ខេត្តតាកែវ ៖ បុរសម្នាក់ត្រូវបានប៉ូលិស ស្រុកគិរីវង់ចាប់ខ្លួនភ្លាមៗ រួចបញ្ជូនបន្តមកការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់ បន្ទាប់ពីកូនអកតញ្ញូផឹកស្រាស្រវឹង ហើយត្រូវឪពុកណែនាំ ប៉ុន្តែបែរជាបុរសរូបនេះយកស្នប់ និងឆ្នាំងអ៊ុតប៉ះកង់ម៉ូតូគប់មកលើឪពុកបណ្តាល ឱ្យបែកលលាដ៍ក្បាលស្លាប់ក្រោយពីបញ្ជូនមក ដល់មន្ទីរពេទ្យបង្អែកស្រុក ។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១១យប់ថ្ងៃទី១១ សីហា ស្ថិតនៅភូមិដំណាក់ថ្ងាន់ ឃុំព្រៃរំដេង ស្រុកគិរីវង់ ។

លោកវរសេនីយ៍ត្រី យុគ សារ៉ាត់ អធិការនគរបាលស្រុកគិរីវង់បានឱ្យដឹងថា ជនល្មើសដែលត្រូវ ប៉ូលិសចាប់ខ្លួនឈ្មោះ ប្រាក់ ចាប អាយុ៤៦ឆ្នាំ ជាកូនបង្កើតរបស់លោកតារងគ្រោះឈ្មោះ ប្រាក់ ជិន អាយុ៨៧ឆ្នាំ រស់នៅជាមួយគ្នាក្នុងភូមិឃុំខាងលើ ។ លោកអធិការនគរបាលស្រុកបានបន្តទៀតថា មុនកើតហេតុជនល្មើសជាកូនប្រុសម្នាក់ នេះប្រកបមុខរបរប៉ះកង់ម៉ូតូ អត់មានប្រពន្ធកូនទេ ហើយនៅពេលប៉ះកង់បានលុយ បន្តិចបន្តួចតែងតែផឹកស្រាស្រវឹងមិនដែលខាន ។ លុះត្រឡប់មកដល់ផ្ទះវិញតែងតែរករឿងឪពុក បងប្អូនដែលរស់នៅក្នុងផ្ទះមិនឈប់ឈរ នៅពេលនោះឪពុកក៏បានស្តីបន្ទោស ហាមកុំឱ្យផឹកស្រាស្រវឹងរាល់ ថ្ងៃតទៅទៀត ។ គ្រាន់តែពាក្យប៉ុណ្ណឹង ជនល្មើសជាកូនក៏បានយកស្នប់ និងឆ្នាំងអ៊ុតប៉ះកង់គប់មកលើឪពុកបង្កើត របស់ខ្លួនបណ្តាលឱ្យបែកលលាដ៍ក្បាលរងរបួសជាទម្ងន់។ ភ្លាមៗនោះក្រុមគ្រួសារក៏បានបញ្ជូនជនរងគ្រោះ មកកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះ ប៉ុន្តែដោយសាររបួសធ្ងន់ពេកគាត់ក៏បានស្លាប់ទៅ ។

នៅចំពោះមុខប៉ូលិស ជនល្មើសបាននិយាយសារភាពថា រូបគេពិតជាបានយកស្នប់ និងឆ្នាំងអ៊ុតប៉ះកង់ម៉ូតូគប់សម្លាប់ ឪពុកបង្កើតរបស់ខ្លួនពិតប្រាកដមែន ដោយសារតែស្រវឹងស្រាជោកជាំរហូតវង្វេងស្មារតី ។ លោកវរសេនីយ៍ទោ សែម សុជាតិ នាយការិយាល័យព្រហ្មទណ្ឌ កម្រិតធ្ងន់ខេត្តបានឱ្យដឹងថា នៅថ្ងៃទី១៣ សីហា នេះយើងបានកសាងសំណុំរឿងគ្រប់គ្រាន់អស់ហើយ ដើម្បីបញ្ជូនខ្លួនជនល្មើស ដែលសម្លាប់ឪពុកឯងទៅសាលាដំបូងខេត្តកាត់ទោសតាមច្បាប់ ៕



ដោយ ៖លក្ខិណា

 ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]