ខេត្តប៉ៃលិន ៖ ស្ត្រីជាគ្រូទស្សន៍ទាយម្នាក់ បានត្រូវនគរបាលការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាន ខេត្តបញ្ជូនទៅអយ្យការអមសាលាដំបូង ខេត្តនៅព្រឹកថ្ងៃទី១៣ សីហា ដោយចោទប្រកាន់ថា ស្ត្រីរូបនេះបានឆបោកប្រាក់ ប្រជាពលរដ្ឋរាប់ម៉ឺនដុល្លារនៅខេត្តប៉ៃលិន ។ ស្ត្រីជាប់ចោទឈ្មោះគួយ អ៊ូច អាយុ៥៣ឆ្នាំ ជាស្ត្រីមេម៉ាយ មានទីលំនៅក្នុងភូមិអូរតាប៉ោង ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ ។ សូមបញ្ជាក់ថា នគរបាលប៉ុស្ដិ៍រដ្ឋបាលឃុំអូរតាប៉ោង ស្រុកបាកាន បានចាប់ខ្លួនស្ត្រីជាប់ចោទរូបនេះរួចប្រគល់ជូន នគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នង ការដ្ឋានខេត្តប៉ៃលិន កាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី១១ កក្កដា ឆ្នាំ២០១៣ ដោយជាប់ចោទពីបទធ្វើសកម្មភាពបោកប្រាស់ លុយកាក់ប្រជាពលរដ្ឋតាម ខេត្តផ្សេងៗ និងខេត្តប៉ៃលិនអស់រាប់ម៉ឺនដុល្លារ ។

ប្រភពព័ត៌មានពីលោកវរសេនីយ៍ត្រី មាស សុផុន នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានឱ្យដឹងថា កាលពីឆ្នាំ២០០១ នៅក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ស្ត្រីជាគ្រូទាយបោកប្រាស់ម្នាក់នេះ បានឆបោកស្ត្រីម្នាក់យកបានខ្សែកមួយខ្សែ ទម្ងន់១តម្លឹង ខ្សែកប្លាទីនមួយខ្សែទម្ងន់១តម្លឹង ចិញ្ចៀនមាស១វង់ទម្ងន់២ជី និងមួយវង់ទៀតទម្ងន់២ជីដែរដាំត្បូងពណ៌ស តែពេលនោះត្រូវម្ចាស់តាមទាន់ និងអត់យកទោសពៃរ៍អ្វីទេ ។ លុះពីរបីថ្ងៃក្រោយមកទៀតក្នុងឆ្នាំដដែល ស្ត្រីគ្រូទាយរូបនេះបានបោកប្រាស់ប្រពន្ធ មន្ត្រីប៉ូលិសខេត្តបន្ទាយមានជ័យមួយរូប យកបានប្រាក់ចំនួន៥ពាន់ដុល្លារ ហើយក្រោយមកក៏គេចខ្លួនបាត់ស្រមោល ។ ដោយសារគាត់ជាស្រ្តីញៀននឹងល្បែង ពេលបានប្រាក់ទាំងអស់នេះក៏យកទៅ លេងល្បែងចាញ់នៅកាស៊ីណូអូរស្មាច់ ខេត្តឧត្តរមានជ័យអស់ទៅ ។ ប្រភពដដែលបានបន្តថា ក្រោយមកនៅឆ្នាំដដែលស្ត្រីរូបនេះ ត្រូវសមត្ថកិច្ចនគរបាលខេត្ត បន្ទាយមានជ័យឃាត់ខ្លួន និងបញ្ជូនទៅតុលាការហើយត្រូវជាប់ពន្ធនាគារ នៅទីនោះចំនួន៤ឆ្នាំ៦ខែ ។ លុះមកដល់ខែមីនា ឆ្នាំ២០១២ មានស្ត្រីម្នាក់អត់ស្គាល់ឈ្មោះ ស្នាក់នៅភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន បានពឹងពាក់ស្ត្រីរូបនេះឱ្យជួយ ដោះអំពើព្រាយបិសាចពីកូនស្រីរបស់គាត់ ហើយក៏ជាសះស្បើយពិតមែន ដោយស្ត្រីជាម្ចាស់ផ្ទះបានជូនជា សគុណដល់គាត់ចំនួន២ពាន់បាត ។ រំលងបានពីរបីថ្ងៃក្រោយមកស្ត្រីជា ម្ចាស់ផ្ទះក៏បានទូរស័ព្ទប្រាប់ឱ្យស្ត្រីគ្រូទាយនេះ មកដោះគ្រោះកូនប្រុសគាត់ម្នាក់ទៀត ហើយដោយសារមានគំនិតចង់បានប្រាក់ក៏ប្រាប់ទៅ កូនប្រុសម្ចាស់ផ្ទះថា បើចង់លើកផ្ទះ និងរកស៊ីមានបានត្រូវដាក់លុយ ចំនួន១ម៉ឺនដុល្លារ ដើម្បីគាត់ប្រសិទ្ធិឱ្យរកស៊ីមានបាន។ ប្រភពព័ត៌មានបន្តទៀតថា ពេលបានលុយនេះរួចហើយ ដោយម្ចាស់ផ្ទះដើរចេញក្រៅ គាត់ក៏យកលុយរត់គេចខ្លួនតែម្ដង ។ លុះមកដល់ឆ្នាំ២០១៣នេះ គាត់បានដើរបោកប្រាស់គេឯង ដោយធ្វើជាទស្សន៍ទាយកុហក និងយកលុយប្រជាពលរដ្ឋសរុបអស់ប្រមាណ១៥ម៉ឺនដុល្លារ ។

ពេលដែលម្ចាស់គេដឹងថា ស្ត្រីរូបនេះជាមនុស្សបោកប្រាស់ ក៏បានដាក់ពាក្យបណ្ដឹងមកការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាល ខេត្តឱ្យចាប់ឃាត់ខ្លួននៅពេលដែលស្ត្រីរូបនេះគេច ខ្លួនទៅស្នាក់នៅភូមិអូរតាប៉ោង ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ ។ ស្ត្រីរូបនេះត្រូវសមត្ថកិច្ចនៅទីនោះធ្វើការឃាត់ខ្លួន ហើយសមត្ថកិច្ចខេត្តប៉ៃលិនបានចុះ ទៅដល់ទីនោះនាំយកមកខេត្តប៉ៃលិនវិញ ដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ៕

ដោយ ៖លក្ខិណា

 ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]