើងចំណោត ។

ស្រាប់តែភ្លាមនោះរថយន្តកុងតឺន័រងាកក្បាលទៅកណ្តាលថ្នល់បុក ជាមួយរថយន្តធុនត្រាពេញទំហឹង បណ្តាលឱ្យកកស្ទះចរាចរណ៍យ៉ាងខ្លាំង ។ សាក្សីបន្តថា សំណាងហើយដែលរថយន្តបត់ក្បាល នៅកណ្តាលថ្នល់នោះ បើសិនជ្រុលមកចិញ្ចើមផ្លូវដែលមាន ហាងលក់កាហ្វេ និងមនុស្សអង្គុយវិញនោះ ប្រហែលជាក្លាយទៅជា សោកនាដកម្មធ្ងន់ធ្ងរបាត់ទៅហើយ ។ក្រោយកើតហេតុ រថយន្តទាំង២គ្រឿងត្រូវសមត្ថកិច្ចយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ខេត្តរង់ចាំដោះស្រាយតាមច្បាប់ ៕





បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

 ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]